EBA ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់ ស្រាប់តែ​កម្ពុជា​ទទួល​បានការ អនុគ្រោះ​ពន្ធ​ទំនិញ ៤៦​មុខ​ទៅ​កាន់​ប្រទេស​ជា​សមាជិក EAEU


រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​កម្ពុជា​កំពុង​តែ​ប្រឈម​នឹង​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ (EBA) ស្រាប់តែ​កម្ពុជា​បាន​សម្រេច​បាន​ជោគជ័យ​នូវ​ការ​ចរចារ​ថ្មី​មួយ ដែល​បើកផ្លូវ​ថ្មី​មួយ​សម្រាប់​កម្ពុជា អាច​នាំ​ចេញ​ទំនិញ​និង​ផលិតផល​ចំនួន​៤៦​មុខ ទៅ​កាន់​ប្រទេស​ជា​សមាជិក​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី ចំនួន​៥ ដែល​មាន​ប្រជាជន​ចំនួន​ជាង ១៨០ លាន​នាក់ ។

លោក​ឧកញ៉ា លឹ​ម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ ខែមីនា នេះ​ថា តាម​រយៈ​សិក្ខាសាលា​ស្តី​ពី «​ការ​ផ្សព្វផ្សាយ​ភាព​អនុគ្រោះ​ព​ន្ឋ លើ​មុខទំនិញ​ដែល​កម្ពុជា​ទទួល​បាន​ពី​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប អាស៊ី (EAEU)» ធ្វើ​ឡើង​នា​ថ្ងៃ​ទី ២១ ខែមីនា ម្សិលមិញ​នេះ យើង​បានដឹង​ថា​ប្រទេស​ចំនួន​៥ ដែល​ជា​សមាជិក​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី បាន​អនុញ្ញាត្ត​ឲ្យ​កម្ពុជា​នាំ​ចេញ​ដោយ​រួច​ព​ន្ឋ​នូវ​មុខទំនិញ​ជា​ច្រើន​ប្រភេទ ដូច​ជា ផលិតផល​កសិកម្ម អង្ករ កៅស៊ូ សម្ភារៈ​ប្រើប្រាស់ និង​ផលិតផល​វាយ​ណ​ភ័​ណ្ឌ​កាត់ដេរ និង​ស្បែកជើង​ជាដើម​។ ទីផ្សារ​អន្តរជាតិ​ថ្មី សម្រាប់​ការ​នាំ​ចេញ​ផលិតផល​និង​ទំនិញ​ផ្សេង​ៗ​ពី​កម្ពុជា​ទៅ​ក្នុង​សហគមន៍​អឺរ៉ុប​អាស៊ី រួម​មាន ប្រទេស​រុ​ស្ស៊ី ប្រទេស បេឡា​រ៉ុ​ស ប្រទេស​កា​ហ្សា​ក់​ស្ថាន ប្រទេស​អា​មេ​នី និង កៀ​ហ្ស៊ី​ស៊ី​ស្ថាន ។

លោក​ឧកញ៉ា លឹ​ម ហេង មាន​ប្រសាសន៍​បញ្ជាក់​ថា «​ការ​ពិត​ប្រទេស​ទាំងនោះ ជាទី​ផ្សារ​កម្ពុជា​ធ្លាប់​នាំ​ចេញ​រួច​ហើយ ប៉ុន្តែ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ស្ថិត​នៅ​មាន​ក្នុង​កម្រិត​នៅ ឡើយ ហេតុនេះ​ទើប​យើង​ជំរុញ​ឲ្យ​វិស័យ​ឯកជន ពង្រីក​ទីផ្សារ​ទៅ​កាន់​ប្រទេស​ទាំងនោះ​» ។​លោក បន្ត​ថា «​ការ​ពិត​ប្រទេស​ទាំងនោះ​បាន​អនុញ្ញាត្ត​ឲ្យ​យើង​នាំ​ចេញ​ទំនិញ​រាប់​ម៉ឺន​មុខ ប៉ុន្តែ​ការ​នាំ​ចេញ​ត្រូវ​បង់​ព​ន្ឋ​តាម​ការ​កំណត់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក តែ​ព​ន្ឋ​មាន​កម្រិត​ទាប​ប៉ុណ្ណោះ​» ។

