ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់​ដី​លុប​សមុទ្រ​ទៀត​ហើយ…ហើយ​មិន​ដឹង​ធ្វើ​អ្វី​ពិត​ទេ ?

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ រឿង​មិន​ពិតប្រាកដ មិន​ច្បាស់លាស់​មួយ​ គឺការ​ចាក់​ដី​លុប​សមុទ្រ​មួយ​កន្លែង​ ធ្វើ​ជា​ឆ្នេរកែប​ថ្មី ស្ថិត​នៅ​ភូមិ​កែប​ថ្មី ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ កំពុង​ធ្វើ​ឱ្យ​មហាជន​រិះគន់​ជា​បន្តបន្ទាប់…

ខេត្តកំពត ៖ រឿង​មិន​ពិតប្រាកដ មិន​ច្បាស់លាស់​មួយ​ គឺការ​ចាក់​ដី​លុប​សមុទ្រ​មួយ​កន្លែង​ ធ្វើ​ជា​ឆ្នេរកែប​ថ្មី ស្ថិត​នៅ​ភូមិ​កែប​ថ្មី ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ កំពុង​ធ្វើ​ឱ្យ​មហាជន​រិះគន់​ជា​បន្តបន្ទាប់ ។ លោក ជាវ តា​យ អភិបាលខេត្ត ធ្លាប់បាន​មាន​ប្រសាសន៍​ជា​ច្រើន​ដង​ថា រដ្ឋបាល​ខេត្តបាន​រៀបចំ​បង្កើត​ឆ្នេរកែប​ថ្មី​នៅ​ឃុំ​បឹង​ទូក ព្រោះខេត្ត​មួយ​ទាំងមូល​មាន​សមុទ្រ តែ​អត់​មាន​កន្លែង​ងូតទឹក ។

លោក ស សូ​រិ​ន ប្រធាន​ខណ្ឌ​រដ្ឋបាល​ជលផល​កំពត បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​ព្រឹកថ្ងៃ​ទី​១៩ មីនា​ថា ការ​ចាក់​ដី​លុប​សមុទ្រ​មិន​បាន​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សហគមន៍​អ្នកនេសាទទេ ប៉ុន្តែ​លោក​បាន​បង្វែ​សំណួរ​ឱ្យ​អ្នក​យក​ព័​ត៌មាន​ទៅ​សួរ​ខាង​សាលាខេត្ត​ទៅ​ច្បាស់​ជាង ។ លោក វ៉ិ​ត វ​ឌ្ឍ​នា នាយក​រដ្ឋបាល​សាលា
ខេត្ត បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ដដែលនោះ​ថា ការ​ចាក់​ដី​លុប​សមុទ្រ​នេះ​មាន​ក្រុមហ៊ុន​មួយ​ឈ្មោះ​«​អា​ជី​ប៊ី​» ជា​អ្នក​ទទួល​រៀបចំ​នៅទីនោះ ប៉ុន្តែ​បានឱ្យ​អ្នក​យក​ព័ត៌មាន​ទៅ​សួរ​លោកស្រី គង់ ប៊ុ​ណ្ណា​រី នាយក​ទីចាត់ការ​វិនិយោគ​សាលាខេត្ត​វិញ ព្រោះ​គេ​មាន​ឯកសា​ច្បាស់លាស់​ជាង ។

ឯ​លោកស្រី គង់ ប៊ុ​ណ្ណា​រី បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​តាម​ទូរស័ព្ទ​ថា លោកស្រី​មិន​ទាន់​ដឹង​ថា​ដី​គ្រោង​នឹង​ចាក់​លុប​សមុទ្រ​ធ្វើ​កន្លែង​ឆ្នេរកែប​ថ្មី​នោះ​ទំហំ​ប៉ុន្មាន​ហិ​កតា​ទេ ពោល​គឺ​ពុំ​មាន​ព័​ត៌មាន​ណាមួយ​ច្បាស់លាស់​ឡើយ ឆ្លើយ​ដាក់​ត​ៗគ្នា ។ ពលរដ្ឋ​ម្នាក់​និយាយ​ថា ការ​ចាក់​ដី​លុបសមុទ្រ​ធ្វើ​ជា​ឆ្នេរកែប​ថ្មី​នេះ គាត់​គាំទ្រ​និង​សប្បាយចិត្ត តែ​ខ្លាច​ថ្ងៃក្រោយ​កន្លែង​ចាក់​ដី​លុប​សមុទ្រ​ធ្លាក់​ទៅ​លើ​ដៃ​អ្នក​វិនិយោគទុន​ដូច​កន្លែង​ផ្សេង​ៗ
គឺ​បាន​ត្រឹមតែ​បាត់បង់​ធនធានធម្មជាតិ​ប៉ុណ្ណោះ ។

យោង​តាម​មន្ត្រី​នគរបាល​ការពារ​ដែនទឹក​ដែល​មាន​ប៉ុស្តិ៍​ឈរជើង​នៅ​ចំណុច​កែប​ថ្មី និយាយ​ថា មាន​អ្នក​យក​ព័ត៌មាន​រាប់រយ​នាក់​បានមក​យក​លុយ​ពី​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​កន្លែង​ចាក់​ដី​លុប​សមុទ្រ​នេះ ។ មន្ត្រី​នគរបាល​ដដែល​នោះ និយាយ​ទៀត​ថា មាន​ថ្ងៃមួយ​មាន​រថយន្ត​៧​ទៅ​៨​គ្រឿង​របស់​អ្នក​យក​ព័ត៌មាន​ទាំង​កាសែត​និង​ទូរទស្សន៍​មក​យក​លុយ តែ​អ្នក​រៀបចំ​លែងឱ្យ​ព្រោះតែ​មក​សុំ​លុយ​ច្រើន​ពេក ។ ប្រភព​ព័ត៌មាន​មួយ​បាន​បង្ហើប​ថា ការ​ចាក់​ដី​លុប​សមុទ្រ​នេះ​មិន​ទាន់​មានច្បាប់​ទេ តែ​អ្នក​ចាក់​ដី​ចេះ​តែ​ចាក់​លុប​ទៅ ដែល​សង្ស័យ​ណាស់​ក្រែង​វា​មិន​ទៅ​ជា​ឆ្នេរ វា​ក្លាយទៅជា​អ្វី​ផ្សេង​ទៅ​វិញ ព្រោះ​កន្លង​មក​ការ​ចាក់​ដី​លុប​សមុទ្រ វា​ក្លាយទៅជា​កម្មសិទ្ធិឯកជន​ស្ទើរ​ទាំងអស់ ឯ​រដ្ឋ​បាន​ត្រឹម​ធ្វើ​ខ្នង​ការពារ ៕ ​

អត្ថបទសរសេរ ដោយ