ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រូក​វៀត​ណាម​នៅ​តែ​មាន​​​លួច​នាំ​ចូល​មក​កម្ពុជា​តាម​ច្រក​របៀង

15 ឆ្នាំ មុន

ខេត្ត​​ស្វាយ​រៀង ៖ ទោះ​បី​ជា​មាន​ការ​រឹត​បន្តឹង​ការ​នាំ​ជ្រូក​​ពី​ប្រទេស​ជិត​ខាង​ចូល​មក​កម្ពុជា​​យ៉ាង​​ណា​ក៏​ដោយ​ ​ក៏​នៅ​តែ​មាន​ឈ្មួញ​លួច​ដឹក​ជ្រូក​ពី​ប្រទេស​វៀត​ណាម ចូល​មក​កម្ពុជា​តាម​ចក្រ​​របៀង​នានា​ដែរ នៅ​ខេត្ត​ស្វាយ​រៀង ​ជាក់​ស្តែង​​កាល​ពីវេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ មីនា កន្លង​មក​នេះ សមត្ថ​កិច្ច​​ការិយា​ល័យ​ផលិត​កម្ម និង​បសុ​ព្យា​បាល​ខេត្ត​ស្ទាក់​ចាប់​បាន​​ជ្រូក​ចំនួន​៩​ក្បាល ​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​១​ខាង​លិច​ផ្សារ​​ប្រសូត​ចម្ងាយ​​ប្រមាណ​​​១​គីឡូ​ម៉ែត្រ ​ស្ថិត​ក្នុង​​ភូមិ​សាម​គ្គី ​សង្កាត់​ស្វាយ​​តឿ ក្រុង​ស្វាយ​រៀង ខណៈ​ឈ្មួញ​ដឹក​តាម​ម៉ូតូ​​ពី​ព្រំ​ដែន​មក​កាន់​ក្រុង​ស្វាយ​រៀង។

ទាក់​ទិន​​នឹង​​ករណី​ខាង​លើ​ អាជីវ​ករ​ឈ្មោះ​ផេង សំអាន អាយុ​៣២​ឆ្នាំ ​នៅ​ភូមិ​ព្រៃ​ត្រុំ ឃុំ​ញរ ស្រុក​កំពង់​រោទ៍ ​បាន​និយាយ​ថា រូប​គាត់​និង​អ្នក​ភូមិ​២​នាក់ បាន​រក​ស៊ី​ទិញ​ជ្រូក​តាម​ផ្ទះ​យក​មក​លក់​ឱ្យ​ថៅកែ​ជ្រូក​នៅ​​ក្រុង​ស្វាយ​​រៀង​ និង​ដឹក​បន្ត​ទៅ​​ភ្នំពេញ ​ដោយ​ឡែក​​នៅ​ថ្ងៃ​​​ទី​​២៥ មីនា រូប​គាត់​​រួម​ជា​មួយ​ឈ្មោះ​ម៉ី វិត អាយុ​៣៦​ឆ្នាំ ​និង​ឈ្មោះ​សុខ ឡូ អាយុ​៣១​ឆ្នាំ បាន​ទៅ​ទិញ​ជ្រូក​របស់​ឈ្មោះ​​តាក់ អាយុ​៣៤​ឆ្នាំ ​នៅ​ភូមិ​ថ្មី ឃុំ​ខ្សែ​​ត្រ ស្រុក​កំពង់​រោទ៍ ចំនួន​​៩​ក្បាល សរុប​៤៩០​គីឡូ​ក្រាម ​តម្លៃ​១​គីឡូ​ក្រាម​៧.៥០០​រៀល ​​អស់​ទឹក​ប្រាក់​ចំនួន​៣.៦៧៥.០០០​រៀល ​មិន​ទាន់​ឱ្យ​លុយ​ម្ចាស់​ជ្រូក​ទេ ​គឺ​ទាល់​​តែ​​យក​មក​លក់​ឱ្យ​ថៅកែ​​ហើយ​ទើប​យក​ប្រាក់​ឱ្យ​ម្ចាស់​ជ្រូក។ លុះ​ដឹក​​មក​ដល់​ភូមិ​​សាមគ្គី ក៏​ជួប​នឹង​​លោក​ប្រធាន​​ការិយា​ល័យ​​ផលិត​កម្ម​ ​និង​បសុព្យា​បាល​​ខេត្ត​ស្ទាក់​ចាប់​​ជ្រូក​ទាំង​៩​ក្បាល​ដាក់​លើ​រថយន្ត​​នាំ​យក​មក​កាន់​ការិយា​ល័យ​ផលិ​ត​កម្ម និង​បសុ​ព្យា​បាល​ខេត្ត ហើយ​​​ត្រូវ​ងាប់​អស់​​ជ្រូក​១​ក្បាល ​យក​ទៅ​កប់​ចោល​​នៅសល់​៨​ក្បាល ទុក​ក្នុង​ទ្រុង ដើម្បី​បូម​ឈាម​យក​ទៅ​ពិនិត្យ​នៅ​មន្ទីរ​​ពិសោធន៍​​​នៅ​នាយក​ដ្ឋាន​ផលិត​កម្ម និង​បសុ​ព្យា​បាល​ក្រសួង​កសិ​កម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ​។ ការ​យក​ឈាម​​ទៅ​ពិនិត្យ​​នេះ គឺ​រយៈ​ពេល​២១​ថ្ងៃ ទើប​ដឹង​លទ្ធ​ផល​ បើ​គ្មាន​ជំងឺ​​ ទើប​ប្រគល់​ឱ្យ​​​វិញ បើ​ដូច្នេះ​មែន​ជ្រូក​ប្រហែល​ជា​ត្រូវ​ងាប់​ជា​បន្ត​បន្ទាប់​ដែល​ពួក​គាត់​ពិត​ជា​ខាត​ឡុង​ចុង​ហើយ ។

