ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាយសម្ព័ន្ធ​នៅ​តែ​បង្ហាញ​ពី​ការ​បារម្ភ​ក្រោយ​​ពង្រឹងកម្លាំង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ដែល​កម្ពុជា​គ្រោង​ធ្វើ​នៅ​ឆ្នាំ​២០២៣ សហព័ន្ធ​កីឡា​កាយ​សម្ព័​ន្ឋ​បាន​អះអាង​ថា ខ្លួន​ក៏​កំពុង​ពង្រឹងកម្លាំង​ផង​ដែរ ដោយ​មិនមែន​មិន​អើពើ​ក្នុង​ពេល​មនុស្ស​មួយ​ចំនួន​មើលឃើញ​ស្ងាត់​នា​ពេល​នេះ​ទេ ។ ជាក់ស្ដែង កីឡាករ​ឆ្នើម​ៗ​ដែល​ជា​ធនធាន​កាយសម្ព័ន្ធ​របស់​កម្ពុជា ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស…

រាជធានី​ភ្នំពេញ ៖ ខណៈ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ដែល​កម្ពុជា​គ្រោង​ធ្វើ​នៅ​ឆ្នាំ​២០២៣ សហព័ន្ធ​កីឡា​កាយ​សម្ព័​ន្ឋ​បាន​អះអាង​ថា ខ្លួន​ក៏​កំពុង​ពង្រឹងកម្លាំង​ផង​ដែរ ដោយ​មិនមែន​មិន​អើពើ​ក្នុង​ពេល​មនុស្ស​មួយ​ចំនួន​មើលឃើញ​ស្ងាត់​នា​ពេល​នេះ​ទេ ។ ជាក់ស្ដែង កីឡាករ​ឆ្នើម​ៗ​ដែល​ជា​ធនធាន​កាយសម្ព័ន្ធ​របស់​កម្ពុជា ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស និង​ត្រូវ​បាន​បង្វឹក​យ៉ាង​យកចិត្តទុកដាក់​ផង​ដែរ ដើម្បី​ឱ្យ​ធនធាន​កីឡាករ​ទាំងនោះ​អាច​ប្រកួតប្រជែង​សមជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម​ក្នុង​ឆ្នាំ​២០២៣​បាន​។

មន្ត្រី​ទទួល​បន្ទុក​រំពឹង​ថា កីឡាករ​ឆ្នើម​ៗ​ដែល​ត្រូវ​បាន​បង្វឹក​នឹង​អាច​ឈ្នះ​មេដាយ​លើ​ឆាក​អន្តរជាតិ បើ​ទោះ​បច្ចេកទេស​ក្នុង​ការ​បង្វឹក​នៅ​មាន​កង្វះខាត​ក្ដី ។ យ៉ាងណាមិញ​បន្ថែម​ពីលើ​ក្ដី​រំពឹង​នេះ មន្ត្រី​ទទួល​បន្ទុក​លើ​សហព័ន្ធ​មួយ​នេះ នៅ​តែ​បង្ហាញ​ក្ដី​បារម្ភ ក្រោយ​ពី​ប្រឹងប្រែង​ពង្រឹងសមត្ថភាព​។

លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បាន​អះអាង​ថា​សហព័ន្ធ​ទាំងមូល​បាន​ត្រៀមខ្លួន​ច្រើន​ណាស់​មិនមែន​ស្ងាត់​ទេ ដោយ​ត្រូវ​ពង្រឹង​ទាំង​កីឡាករ និង​ក្រុម​គ្រូបង្វឹក ។ លោក​ថា សហព័ន្ធ​ក្រៅពី បាន​បញ្ជូន​កីឡាករ​មួយ​រូប​ទៅ​ហ្វឹកហាត់​ពង្រឹង សមត្ថភាព​នៅ​ប្រទេស​ចិន​រយៈពេល​៤​ខែ​នា​ពេល​កន្លង​មក ក៏​បាន​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស​ជា​ដៃគូ​ផ្សេង​ទៀត​មិនសូវ​ដាច់​នោះ​ផង ។កីឡា​​កាយសម្ព័ន្ធ មិន​បាន​ធ្វេសប្រហែស​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​នៅ​ពេល​ខាង​មុខ និង​ស៊ី​ហ្គេ​ម
របស់​កម្ពុជា​នៅ​ឆ្នាំ​២០២៣​នោះ​ទេ គឺ​កាន់តែ​បាន​ពង្រឹងសមត្ថភាព​ខ្លាំង​ឡើង​ដើម្បី​កេរ្តិ៍ឈ្មោះ​។