ក្រោយ​ពី​ការ​ចរចារ​ទទួល​បាន​ជោគជ័យ​សម្រាប់​ការ​អនុគ្រោះ​ពន្ធ​នូវ​មុខទំនិញ​ជាង​៤០​មុខ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប អាស៊ី ដែល​មាន​ប្រទេស​ធំ​ៗ​ចំនួន​ប្រាំ កម្ពុជា​ក៏​បាន​ផ្សព្វផ្សាយ​ដល់​បណ្ដា​វិនិយោគិន​និង​ផលិត​ក្នុងស្រុក ដើម្បី​ពង្រីក​ការ​ផលិត​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ថ្មី​នេះ ស្រប​ពេល EBA កំពុង​ស្ថិត​នៅ​ភាព​មិន​ច្បាស់លាស់ ។
នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ក្នុងស្រុក​ជា​ច្រើន កាលពី​ព្រឹក​ថ្ងៃ​ទី​២១ មីនា ២០១៩​នេះ លោក​ជំទាវ តឹក រ៉េ​ត​កម្រង រដ្ឋ លេខាធិការ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​មាន​ប្រសាសន៍​ថា វា​ជា​ឱកាស និង​សក្ដានុពល​ថ្មី​មួយ​សម្រាប់​ទំនិញ​កម្ពុជា នៅ​លើ​ទីផ្សារ​អន្តរជាតិ ដែល​សហគមន៍​អាស៊ី អឺរ៉ុប បាន​ផ្ដល់​មក​អោយ​កម្ពុជា ។ លោក​ជំទាវ​មាន​ប្រសាសន៍​ថា​៖ « នៅ​ពេល​ដែល​យើង​បាន​ចរចារ​សម្រេច​ហើយ ដែល​គេ​បាន​ផ្ដល់​នូវ​ការ​អនុគ្រោះ​ពន្ធ​មក​លើ​កម្ពុជា ដូច្នេះ​ការងារ​បន្ត​ទៀត​នោះ គឺជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​វិស័យ​ឯកជន​ម្ដង ថា​តើ​ពួក​គាត់​ធ្វើ​បាន​ជោគជ័យ​ប៉ុនណា និង​អាច​មាន​សមត្ថភាព នាំ​ចេញ​បាន​ប៉ុនណា » ។

លោក​ជំទាវ តឹក រ៉េ​ត​កម្រង បាន​ពន្យល់​ឲ្យ​ដឹង​ថា ទីផ្សារ​ថ្មី​នេះ មាន​លក្ខណៈ​ខុស​ពី EBA ត្រង់​ថា EBA ជា​ការ​អនុគ្រោះ​ពន្ធ​គ្រប់មុខ​ទំនិញ លើកលែង​អាវុធ តែ​សម្រាប់​ការ​អនុគ្រោះ​ពន្ធ ដែល សហគមន៍​អឺរ៉ុប​អាស៊ី ផ្ដល់​ជូន​នៅ​ពេល​នេះ គឺ​មានមុខ​ទំនិញ​តែ​៤៦​មុខ​ប៉ុណ្ណោះ ដែល​រួម​មាន អង្ករ គ្រាប់​ធញ្ញជាតិ​មួយ​ចំនួន ត្រី​សាច់ សម្លៀក​បំពាក់ ស្បែកជើង ស្រោមដៃ​ស្រោមជើង និង​កន្សែង​ជាដើម ដែល​ទំនិញ​ទាំង​អស់នេះ ក៏​បាន​នាំ​ចេញ​រួច​ទៅ​ហើយ ។ លោក​ជំទាវ មាន​ប្រសាសន៍​បន្ត​ថា « ពេល​នេះ យើង​ចង់អោយ​វិស័យ​ឯកជន​ត្រូវ​ពង្រឹង​និង​ពង្រីក​សក្ដា​ពល​បន្ថែម​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ទាំងនោះ ក្នុង​ពេល​ដែល​គេ​បាន​ផ្ដល់​ឱកាស​ដល់​យើង » ។ លោក​ជំទាវ តឹក រ៉េ​ត​កម្រង បន្ថែម​ថា ក្នុង​បណ្ដា​ប្រទេស​ដែល​ស្ថិត​នៅ​ក្នុង​សហគមន៍​អឺរ៉ុប​អាស៊ី សុទ្ធសឹងតែ​ជា​ប្រទេស​ធំ​ៗ និង​មាន​ប្រជាជន​សរុប​ប្រមាណ​១៨០​លាន​នាក់ ព្រមទាំង​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​ៗ​ផង​ដែរ ជាក់ស្ដែង​ក្នុង​មួយ​ឆ្នាំ ចំណូល​របស់​ប្រជាជន​នៅ​បណ្ដា​ប្រទេស​ក្នុង​សហគមន៍​នេះ​មាន​រាប់​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ឯណោះ ហើយ​ក៏​ជា​ប្រទេស​ដែល​មាន​តម្រូវការ​នូវ​ផលិតផល​របស់​ប្រទេស​កម្ពុជា​ផង​ដែរ ។

