ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ចរចា​ពាណិជ្ជកម្ម​អា​មេ​រិ​ក​នឹង​ត្រលប់​ទៅ​ប្រទេស​ចិន​នៅ​ស​ប្តា​ហ៍​ក្រោយ

5 ឆ្នាំ មុន

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​៖ មន្ត្រី​រដ្ឋាភិបាល​ថ្នាក់ខ្ពស់​ម្នាក់​បាន​ប្រាប់​ដល់​សារព័ត៌មាន AFP កាលពី​ថ្ងៃ​អង្គា​រ៍​កន្លង​មក​ថា អ្នកតំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក​គឺ​លោក Robert Lighthizer និង​រដ្ឋមន្ត្រី​រតនាគារ Steven Mnuchin…

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​៖ មន្ត្រី​រដ្ឋាភិបាល​ថ្នាក់ខ្ពស់​ម្នាក់​បាន​ប្រាប់​ដល់​សារព័ត៌មាន AFP កាលពី​ថ្ងៃ​អង្គា​រ៍​កន្លង​មក​ថា អ្នកតំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក​គឺ​លោក Robert Lighthizer និង​រដ្ឋមន្ត្រី​រតនាគារ Steven Mnuchin នឹង​ត្រលប់​ទៅ​កាន់​ប្រទេស​ចិន​វិញ​នៅ​ស​ប្តា​ហ៍​ក្រោយ ខណៈ​ដែល​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​ឈាន​ចូល​ដំណាក់កាល​មួយទៀត​ក្នុង​ការ​ដោះស្រាយ​សង្គ្រាម​ពាណិជ្ជកម្ម ។ វា​ជា​មុខសញ្ញា​បង្ហាញ​ពី​ដំណើរការ​ទៅ​មុខ​នៃ​ការ​ចរចា​បន្ទាប់​ពី​បាន​បន្ត​អស់​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍​មក​ហើយ ។

សារព័ត៌មាន The Wall Street Journal បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គា​រ៍ មក​ដែរ​ថា បន្ទាប់​ពី​ការ​ចរចា​ក្នុង​ប្រទេស​ចិន បេសកជន​ពាណិជ្ជកម្ម​របស់​ប្រទេស​ចិន​គឺ​លោក Liu He នឹង​ត្រលប់​ទៅ​សហរដ្ឋអាមេរិក​នៅ​ស​ប្តា​ហ៍​បន្ទាប់​។

លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ប្រាប់​ដល់​សារព័ត៌មាន​កាលពី​ថ្ងៃ​អង្គា​រ៍ដែ​រថា​ការ​ចរចា​បាន​ដំណើរការ​យ៉ាង​រលូន ប៉ុន្តែ​លោក​ក៏​បាន​និយាយ​កាលពី​ស​ប្តា​ហ៍​មុន​ដែរ​ថា​លោក​មិន​ប្រញាប់​ក្នុង​ការ​សម្រេច​កិច្ចព្រមព្រៀង​ទេ​។

កាលពី​ថ្ងៃ​សុក្រ កន្លង​មកនេះ សភាជាតិ​របស់​ប្រទេស​ចិន​បាន​អនុម័ត​ច្បាប់​វិនិយោគ​បរទេស​ដើម្បី​បង្កើន​ការ​ការពារ​កម្មសិទ្ធិបញ្ញា ប៉ុន្តែ​អាជីវកម្ម​បរទេស​បាន​និយាយ​ថា​ពួក​គេ​មិន​ទទួល​បាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​ផ្តល់​យោបល់​ឡើយ​។

ច្បាប់​ថ្មី​នេះ​នឹង​លុប​បំបាត់​រាល់​លក្ខខណ្ឌ​សម្រាប់​សហគ្រាស​បរទេស​ក្នុង​ការ​ផ្ទេរ​បច្ចេកវិទ្យា​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន និង​ការពារ​ពួក​គេ​ពី​ការ​លូកដៃ​ចូល​ពី​រដ្ឋាភិបាល​ផង​ដែរ​។

មន្ត្រី​តំណាង​សហរដ្ឋអាមេរិក​កំពុង​តែ​ទាមទារ​ការ​ផ្លាស់​ប្តូរ​ជា​ច្រើន​នៃ​គោលនយោបាយ​ឧស្សាហកម្ម​របស់​ប្រទេស​ចិន​ដែល​រួម​មាន​បញ្ឈប់​ការ​លូកដៃ​ចូល​ទីផ្សារ​ដោយ​រដ្ឋាភិបាល ការ​ផ្តល់​ឧបត្ថម្ភ​ធន និង​ការ​ចោទប្រកាន់​ពី​បទ​លួច​បច្ចេកវិទ្យា​អា​មេ​រិ​ក​ជាដើម​។

ប្រទេស​ចិន​បាន​យល់ព្រម​បង្កើន​ការ​ទិញ​ផលិតផល​អា​មេ​រិ​ក​ដូច​ជា​ថាមពល និង​សណ្តែកសៀង ប៉ុន្តែ​អ្នកវិភាគ​បាន​និយាយ​ថា​ពួក​គេ​នឹង​ស្ទាក់ស្ទើរ​ក្នុង​ការ​សម្រប​តាម​តម្រូវការ​របស់​អា​មេ​រិ​ក​ព្រោះ​វា​អាច​ប៉ះពាល់​ដល់​អំណាច​របស់​គណបក្ស​ក្នុង​ប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