ជាក់ស្ដែង​សហព័ន្ធ​បាន​បញ្ជូន​កីឡាករ​ដែលមាន​សមត្ថភាព​ចូលរួម​ប្រកួត​ស៊ី​ហ្គេ​ម​មិន​ដែល​ដាច់​ទេ ដើម្បី​ទៅ​ដកស្រង់​យក​បទ​ពិសោធន៍​ពី​ការ​ប្រកួត​អន្តរជាតិ យក​មក​បណ្ដុះបណ្ដាល​ដល់​កីឡាករ​នៅ​ក្នុង​ប្រទេស ។ លោក​ថា នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​២​លើក​កន្លង​មក សហព័ន្ធ​រកបាន​ជើង​ខ្លាំង​ក្មេង​ៗ​កាន់តែ​ច្រើន តែ​មិន​ទាន់​ច្បាស់​ថា​ពួក​គេ​នឹង​ក្លាយជា​ទ័ពស្រួច​សម្រាប់​ការ​ប្រកួត​ស៊ី​ហ្គេ​ម​ក្នុង​ឆ្នាំ​២០២៣​របស់​កម្ពុជា​នោះ​ទេ ។

លោក​ថា សហព័ន្ធ​កំពុង​បង្កើន​ការ​បង្វឹក​កីឡាករ​-​កីឡាការិនី​ក្មេង​ៗ​ជា​រៀងរាល់ថ្ងៃ ដើម្បី​ឱ្យ​សមាសភាព​កីឡាករ​ទាំងនោះ អាច​ចូល​ប្រកួត​បាន​កាន់តែ​ល្អ ហើយ​អាច​ក្លាយជា​ធនធាន​ពិត​ ប្រាកដ​​របស់​កម្ពុជា​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ក្នុង​ឆ្នាំ​២០២៣​។

ជាមួយនឹង​ការ​អះអាង​ពី​ការ​ត្រៀមខ្លួន លោក​អគ្គលេខាធិការ​សហព័ន្ធ​បាន​ប្រកាស​ថា កម្ពុជា​នឹង​ពិបាកធ្វើ​ឱ្យ​កីឡា​មួយ​នេះ​លេចធ្លោ ដោយសារ​តែ​ធនធាន​កាយសម្ព័ន្ធ ដែល​សហព័ន្ធ​បាន​សម្រាំង​ទុក ភាគច្រើន​មិនសូវ​នៅ​ស្ថិតស្ថេរ​ជាមួយ​សហព័ន្ធ​បាន​យូរ​នោះ​ទេ ស្រ​ពេល​ដែល​សហព័ន្ធ​ក៏​សារភាព​ថា មិនសូវ​មាន​សមត្ថភាព​រក្សា​ទុក​ធនធាន​ដែល​បណ្ដុះ​បាន​ល្អ​ៗ​ទាំងនោះ​ឱ្យ​នៅ​គង់វង្ស ។

