ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​អង្កេត​បឋម​ ៖ លុយ​ដុល្លារ​អា​មេ​រិ​ក​កំពុង​ត្រូវប្រើប្រាស់​ច្រើន​ជាងគេ​នៅ​ភ្នំពេញ​ និង​សៀមរាប

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​សិក្សា​ស្រាវជ្រាវ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា បាន​បង្ហាញ​ថា​ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ​នៅ​កម្ពុជា មាន​ច្រើន​ជាងគេ គឺ​នៅ​ក្រុងភ្នំពេញ​និង​ខេត្តសៀមរាប​រាប់​ទាំង​ការ​ទទួល​ប្រាក់​ចំណូល​និង​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ​បើ​ប្រៀបធៀប​ទៅ​តំបន់​ផ្សេង​ទៀត​នៅ​កម្ពុជា​តាម​រយៈ​ការ​អង្កេត​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០១៤​ដល់​២០១៧ ។ លោក សម វិចិត្រ…

រាជធានី​ភ្នំពេញ ៖ អ្នក​សិក្សា​ស្រាវជ្រាវ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា បាន​បង្ហាញ​ថា​ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ​នៅ​កម្ពុជា មាន​ច្រើន​ជាងគេ គឺ​នៅ​ក្រុងភ្នំពេញ​និង​ខេត្តសៀមរាប​រាប់​ទាំង​ការ​ទទួល​ប្រាក់​ចំណូល​និង​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ​បើ​ប្រៀបធៀប​ទៅ​តំបន់​ផ្សេង​ទៀត​នៅ​កម្ពុជា​តាម​រយៈ​ការ​អង្កេត​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០១៤​ដល់​២០១៧ ។

លោក សម វិចិត្រ (Sam Vichet) អ្នក​ស្រាវជ្រាវ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​លើក​ឡើង​ក្នុង​សិក្ខាសាលា​ស្តី​ពី «​លទ្ធផល​អង្កេត​បឋម​នៃ​គម្រោង​អង្កេត​ដំណាក់កាល​ទី​២»​ការ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ទី ១៩​មីនា នៅ​សណ្ឋាគារ​ភ្នំពេញ​ថា ការ​អង្កេត​បាន​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០១៤ យើង​ប្រមូល​ព័ត៌មាន​ទាំង​ប្រាក់​ចំណូល ប្រាក់​កម្ចី នៅ​តាម​តំបន់​នីមួយ​ៗ ឃើញ​ថា​ឥរិយា​បទ​នៃ​អ្នក​ប្រើប្រាស់​ខុស​គ្នា​នៃ​ការ​ប្រើប្រាស់​ប្រាក់​លុយ​ដុល្លារ​។​ពិសេស​អ្នក​រស់នៅ​ក្រុងភ្នំពេញ​គេ​ប្រើប្រាស់​លុយ​ដុល្លារ​ច្រើន​ជាង​អ្នក​នៅ​តាម​ជនបទ​។​ចំណែក​ការ​ស្រាវជ្រាវ​លើក​ទី​២​យើង​ធ្វើ​នៅ​ឆ្នាំ​២០១៧ នៅ​ភ្នំពេញ​ជា​តំបន់​ដែល​គ្របដណ្តប់​នូវ​ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ​ច្រើន ហើយ​បន្ទាប់​មក​មាន​ខេត្ត សៀមរាប​»​។

លោក​លើក​ឡើង​ថា «​ទាក់ទង​និង​ការ​ចំណាយ​ប្រាក់​ដុល្លា​វិញ យើង​សង្កេត​ឃើញ​ថា ចំពោះ​ប្រតិបត្តិការ​ធំ​ៗ​ដូច​ជា​ការ​ចំណាយ​ទៅ​លើ​ការ​ជួល​ផ្ទះ​និង​ទិញ​សម្ភារៈ​សំខាន់​ៗ​គឺ​មានការ​ចំណាយ​ជា​ប្រាក់​ដុល្លារ​ច្រើន តួយ៉ាង​នៅ​ភ្នំពេញ​ចំណាយ​ប្រាក់​ដុល្លារ​ខ្ពស់​ជាងគេ ។ តែ​សម្រាប់​ប្រ​តិ​ប​តិ្ត​ការ​តូចតាច​មានការ​ទិញ​ជា​លុយ​រៀល​»​។

លោក​សម វិចិត្រ បញ្ជាក់​ថា «​គោលបំណង​នៃ​ការ​ធ្វើ​អង្កេត​កន្លង​មក ដើម្បី​ពិនិត្យ​មើលទៅ​លើ​អាកប្បកិរិយា​របស់​ប្រជាពលរដ្ឋ​ពី​ឆ្នាំ​២០១៤​ដល់​២០១៧​។ នៅ​ឆ្នាំ​២០១៧ ប្រាក់​ចំណូល និង​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ​យើង​មាន​៤៥​ដឺ​ក្រេ ខ្ពស់​ជាង​អ្វី​ដែល​យើង​មើលឃើញ​នៅ​ឆ្នាំ​២០១៤ ហើយ​យើង​មើលឃើញ​ថា​ប្រជាពលរដ្ឋ​មានការ​យល់​ដឹង​អំពី​នៅ​ពេល​គេ​យក​លុយ​ដុល្លារ​ទៅ​ដូរ​មានការ​បាត់បង់​មួយ​ចំនួន​ទាក់ទង​ការ​ប្តូរ​ប្រាក់​ដែរ​»​។

