ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនា​ការ​ផ្សព្វ​ផ្សាយ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថ្នាំ​ពុល​កសិ​កម្ម

13 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ កាល​ពី​ថ្ងៃ​ទី​២៦ សីហា នៅ​អនុ​វិទ្យា​ល័យ​ ហ៊ុន សែន សណ្តារ ស្ថិត​នៅ​ក្នុង​ភូមិ​​ដង​ក្តោង ឃុំ​សណ្តារ ស្រុក​លើក​ដែក ខេត្ត​កណ្តាល មាន​ប្រារព្ធ​ពិធី​ដង្ហែ​ជា​ក្បួន​ដោយ​មាន​លើក​បដា​ព្រោង​ព្រាត​​ដែល​មាន​សរ ​សេរ​ជា​អក្សរ​ផ្សព្វ​ផ្សាយ​អប់រំ​ជា​ច្រើន​ក្នុង​គោល​ដៅ​កាត់​បន្ថយ​ការ​ ប្រើ​ប្រាស់​ថ្នាំ​ពុល​កសិ​កម្ម​ សំរាប់​ប្រជា​កសិ​ករ​នៅ​មូល​ដ្ឋាន​ស្រុក​លើក​ដែក ចាប់​ពី​ភូមិ​ព្រែក​តូច ឃុំ​ព្រែក​ទន្លាប់ រហូត​ដល់​ភូមិ​ដង​ក្តោង​ ឃុំ​សណ្តារ ដើម្បី​ឱ្យ​ប្រជា​ជន

ខេត្ត​កណ្តាល ៖ កាល​ពី​ថ្ងៃ​ទី​២៦ សីហា នៅ​អនុ​វិទ្យា​ល័យ​ ហ៊ុន សែន សណ្តារ ស្ថិត​នៅ​ក្នុង​ភូមិ​​ដង​ក្តោង ឃុំ​សណ្តារ ស្រុក​លើក​ដែក ខេត្ត​កណ្តាល មាន​ប្រារព្ធ​ពិធី​ដង្ហែ​ជា​ក្បួន​ដោយ​មាន​លើក​បដា​ព្រោង​ព្រាត​​ដែល​មាន​សរ​សេរ​ជា​អក្សរ​ផ្សព្វ​ផ្សាយ​អប់រំ​ជា​ច្រើន​ក្នុង​គោល​ដៅ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថ្នាំ​ពុល​កសិ​កម្ម​ សំរាប់​ប្រជា​កសិ​ករ​នៅ​មូល​ដ្ឋាន​ស្រុក​លើក​ដែក ចាប់​ពី​ភូមិ​ព្រែក​តូច ឃុំ​ព្រែក​ទន្លាប់ រហូត​ដល់​ភូមិ​ដង​ក្តោង​ ឃុំ​សណ្តារ ដើម្បី​ឱ្យ​ប្រជា​ជន​យល់​ដឹង​ពី​ផល​ប៉ះ​ពាល់​ដល់​សុខ​ភាព ។ ចូល​រួម​ក្នុង​យុទ្ធនា​ការ​ផ្សព្វ​ផ្សាយ​នេះ​មាន​លោក​អភិ​បាល​ខេត្ត​ស្តីទី ជឹម សុខុន លោក​ប៉ែន វុឌ្ឍ អគ្គ​លេខា​ធិការ​រង​ក្រសួង​កសិ​កម្ម លោក​ណៃ សុខា អភិ​បាល​រង​ស្រុក ​លោក​​លី សុខា ប្រធាន​​ក្រុម​ប្រឹក្សា​ស្រុក លោក​មេឃុំ មេភូមិ និង​ប្រជា​កសិ​ករ​ចំនួន​ជិត​២០០​នាក់ ។