លោក​ថា កីឡាករ​រមែង​ត្រូវ​បាន​បម្រុង​ទុកជា​ប្រចាំ ប៉ុន្តែ​ដោយសារ​តែ​សហព័ន្ធ​មាន​ត្រឹមតែ​សមត្ថភាព​បញ្ជូន​កីឡាករ​តែ​ម្នាក់ ឬ​២​នាក់​ឱ្យ​ចេញ​ប្រកួត ឬ​ចេញ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស ដូច្នេះ​វា​ចៀស​មិន​ផុត​នោះ​ទេ​ដែល​ធនធាន​កីឡាករ​បម្រុង​ទុក​ផ្សេង​ទៀត ដែល​សហព័ន្ធ​មិនសូវ​មាន​សកម្មភាព​ឱ្យ​ចេញ គឺ​ពិតជា​បោះបង់​អាជីព ។ លោ​កថា​សហព័ន្ធ​រកបាន​ធនធាន​កីឡាករ​ក្មេង៑​ដែល​មាន​ឆន្ទៈ​ច្រើន​ណាស់ ប៉ុន្តែ​ឆន្ទៈ​របស់​ពួក​គេ​ទាំងនោះ ក៏​មិនសូវ​ជា​បាន​យូរ​ដែរ ដោយសារ​តែ​សហព័ន្ធ​មិន​មាន​ប្រាក់ខែ​ឱ្យ​ខ្ពស់ និង​ជាប់​លាប់ ហើយ​សហព័ន្ធ​ក៏​មិន​មាន​លទ្ធភាព​បង្កើត ព្រឹត្តិការណ៍​ឱ្យ​កីឡាករ​ត្រៀម និង​បម្រុង​ទាំងនោះ​បាន​ច្រើន ។

លោក​ថា រាល់​ឆ្នាំ​សហព័ន្ធ​ជ្រើសរើស​កីឡាករ​បាន​ពី​ការ​ប្រកួត​ថ្នាក់​ជាតិ និង​ពី​ការ​ប្រកួត​កីឡា​ប្រចាំ​សហព័ន្ធ​បាន​ច្រើន​នាក់​ណាស់ ប៉ុន្តែ​សមាសភាព​ទាំងនោះ ក៏​មិន​សល់​ច្រើន​ដែរ ។ លោក​បង្ហើប​ថា បើ​សហព័ន្ធ​មានការ​ជ្រោមជ្រែង​ពី​ក្រុមហ៊ុន​ឯកជន​នានា ដើម្បី​អាច​បង្កើត​ព្រឹត្តិការណ៍​ឬ​បង្កើត​សកម្មភាព​ឱ្យ​កីឡាករ​កាយសម្ព័ន្ធ​បាន​បង្ហាញ​សមត្ថភាព​ញឹកញាប់ នោះ​គឺ​ទោះជា​ខាង​សហព័ន្ធ​មិន​មាន​ប្រាក់ខែ​ច្រើន​ៗ​ដើម្បី​ចងជើង ក៏​ធនធាន​អ្នក​ដែល​ទទួល​បានការ​បណ្ដុះបណ្ដាល​ពី​សហព័ន្ធ​នឹង​នៅ​ត្រាំត្រែង​ជាមួយ​សហព័ន្ធ​ដោយ​មិនរ​ត់ទៅ​ណា​នោះ​ដែរ ។

លោក​ថា សហព័ន្ធ​នៅ​តែ​បន្ត​សម្រាំង​យក​កីឡាករ​ឱ្យ​បាន​ល្អ​ពី​ការ​បង្វឹក​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​សហព័ន្ធ​ដែល​ជ្រើស​ចេញពី​ព្រឹត្តិការណ៍​កីឡា​ជាតិ​មុន​នេះ ដោយ​ធនធាន​ដែល​ជ្រើស​បាន​ម្ដង​ៗ សុទ្ធតែ​មាន​សមត្ថភាព និង​ជា​ជើង​ខ្លាំង ដែល​លោក​យល់​ថា ឱ្យ​តែ​កម្ពុជា​មាន​លទ្ធភាព​បង្កើត​សកម្មភាព​លើកទឹកចិត្ត​ពួក​គេ​តែ​បន្តិច នោះ​នឹង​មិន​ខ្វះ​កីឡាករ​ល្អ​នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នោះ​ផង ។

