ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​ទស្សនៈកិច្ច​ពង្រឹង​ប្រតិបត្តិការ​រវាង​សភា​កម្ពុជា​-​សភា​វៀតណាម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បំពេញ​ទស្សនៈកិច្ច​ជា​ផ្លូវការ ដើម្បី​ស្វែងរក​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ពង្រឹងពង្រីក​ទំនាក់ទំនង​រវាង​សភា​កម្ពុជា និង​សភា​វៀតណាម ។ តប​តាម​ការ​អញ្ជើញ​របស់​លោកស្រី តុង​ធិ​ហ្វុ​ង (Tong…

រាជធានី​ភ្នំពេញ ៖ គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បំពេញ​ទស្សនៈកិច្ច​ជា​ផ្លូវការ ដើម្បី​ស្វែងរក​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ពង្រឹងពង្រីក​ទំនាក់ទំនង​រវាង​សភា​កម្ពុជា និង​សភា​វៀតណាម ។ តប​តាម​ការ​អញ្ជើញ​របស់​លោកស្រី តុង​ធិ​ហ្វុ​ង (Tong Thi Phong) អនុប្រធាន​រដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម លោកស្រី ឃួ​ន សុ​ដា​រី អនុប្រធាន​ទី​២​នៃ​រដ្ឋសភា កាលពី​ល្ងាច​ថ្ងៃ​ទី​២១ ខែមីនា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព​នៅ​ទីក្រុង ហាណូយ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ចាប់ពី​ថ្ងៃ​ទី​២១​ដល់​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ ២០១៩ ។

ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ពង្រឹងពង្រីក​ចំណងមិត្តភាព​សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ពិសេស​រវាង​រដ្ឋសភា ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត ។ នៅ​ក្នុង​កំឡុង​ដំណើរ​ទស្សនកិច្ច​នេះ​គណៈប្រតិភូ ជាន់ខ្ពស់​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ចូល​ជួប​សម្តែង​ការ​គួរសម​ជាមួយ​ថ្នាក់ដឹកនាំ​សំខាន់​ៗ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​មាន​ជំនួប​ទ្វេភាគី​រវាង​រដ្ឋសភា​ប្រទេស​ទាំង​ពីរ ។

សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​បានឱ្យ​ដឹង​ថា គណៈប្រតិភូ​រដ្ឋសភា​កម្ពុជា​គ្រោង​ជួប​សម្តែង​ការ​គួរសម​ជាមួយ​លោកស្រី​ង្វៀ​ន ធិ​គិ​ម​ងិ​ន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​ថ្នាក់ដឹកនាំ​សំខាន់​ៗ​ផ្សេង​ទៀត នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។ ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោកស្រី តុង​ធិ​ហ្វុ​ង (Tong Thi Phong) អនុប្រធាន​រដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។

ជំនួប​ពិភាក្សា​ទ្វេភាគី​រវាង​លោក​ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​សហប្រតិបត្តិការ​អន្តរជាតិ​ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា​កម្ពុជា និង​លោក​ង្វៀ​ន វ៉ា​ន់ ហ្គូ (Nguyen Van Giau) ប្រធាន​គណៈកម្មាធិការ​កិច្ចការបរទេស​នៃ​រដ្ឋសភា​វៀតណាម ។ ជំនួប​ពិភាក្សា ទ្វេភាគី​រវាង​លោក​ឡេ​ង ប៉េង​ឡុ​ង អគ្គលេខាធិការ​រដ្ឋសភា​កម្ពុជា និង​លោក​ង្វៀ​ន​ហា​ញ់​ហ្វុ​ក អគ្គលេខាធិការ និង​ជា​ប្រធាន​ខុទ្ទកាល័យ​រដ្ឋសភា​វៀតណាម ។

ក្រៅពី​នេះ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​នឹង​អញ្ជើញ​ទៅ​ទស្សនា តំបន់កសិឧស្សាហកម្ម​មួយ​នៅ​ទីក្រុង​ហាណូយ ឬ​ខេត្ត​ជិតខាង និង​ទស្សនា​តំបន់​ប្រវត្តិសាស្ត្រ នៅ​ខេត្ត​និ​ញ​ប៊ិ​ញ (Ninh Binh) ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