ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រុក​កោះ​ញែក​កំពុង​ប្រឈម​ការ​ខ្វះ​ទឹក​ប្រើប្រាស់

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តី​រាយ​ការ​ណ៍ពី​ស្រុក​កោះ​ញែក​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​រស់នៅ​ទីរួមស្រុក​នេះ កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ខណៈ​ប្រភព​ទឹក​ដែល​តែង​ផ្គត់ផ្គង់​ដល់​ប្រជុំជន​ផ្សារ​កោះ​ញែក ត្រូវ​បាន​រីងស្ងួត​ជា​បន្តបន្ទាប់​។ លោក ប៉ោ ពួ​ជ…

ខេត្តមណ្ឌលគិរី ៖ សេចក្តី​រាយ​ការ​ណ៍ពី​ស្រុក​កោះ​ញែក​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​រស់នៅ​ទីរួមស្រុក​នេះ កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ខណៈ​ប្រភព​ទឹក​ដែល​តែង​ផ្គត់ផ្គង់​ដល់​ប្រជុំជន​ផ្សារ​កោះ​ញែក ត្រូវ​បាន​រីងស្ងួត​ជា​បន្តបន្ទាប់​។

លោក ប៉ោ ពួ​ជ ម្ចាស់​អាជីវកម្ម​ទឹក​ស្អាត​ស្រុក​កោះ​ញែក​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​១​ខែ​ទៀត បើ​នៅ​តែ​មិន​មាន​ភ្លៀង​ធ្លាក់​ទេ ប្រជាពលរដ្ឋ​រស់នៅ​ប្រជុំជន​ស្រុក​កោះ​ញែក​នឹង​អត់​ទឹក​ប្រើប្រាស់ ។ លោក​បន្ត​ថា ចាប់តាំងពី​ចុង​ខែមករា​មក​ប្រភព​ទឹក​សំខាន់​ៗ​ដែល​ផ្គត់ផ្គង់​សម្រាប់​ផលិត​ទឹក​ស្អាត​ដល់​អ្នកស្រុក ដូច​ជា អូរ​ច្បារ នឹង​ទឹក​ដែល​មាន​ប្រភព​ក្នុង​ទំនប់​សម័យ​ប៉ុ​ល ពត ត្រូវ​រីង​បន្តិច​ម្តង​ៗ​រហូត​បច្ចុប្បន្ន​នេះ​កាន់តែ​ប្រឈម​ខ្លាំង​បំផុត​។

បើ​តាម​ការ​បញ្ជាក់​របស់​ម្ចាស់​អាជីវកម្ម​ទឹក​ស្អាត​ថា ក្រុមការងារ​របស់​លោក​កំពុង​ញាប់ដៃ​ញាប់​ជើង ត​បណ្តាញ​ប្រភព​ទឹក​ពី​កន្លែង​ដទៃ​ទៀត ទោះ​មាន​ចម្ងាយ​ឆ្ងាយ​ពី​ស្ថា​នី​យ៏​ផលិត​ទឹក​ក៏​ដោយ ដើម្បី​បំពេញ​តម្រូវ​ជាក់ស្តែង សម្រាប់​ប្រជាពលរដ្ឋ​ចំនួន​១០៥០​គ្រួសារ ដែល​កំពុង​ទទួល​សេវា​ទឹក​ស្អាត​របស់​ខ្លួន​ស្រប​នឹង​កំណើន​ច្រើន​ជាង​ឆ្នាំ​មុន​។

លោក​ស៊ិ​ន វណ្ណ​វុ​ឌ្ឍ អភិបាលស្រុក​កោះ​ញែក​បាន​ថ្លែង​ថា គិត​ត្រឹម​ថ្ងៃ​ទី​២០ ខែ​មិ​នា នេះ នៅ​ទូ​ទាំង​ស្រុក​កោះ​ញែក​នៅ​មិន​ទាន់​មាន​ករណី​អត់​ទឹក​ប្រើ​សោះ​នោះ​ទេ​។​ប៉ុន្តែ​លោក​អភិបាល​បាន​ទទួលស្គាល់​ថា នៅ​តាម​ទីតាំង​ខ្លះ ពិតជា​មានការ​ខ្វះខាត​ដោយ​អន្លើ​ៗ​មែន​។​ជាក់ស្តែង​នៅ​ប្រជុំជន​ស្រុក ដែល​មានការ​ផ្ត​ត់​ផ្គង់​ពី​ក្រុមហ៊ុន​ទឹក​ស្អាត គឺ​មានការ​រអាក់រអួល​ដូច​ពេល​ខ្លះ យប់​មានទឹក ពេល​ថ្ងៃ​ដាច់​ទឹក ហើយ​មានទឹក​ពេល​ថ្ងៃ អត់​ពេល​យប់​ទៅ​វិញ​។

ទោះ​យ៉ាងណា​លោក​អភិបាលស្រុក បាន​នឹង​កំពុង​ធ្វើ​របាយ​ការ​ណ៏​ដាក់​ទៅ​ថ្នាក់​ខេត្ត​ដើម្បី​ស្នើរ​សុំ​ជំនួយ ជុស​ជុល​អណ្តូងទឹក​ចាស់​ៗ​ដើម្បី​អាច​ប្រើប្រាស់​ឡើង​វិញ​។

ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​កោះ​ញែក​បាន​សំនូមពរ​ដល់​មន្ទីរ​ធនធានទឹក នឹង​ឧតុនិយម ខេត្តមណ្ឌលគិរី ជួយ​ជុស​ជុល​ទំនប់​ទឹក​ដែល​បន្សល់​ទុក​តាំងពី​សម័យ​ប៉ុ​ល ពត​ក្នុង​ឃុំ​ស្រែ​សង្គម ដែល​រង​ការ​ខូចខាត​ខ្នង​ទំនប់​ប្រមាណ​២០%​ឡើង​វិញ​។

ជុំវិញ​បញ្ហា​ខាងលើ​នេះ លោក ខែ​ម ភារ​ម្យ ប្រធាន​មន្ទីរ​ធនធានទឹក នឹង​ឧតុនិយម ខេត្តមណ្ឌលគិរី អ្នក​យក​ព័ត៌មាន​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​នៅ​ថ្ងៃ​ទី​២០ មិ​នា នេះ ។

កាលពី​ថ្មី​ៗ​នេះ អភិបាលខេត្ត​មណ្ឌលគិរី លោក ស្វាយ សំ​អ៊ា​ង បាន​សម្រេច​ផ្តល់​អណ្តូងស្នប់​ចំនួន​២​ដល់​ប្រជាពលរដ្ឋ​ចំនួន​៤០​គ្រួសារ រស់នៅ​ភូមិ​ជី​មៀត ឃុំណ​ង​ឃី​ណិ​ក ស្រុក​កោះ​ញែក ដែល​នៅ​ដាច់​ស្រយាល​ពី​ប្រភព​ទឹក​ស្អាត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