​ក្រុម​ប្រជា​ពល​រដ្ឋ​បាន​ត្អួញ​ត្អែរ​ថា បច្ចុ​ប្បន្ន​មាន​ការ​ពិបាក​ខ្លាំង​ណាស់​​ ចិញ្ចឹម​ជ្រូក​​​​១​ក្បាល​២​ក្បាល បើ​ត្រូវ​ការ​លក់​គឺ​ត្រូវ​សុំ​ច្បាប់​​ពី​លោក​មេ​ភូមិ មេ​ឃុំ​និង​​ការិយា​ល័យ​ពេទ្យ​សត្វ​ស្រុក​ ទើប​​លក់​បាន​ ត្រូវ​ការ​ចំណាយ​ពេល​​វេលា​ និងលុយ​កាក់​ច្រើន​។ ​បើ​លក់​មិន​បាន​​សុំ​ច្បាប់​បើ​ជួប​ពេទ្យ​សត្វ​គេ​ចោទ​ថា ជ្រូក​យួន​ត្រូវ​គេ​ចាប់ បើ​ងាប់​​ត្រូវ​​គេ​ឱ្យ​កប់​ចោល តែ​បើ​​ថៅ​កែ​ជ្រូក​ធំៗ ហើយ​មិន​ថា ជ្រូក​ក្រហម​ ជ្រូក​យួន​ទេ គេ​​ដឹក​​ពេញៗ​រថយន្ត​​សុទ្ធ​​សឹង​អះ​អាង​ថា ​មាន​ច្បាប់ រីឯ​អ្នក​រក​ស៊ី​តូច​តាច​មួយ​ក្បាល​​​ពីរ​ក្បាល​គេ​ចោទ​ថា ដឹក​ជ្រូក​ខុស​ច្បាប់ ។

​លោក​សុខ សុទ្ធា​វុធ ប្រធាន​ការិយា​ល័យ​​​ផលិត​កម្ម និង​បសុ​ព្យា​បាល​ខេត្ត​ បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា មន្ទីរ​កសិ​កម្ម​ខេត្ត​បាន​បង្កើត​ក្រុម​ការ​ងារ​ចម្រុះ​​ធ្វើ​ការ​ជា​ប្រចាំ ដើម្បី​តាម​ដាន​ត្រួត​ពិនិត្យ​ និង​ចាត់​​វិធាន​ការ​បង្ក្រាប​បទ​ល្មើស​ដែល​ឈ្មួញ​នាំ​សត្វ​ចេញ-ចូល និង​ឆ្លង​កាត់​​ដើម្បី​​ទប់​ស្កាត់​​ការ​រីក​រាល​ដាល​ជំងឺ​​ឆ្លង​ ។ សកម្ម​ភាព​នេះ​គឺ​​បាន​សហ​ការ​​ជា​មួយ​អាជ្ញា​ធរ​មូល​ដ្ឋាន និង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ តាម​ដាន​ត្រួត​ពិនិត្យ​​ទប់​ស្កាត់​បទ​ល្មើស​​ចរាចរណ៍​សត្វ និង​​ផលិត​ផល​មាន​ដើម​កំណើត​​ពី​​សត្វ​ឆ្លង​កាត់​ ធ្វើ​អាជីវ​កម្ម​សត្វ តាម​ទី​សត្ត​ឃាត​ដ្ឋាន ​និង​តាម​កន្លែង​កែ​ច្នៃ​​​ដើម្បី​សុវត្ថិ​ភាព​​សុខុមាល​ភាព​ប្រជា​ពល​រដ្ឋ​ ។