លោក​ជំទាវ​បញ្ជាក់​ថា ការ​អនុគ្រោះ​ពន្ធ​នេះ គឺ​ធ្វើ​ឡើង​ដោយសារ​តែ​គេ​គិត​ថា​ប្រទេស​កម្ពុជា ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​អភិវឌ្ឍន៍​តិចតួច ដូច្នេះ នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​រួច​ផុត​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច នោះ​ការ​អនុគ្រោះ​ពន្ធ​នោះ នឹង​ត្រូវ​ដាច់​ដោយ​ស្វ័យប្រវត្តិ ។ ជុំវិញ​បញ្ហា​ដែល​ថ្នាក់ដឹកនាំ​ក្រសួង ពាណិជ្ជ កម្ម ចង់អោយ​វិស័យ​ឯកជន​ត្រូវ​ពង្រឹង​និង​ពង្រីក​សក្ដានុពល​បន្ថែម​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មួយ​នេះ លោក​ឧកញ៉ា លឹ​ម ហេង មាន​ប្រសាសន៍​ផង​ដែរ​ថា អ្វី​ដែល​វិស័យ​ឯកជន​ប្រឈម​នឹង​ការ​ប្រកួតប្រជែង​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ គឺ​បញ្ហា​ថ្លៃដើម នៅ​ខ្ពស់ ក៏​ប៉ុន្តែ​កន្លង​មកនេះ រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​នូវ​ដំណោះស្រាយ​មួយ​ចំនួន​ហើយ​ផង​ដែរ ដល់​វិស័យ​ឯកជន ដូច​ជា​ការ​ដក​ស្ថាប័ន​មួយ​ចំនួន កាំសាប កាំ​ង​កុងត្រូល​នៅ​តាម​ព្រំដែន​ជាដើម ។

លោក បន្ត​ថា « បញ្ហា​មួយទៀត​ដែល​វិស័យ​ឯកជន​តែងតែ​រអ៊ូ​នោះ​គឺ​បញ្ហា​ដឹក​ជញ្ជូន តែ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​សម្ពោធ​ផ្លូវ​ល្បឿន​លឿន​មួយ ពី​ភ្នំពេញ​-​ព្រះ​សីហ​នុ ដូច្នេះ​នៅ​ពេល​ផ្លូវ​នេះ​រួចរាល់ វា​នឹង​កាត់​បន្ថយ​នូវ​ការ​ចំណាយ​តាម​ថ្លៃ​ដឹក​ជញ្ជូន​ផង​ដែរ » ។
លោក​ឧកញ៉ា​លឹ​ម ហេង បាន​បន្ត​ថា លក្ខ​ខ័​ណ្ឌ​នៃ​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ទាំង​៥​នោះ មាន​ភាព​ដូច​គ្នា​នឹង​លក្ខ​ខ័​ណ្ឌ​នៃ EBA ដែល​នាំ​ចេញ​ទៅ​អឺរ៉ុប​ផង​ដែរ មាន​ន័យ​ថា​នៅ​ពេល​ប្រទេស​យើង​មាន​ប្រាក់​ចំណូល​កាន់តែ​ខ្ពស់ ការ​លើកលែង​ព​ន្ឋ​ទាំងនោះ​នឹង​ត្រូវ​បញ្ចប់​ដោយ​ស្វ័យប្រវត្តិ​។ លោក​បន្ត​ថា ប្រសិនជា​កម្ពុជា​ត្រូវ​ដក EBA ក៏​ដោយ កម្ពុជា​នឹង​មានឱកាស​នាំ​ចេញ​ដោយ​រួច​ព​ន្ឋ​ទៅ​កាន់​អឺរ៉ុប​នា​ពេល​អនាគត​ផង​ដែរ ព្រោះ​បច្ចុប្បន្ន​អាស៊ាន និង​អឺរ៉ុប​កំពុង​ច​ចារ​ក្នុង​ការ​នាំ​ចេញ ក្រោម​ប្រ​ព័​ន្ឋ​អនុគ្រោះ
ព​ន្ឋ​លើ​គ្រប់មុខ​ទំនិញ​លើកលែងតែ​អាវុធ (EBA) ផង​ដែរ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