លោកស្រី នាវ ចន្ទ​ថា​ណា ទេសាភិបាល​រង ធនាគារជាតិ​នៃ​កម្ពុជា​មាន​ប្រសាសន៍​ថា លទ្ធផល​នៃ​ការ​អង្កេត​នេះ មាន​សារៈ​ប្រយោជន៍​សម្រាប់​លើកកម្ពស់​ស្ថានភាព​នៃ​ការ​ប្រើប្រាស់​លុយ​ដុល្លារ​នៅ​កម្ពុជា ហើយ​លទ្ធផល​នេះ​មាន​សារសំខាន់​សម្រាប់​អ្នក​ធ្វើ​គោលនយោបាយ​, អ្នក​ស្រាវជ្រាវ ស្ថាបន​របស់​រាជរដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​, សហព័ន្ធ​អាជីវកម្ម និង​អង្គការក្រៅរដ្ឋាភិបាល​ជាដើម​។

លោកស្រី​លើក​ឡើង​បន្ត​ទៀត​ថា លទ្ធផល​ដែល​បាន​រក​ឃើញ​ពី​ការ​ស្រាវជ្រាវ មាន​លក្ខណៈ​ស៊ីសង្វាក់​គ្នា ឧទាហរណ៍​ការ​ប្រើ ប្រាស់​លុយ​យ៉ាងច្រើន​ត្រូវ​បាន​អង្កេត​ឃើញ​នៅ​ភ្នំពេញ និង​សៀម​រាប ត្រូវ​បាន​បង្ហាញ​ថា មានការ​ប្រើប្រាស់​លុយ​ដុល្លារ​អា​មេ​រិ​ក​ច្រើន​។

បើ​តាម​លោកស្រី​ទេសាភិបាល​រង ធនាគារ ជាតិ​នៃ​កម្ពុជា បាន​ឲ្យ​ដឹង​ថា «​ទោះបីជា​ការ​ប្រើប្រាស់​លុយ​ដុល្លារ​មាន​ចំនួន​ខ្ពស់ យើង​គួរ​កត់​សម្គាល់ថា​ការ​ប្រើប្រាស់​លុយ​រៀល​ក៏​មានការ​កើនឡើង​ស្របគ្នា​ដែរ ទាក់ទង​និង​ប្រតិបត្តិការ​អាជីវកម្ម​ហើយ​ខ្ញុំ​ជឿជាក់​ថា​ការ​ប្រឹងប្រែង​រួម​គ្នា​របស់​យើង​ដើម្បី​ធ្វើ​ឱ្យ​បាន​សម្រេច​នូវ​គោលដៅ​រួម​របស់​យើង ឱ្យ​ការ​ប្រើប្រាស់​លុយ​រៀល​ទទួល​បាន​ជោគជ័យ​ត្រូវ​មានការ​ចូលរួម​ទាំងអស់​គ្នា​ទូ​ទាំង​ប្រទេស​»​។

លោក Hidenobu Okuda សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Hitosubashi មាន​ប្រសាសន៍​ថា​៖«​ដើម្បី​បង្កើត​គោលនយោបាយ​ដ៏​ល្អ​មួយ​ដើម្បី​គាំទ្រ​ដល់​ការ​ពង្រីក​ដល់​ការ​ប្រើប្រាស់​ប្រាក់​រៀល​នោះ យើង​ត្រូវ​តែ​រំលឹក​ឬ​បង្ហាញ​ឱ្យ​ឃើញ​នូវ​អត្ថប្រយោជន៍​ការ​ប្រើប្រាស់​ប្រាក់​រៀល ,​ត្រូវ​ពង្រឹង​ការ​ប្រើប្រាស់​ប្រាក់​រៀល​,​ពង្រឹង​បណ្តាញ​នៃ​ការ​ប្រើប្រាស់​ប្រាក់​រៀល​នេះ ហើយ​ស្ថាប័នហិរញ្ញវត្ថុ ត្រូវ​ផ្តោត​យកចិត្តទុកដាក់​ទៅ​លើ​ប្រាក់​រៀល​នេះ​។ ស្ថាប័នហិរញ្ញវត្ថុ​ទាំងនេះ​ត្រូវ​មានការ​លើកទឹកចិត្ត​ឱ្យ​មានការ​ពង្រីក​នូវ​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​ដោយ​ផ្អែក​ទៅ​លើ​លុយ​រៀល​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