លោក​ទួន ស៊ីបូណា ប្រធាន​មន្ទីរ​កសិ​កម្ម​ខេត្ត​កណ្តាល បាន​ថ្លែង​អំពី​លទ្ធ​ផល​នៃ​ការ​ប្រើ​ប្រាស់​ថ្នាំ​ពុល​កសិ​កម្ម ​ដែល​ប្រជា​កសិ​ករ​បាន​ទិញ​ពី​ប្រទេស​ជិត​ខាង មាន​វៀត​ណាម និង​ថៃ ។ល។ មក​ប្រើ​ប្រាស់​ក្នុង​វិស័យ​កសិ​កម្ម​មាន​ដំណាំ​​ស្រូវ ពោត សណ្តែក ល្ង គឺ​សុទ្ធ​តែ​ប៉ះ​ពាល់​ដល់​សុខ​ភាព​អ្នក​ប្រើ​ប្រាស់​ និង​អ្នក​​បរិ​ភោគ​ ដូច្នេះ​ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព និង​អាយុ​ជីវិត​ប្រជា​ជន​យើង​ ត្រូវ​ស្វែង​យល់​ពី​លក្ខណៈ​ការ​ពារ​ពេល​ប្រើ​ប្រាស់​ឱ្យ​បាន​ច្បាស់​លាស់ ពី​ព្រោះ​ការ​ប្រើ​ប្រាស់​ដោយ​មិន​ប្រុង​ប្រយ័ត្ន​ដូច​ជា​មិន​​ពាក់​ម៉ាស់​ ឬ​ពេល​នៅ​ពី​ក្រោម​ខ្យល់​​ភ្លេច​លាង​ខ្លួន​ប្រាណ​ក្រោយ​ពេល​ប្រើ​ប្រាស់​ គឺ​ជា​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សុខ​ភាព ។ លោក​បន្ត​ទៀត​ថា ក្រោយ​ពី​ការ​ប្រើ​ប្រាស់​ថ្នាំ​​ហើយ កសិ​ករ​គួរ​អនុ​វត្ត​ទៅ​តាម​រយៈ​ពេល​នៃ​ការ​បេះ​កាត់​ភោគ​ផល​​របស់​ខ្លួន​យក​មក​លក់​ដូរ​​នៅ​ទីផ្សារ​នានា ​ឱ្យ​ត្រូវ​តាម​​ការ​កំណត់​ដែល​ជាតិ​ពុល​​គ្រប់​កាល​បរិ​ច្ចេទ​ មិន​ត្រូវ​ប្រញាប់​យក​ភោគ​ផល​ទាំង​នេះ​​មក​លក់​នៅ​ទីផ្សារ​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​​ពុល​ដល់​អ្នក​បរិ​ភោគ​បន្ត ។​ ម្យ៉ាង​ទៀត​អ្នក​បរិ​ភោគ​ក៏​គួរ​យក​ភោគ​ផល​កសិ​កម្ម​ទាំង​ឡាយ​មាន​ត្រសក់ ត្រឡាច សណ្តែក ម្រះ​ ។ល។ លាង​ទឹក​ឱ្យ​បាន​ច្រើន​ដង​ឱ្យ​បាន​ជ្រះ ដើម្បី​បន្សាប​ជាតិ​ពុល​ផង​ដែរ ។

លោក​បន្ត​ថា ទោះ​ជា​បែប​ណា​ក៏​គួរ​យើង​នាំ​គ្នា​កាត់​បន្ថយ​នូវ​ការ​ប្រើ​ប្រាស់​ថ្នាំ​ពុល​កសិ​កម្ម​នេះ ហើយ​នាំ​គ្នា​បែរ​មក​ប្រើ​ប្រាស់​ជី​ធម្ម​ជាតិ​ ឬ​ថ្នាំ​ពុល​បែប​សម័យ​បូរាណ​វិញ ដូច​ជា​ជាតិ​ស្តៅ ជាតិ​ទឹក​នោម​ដែល​ធម្មតា​យើង​ធ្លាប់​ប្រើ​ប្រាស់​ពី​មុន​មក​ក៏​ជា​ការ​ប្រសើរ​ដែរ​គ្មាន​​សារ​ជាតិ​ពុល​នាំ​ឱ្យ​ខូច​សុខ​ភាព​របស់​យើង ។ លោក​អភិ​បាល​រង​ស្រុក​ក៏​មាន​មតិ​រៀប​រាប់​ពី​មូល​ដ្ឋាន​ស្រុក​លើក​ដែក​ ខេត្ត​កណ្តាល ដែល​​ជា​ខេត្ត​ជាប់​ព្រំ​ប្រទល់​ប្រទេស​វៀត​ណាម ​ហើយ​កន្លង​មក​ប្រជា​កសិ​ករ​យើង​តែង​តែ​និយម​ប្រើ​ប្រាស់​ថ្នាំ​ពុល​នានា​របស់​វៀត​ណាម ដូច្នេះ​ពី​ពេល​នេះ​តទៅ​ក៏​គួរ​យើង​នាំ​គ្នា​កាត់​បន្ថយ​ម្តង​បន្តិចៗ រិះ​រក​មធ្យោ​បាយ​ផ្សេងៗ​ មក​ជំនួស​វិញ​ដើម្បី​ការ​ពារ​សុខ​ភាព ​។ ចុង​បញ្ចប់​នៃ​កម្ម​វិធី​ លោក​អភិ​បាល​រង​ខេត្ត​បាន​បង្ហាញ​ពី​ផល​វិបាក​ផ្សេងៗ ​នៃ​សារ​ជាតិ​ថ្នាំ​ពុល​ដែល​ប្រើ​ក្នុង​វិស័យ​កសិ​កម្ម​ដែល​ប្រជា​​ជន​ទូទៅ​ត្រូវ​នាំ​គ្នា​កាត់​បន្ថយ​ដើម្បី​រក្សា​សុខ​ភាព​ដល់​ខ្លួន និង​កូន​ចៅ​ឱ្យ​បាន​ល្អ​ប្រសើរ ។ លោក​បន្ត​ថា សុខ​ភាព​មិន​មាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​ទេ ហើយ​បើ​ទោះ​បី​មាន​ប្រាក់​ប៉ុន្មាន​ក៏​មិន​អាច​ទិញ​សុខ​ភាព​បាន​ដែរ ដូច្នេះ​មាន​តែ​យើង​នាំ​គ្នា​រក្សា​ការ​ពារ​​​ឱ្យ​បាន​ល្អ​ ហើយ​ម្យ៉ាង​ទៀត​គឺ​នាំ​គ្នា​កាត់​បន្ថយ​ និង​ការ​ពារ​ខ្លួន​ពី​ថ្នាំ​ពុល ៕