សាធុជនគ្រប់រូបតែងចង់បានសេចក្តីស្ងប់សុខ ត្រូវការសភាពត្រជាក់ចិត្ត គឺធ្វើយ៉ាងណាដើម្បីឲ្យខ្លួនឯងបានសប្បាយចិត្តរាល់ថ្ងៃ មិនចង់ជួបទុក្ខ លំបាកចិត្តឡើយ ។
អ្នកខ្លះគិតដូច្នេះហើយក៏ដើរលំហែកាយនៅតាមតំបន់រមណីយដ្ឋានផ្សេងៗមាននៅតាមឆ្នេរសមុទ្រ តាមព្រៃភ្នំ តាមទីផ្សារជាដើម គឺធ្វើយ៉ាងណាដើម្បីឲ្យខ្លួនបានសប្បាយ បានត្រជាក់ចិត្តរួចផុតអំពីគំនរភ្លើង គឺសេចក្តីទុក្ខសោក គ្រោះវិបត្តិនានា ។
ប៉ុន្តែការដើរទស្សនាទាំងអស់នេះមិនអាចឱ្យយើងបានធូរស្រាល ស្រាកស្រាន្តអំពីសេចក្តីទុក្ខសោកទាំងស្រុងបានទេ គ្រាន់តែអាចបានធូរស្រាលអំពីសេចក្តីទុក្ខសោកខ្លះ ឬក៏បានបន្តិចបន្តួចប៉ុណ្ណោះ ប្រៀបដូចថ្នាំស្ពឹក ដែលគេចាក់ដើម្បីកុំឲ្យឈឺក្នុងរយះពេលខ្លីត្រឹមតែ១ម៉ោង ឬ២ម៉ោងប៉ុណ្ណោះ រួចក៏ត្រឡប់ឈឺវិញដដែល ។
ដូច្នេះការដើរកម្សាន្តនៅតាមទីកន្លែងនានាមិនមែនជាដំណោះស្រាយធ្វើឲ្យធូរស្រាលត្រជាក់ចិត្តទាំងស្រុងបានឡើយ មានតែការធ្វើទានរក្សាសីលចម្រើនមេត្តាចិត្តប៉ុណ្ណោះទើបបានសុខត្រជាក់ចិត្តយូរអង្វែង ព្រោះអំពើល្អនេះអាចរំលត់នូវសភាពក្តៅក្រហាយក្នុងចិត្តបាន ។
តាមពិតទៅសេចក្តីសុខមិនមែននៅឆ្ងាយអំពីចិត្តយើងនោះទេ ហើយសេចក្តីទុក្ខ ក៏នៅក្នុងចិត្តដែរ ដូច្នេះការត្រាច់ទៅកាន់ទីណាក៏ដោយ ក៏មានចិត្តរួមដំណើរទៅជាមួយដែរ បើយើងមានបញ្ញាក៏អាចរំលត់នូវសេចក្តីទុក្ខនោះបាន ។
ចែករំលែកព័តមាននេះ