លោក​សុខ សុទ្ធា​វុធ ​បាន​បន្ត​ទៀត​ថា ចំណែក​តាម​ការ​ត្រួត​ពិនិត្យ​​​ឃើញ​ថា អាជីវ​ករ​ដឹក​ជ្រូក​តាម​ម៉ូតូ​៣​គ្រឿង ​ជ្រូក​៩​ក្បាល ពុំ​មាន​ច្បាប់​​ធ្វើ​ចរា​ចរណ៍​សត្វ​ពី​មេ​ភូមិ ភ្នាក់ងារ​ពេទ្យ​សត្វ​​ឃុំ​ ស្រុក ទើប​មាន​ការ​សង្ស័យ​ត្រូវ​ចាប់​ឃាត់ ដើម្បី​ត្រួត​ពិនិត្យ​។ មុន​ដឹក​ជ្រូក​​ចេញ​ពី​ទ្រុង​តាម​ផ្ទះ​ ម្ចាស់​ជ្រូក​​ត្រូវ​ជូន​ដំណឹង​ទៅ​​លោក​​​មេ​ភូមិ​ ហើយ​មេ​ភូមិ​​ទូរស័ព្ទ​ឱ្យ​មន្ត្រី​ពេទ្យ​សត្វ​​ស្រុក​មក​ពិនិត្យ​ដល់​ទ្រុង​តាម​ផ្ទះ រួច​ចេញ​​លិខិត​អនុ​ញ្ញាត​ឱ្យ​ធ្វើ​ចរា​ចរណ៍​សត្វ​បាន​។ ​​​ក្រុម​សមត្ថ​កិច្ច​ពេទ្យ​សត្វ​ចេញច្បាប់​ឱ្យ​ត្រឹម​តែ​ម៉ោង​៣​រសៀល ​ទេ ឯ​លើស​ពី​ម៉ោង​៣​​រសៀល​ទៅ​ពេទ្យ​សត្វ​ឈប់​ចេញ​ច្បាប់​​​ឱ្យ​​ហើយ​ ហើយ​បើ​​ធ្វើ​ចរា​ចរណ៍​សត្វ​ពុំ​មាន​ច្បាប់​អនុ​​ញ្ញាត​​​មាន​ការ​សង្ស័យ​ត្រូវ​តែ​​ឃាត់​ទុក ដើម្បី​ពិនិត្យ​សុខ​ភាពសត្វ ដោយ​​បូម​ឈាម​យក​ទៅ​ពិនិត្យ​នៅ​មន្ទីរ​ពិសោធន៍​​​នៅ​ភ្នំពេញ គឺ​មាន​រយៈ​ពេល​២១​ថ្ងៃ ទើប​ដឹង​លទ្ធ​ផល។ ​ដូច្នេះ​ដើម្បី​​កុំ​ឱ្យ​មាន​ការ​រាំង​ស្ទះ ​​អ្នក​រក​ស៊ី ឬ​ម្ចាស់​ជ្រូក​ត្រូវ​តែ​ផ្តល់​ព័ត៌​មាន​ឱ្យ​ពេទ្យ​សត្វ​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​ចិញ្ចឹម​​ ទើប​ចេញ​ច្បាប់​​ឱ្យ ។ ​ចំពោះ​ប្រជា​ពល​រដ្ឋ​នៅតែ​មាន​ចម្ងល់​ថា ជ្រូក​ដែល​នាំ​​​ពី​ប្រទេស​វៀត​ណាម​ចូក​មក​កម្ពុជា​គឺ​ឆ្លង​កាត់​​តាម​ច្រក​របៀង​ព្រំ​ដែន​ដែល​មាន​សមត្ថ​កិច្ច​ចម្រុះ​​​យាម​កាម​យ៉ាង​តឹង​រ៉ឹង ​ហេតុ​អ្វី​នៅ​តែ​មា​ន​ជ្រូក​ចូល​មក​ដល់​ក្រុង​ស្វាយ​រៀង មិន​ចាប់​ឯ​ព្រំ​ដែន​កុំ​ឱ្យ​នាំ​ចូល​? បច្ចុ​ប្បន្ន​​ ប្រជា​ពល​រដ្ឋ​ចិញ្ចឹម​​ជ្រូក​​​​ឱ្យ​ស៊ីបាយ​​​ស្រា គឺ​មាន​សម្បុរ​ក្រហម​ដូច​ជ្រូក​វៀត​​ណាម​ដែរ ៕