បើ​ទោះ​ជា​វិញ្ញាសា​កាយសម្ព័ន្ធ​មិនមែន​ជា​វិញ្ញាសា​ដើម​របស់​កម្ពុជា តែ​លោក​ប្រកាស​ថា​មិន​បាន ធ្វេសប្រហែស​ក្នុង​ការ​បំប៉ន​អ្នកមាន​សមត្ថភាព ដើម្បី​ដណ្ដើម​យក​មេដាយ​នៅ​ឆ្នាំ​២០២៣​នោះ​ទេ ដើម្បី​កុំឱ្យ​បាក់មុខ​សហព័ន្ធ ក្នុង​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ។

លោក​ប្រកាស​ត្រៀម​បង្វឹក​កីឡាករ​កីឡាការិនី​កាយសម្ព័ន្ធ​ច្រើន​នាក់ ដើម្បី​ឱ្យ​ក្លាយជា​ធនធាន​របស់​កម្ពុជា​ក្រោយ​ពី​ការ​ប្រកួត​កីឡា​ជាតិ​មួយ​លើក​ទៀត​ត្រូវ​បាន​បញ្ចប់​។ លោក​អគ្គលេខាធិការ​រូប​នេះ​នៅ​តែ​បង្ហាញ​ពី​ការ​រំពឹង​ថា កម្ពុជា​នឹង​ក្ដោប​ក្ដាប់​មេដាយមាស​សម្រាប់​វិញ្ញាសា​មួយ​ចំនួន​ក្នុង​ការ​ប្រកួត​កាយ សម្ព័ន្ធ​​លើ​ឆាក​អន្តរជាតិ​នៅ​ក្នុង​ព្រឹត្តិការណ៍​ណាមួយ​ក្នុង​ពេល​ខាង​មុខ ដោយ​លោក​បញ្ជាក់​ថា បើ​ទោះជា​មិន​បាន​មេដាយ​ក្នុង​ពេល​បញ្ជូន​ទៅ​ប្រកួត​នៅ​ប្រទេស​ផ្សេង ក៏​ពិតជា​បាន​នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម ។

ក្ដី​រំពឹង​នោះ គឺ​ការ​ដណ្ដើម​បាន​មេដាយ​ក្នុង​ការ​ប្រកួត​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ខាង​មុខ​ដោយសារ​តែ​អះអាង​ថា កីឡាករ​របស់​ប្រទេស​ម្ចាស់ផ្ទះ​ហាក់​មាន​ប្រៀប​ជាង​កម្ពុជា ទាំង​ការ​កាត់ក្ដី​ជាដើម​។

ក្នុង​ចំណោម​អ្នក​ដែល​ខាង​សហព័ន្ធ​បម្រុង​ទុក​រាល់ថ្ងៃ លោក​ថា កីឡាករ សំ រី​ម គឺជា​សមាសភាព​របស់​កម្ពុជា ដែល​មាន​សមត្ថភាព តែបើ​កម្ពុជា​មាន​លទ្ធភាព​ចងជើង​កីឡាករ​បាន​កាន់តែ​ច្រើន ក៏​មិន​ខ្វះ​ធន​ធាន​កីឡាករ​ល្អ​ៗ​ដើម្បី​ដណ្ដើម​យក​មេដាយ​អន្តរជាតិ តាម​ការ​រំពឹង​នោះ​ដែរ ។ លោក​ថា សហព័ន្ធ​រមែង​យកចិត្តទុកដាក់​ចំពោះ​ធនធាន​ល្អ​ៗ ប៉ុន្តែ​សម្រាប់​ក្ដី​បារម្ភ​គឺ​នៅ​តែ​មាន ដោយសារ​តែ​សហព័ន្ធ​អាច​ត្រឹមតែ​បញ្ជូន​ឱ្យទៅ​ប្រកួត និង​ហ្វឹកហាត់​នៅ​ក្រៅប្រទេស​មិន​បាន​ច្រើន​នាក់ ដែល​ធ្វើ​ឱ្យ​កីឡាករ​ល្អ​ខ្លះ បោះបង់​ឆន្ទៈ​ឯង​ៗ ។

