រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋជួយចាប់ប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលទំនប់ទឹកធ្វើការសាកសួរ ពបន្ទាប់ពីជនសង្ស័យរូបនោះបានធ្វើសកម្មភាពឆក់យកទូរស័ព្ទពីនារីម្នាក់ ដែលកំពុងតែជិះម៉ូតូកង់បីឥណ្ឌាបានសម្រេច ។ ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ចំនុចស្តុបកៅដាយ ផ្លូវ២០៥ កែង និងផ្លូវម៉ៅសេងទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
ជនសង្ស័យមានឈ្មោះ ស៊ុំ ឆេងហ៊ុយ អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៣៣៨ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ជាអ្នកធ្វើសកម្មភាព ចំនែកអ្នកបើកម៉ូតូបានអោយដឹងឈ្មោះថា យ៉ា បានរត់គេខ្លួនបាត់ ។ ដោយឡែកនារីរងគ្រោះសុំមិនបញ្ចេញឈ្មោះ ហើយទូរស័ព្ទដែលជនសង្ស័យឆក់យកទៅ គឺម៉ាក iphone X Max តម្លៃ១៦០០ដុល្លារ ។
បើតាមអ្នកបើកកង់បីឥណ្ឌាបានអោយដឹងថា មុនពេលកើតហេតុរូបគាត់បានដឹកស្ត្រីរងគ្រោះពីម្តុំទឹកថ្លា ខណ្ឌសែនសុខ គោលបំណងមកម្តុំទួលស្វាយព្រៃដោយបានធ្វើដំណើរតាមផ្លូវម៉ៅសេងទុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំនុចកើតហេតុក៏ស្រាប់តែមានជនសង្ស័យ២នាក់បានជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក មកធ្វើសកម្មភាពឆក់ទូរស័ព្ទម៉ាក iphone X Max របស់ស្ត្រីរងគ្រោះដែលកំពុងតែកាន់ជាប់ និងដៃបានសម្រេច រួចហើយក៏បានបន្ថែមល្បឿនម៉ូតូរត់តែភ្លាមនោះដែរ ស្ត្រីរងគ្រោះបានស្រែកថា ចោរៗផ្អើលតគ្នាប្រមាណ៥០ម៉ែត្រក៏បានបងប្អូនប្រជាពលរដ្ឋជួយដេញចាប់បានជនសង្ស័យដែលអង្គុយខាងក្រោយបានម្នាក់ ហើយនាំគ្នាស្វាគមន៍ម្នាក់មួយដៃមួយជើង រួចទើបប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលទំនប់ទឹកធ្វើការសាកសួរ ចំនែកបក្សពួកជនសង្ស័យជាអ្នកបើកក៏បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យរូបនោះបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពឆក់យកទូរស័ព្ទបស់ជនរងគ្រោះពិតប្រាកដមែន ហើយទូរស័ព្ទដែលឆក់បានត្រូវបានបាត់ នៅពេលបងប្អូនប្រជាពលរដ្ឋចាប់បាន ។ ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង ចំនែកជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំនុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមនីតិវិធីជាបន្តទៀត ៕
ចែករំលែកព័តមាននេះ