លោក​ថា ព្រឹត្តិការណ៍​អន្តរជាតិ​កន្លង​មក បើ​កម្ពុជា​មាន​លទ្ធភាព​បញ្ជូន​កីឡាករ​ឱ្យទៅ​ប្រកួត​ច្រើន​នាក់ ឱកាស​ក្ដោប​ក្ដាប់​មេដាយ មិន​អត់​នោះ​ទេ ប៉ុន្តែ​មក​ពី​ជម្រើស​របស់​សហព័ន្ធ​វា​មាន​មិន​ច្រើន ទើប​ការ​បញ្ជូន​កីឡាករ​ឱ្យ​តំណាង​ប្រទេស​កន្លង​មក​គឺ​មិន​ដែល​បាន​មេដាយ ។ លោក​និយាយ​ប្រាប់​បណ្ដាញ​សារព័ត៌មាន​ក្នុងស្រុក​ថា ធនធាន​កីឡាករ​កាយសម្ព័ន្ធ​ការ​ពិត​ល្អ​ៗ​ច្រើន​ណាស់ ប៉ុន្តែ​មក​ពី​កម្ពុជា​មាន​លទ្ធភាព​បញ្ជូន​ឱ្យទៅ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស​តែ​ម្នាក់ ឬ​២​នាក់ ទើប​ពេល​ខ្លះ​យើង​ចាញ់​ប្រៀប​គេ ។

ជាក់ស្ដែង​នៅ​ស្រុក​គេ​គេ​មិនមែន​បញ្ជូន​តែ​កីឡាករ​កម្រិត​A ឱ្យ​ចេញ​ប្រកួត​ទេ កម្រិត​B កម្រិត​C ក៏​ទៅ​ដែរ ។ លោក​ថា កន្លង​មក​សហព័ន្ធ​មាន​ត្រឹមតែ​លទ្ធភាព​បញ្ជូន​កីឡាករ​ឲ្យ​ចូលរួម​ប្រកួត​លើ​វិញ្ញាសា Artistic ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ភាគច្រើន​ប៉ុណ្ណោះ​។

ក្នុង​នោះ លោក​ឧកញ៉ា សុខ ហុង អនុប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា ក៏​ធ្លាប់​បើក​វគ្គ​បំប៉ន​បច្ចេកទេស និង​ជំនាញ​គ្រូបង្វឹក​ផ្នែក​កាយសម្ព័ន្ធ ដែល​រៀបចំ​ដោយ​​អង្គការ​សាមគ្គី​អូ​ឡាំ​ពិ​ក​អន្តរជាតិ និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC) កន្លង​មក​ផង​ដែរ​ដើម្បី​ជំរុញ ដោយ​គ្រាន់តែ​លទ្ធផល គឺ​លោក​ប្រកាស​ថា ពេល​ខ្លះ​វា​មិន​ដូច​ការ​គ្រោងទុក ។

លោក​បន្ត​ថា​ខាង​សហព័ន្ធ​នៅ​តែ​រក្សា​ជំហរ​បណ្ដុះ​គ្រាប់ពូជ​កីឡាករ​កីឡាការិនី​ឱ្យ​បាន​ល្អ ដោយ​ក្នុង​មួយ​ ថ្ងៃ​ៗ​ក៏​បាន​ចំណាយពេល​បង្វឹក​ពួក​គេ​ឱ្យ​ក្លាយជា​ធនធាន​ល្អ និង​ប្រកបដោយ​សមត្ថភាព​ខ្ពស់​ផង​ដែរ ដោយ​មិនមែន​បណ្ដោយ​ឱ្យ​សហព័ន្ធ​ទាំងមូល​មិន​មាន​កីឡាករ​កីឡាការិនី​ដែល​មាន​កម្រិត​ប្រកួតប្រជែង​នៅ​ក្នុង​សហព័ន្ធ​នោះ​ទេ ដើម្បី​លើកកម្ពស់​កីឡា​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