រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម ជាថ្មីម្តងទៀតបានចេញសេចក្តីជូនដំណឹងដល់ សាធារណជន និងអ្នកប្រើប្រាស់យានយន្តគ្រប់ប្រភេទ ឲ្យបានដឹងអំពីការកំណត់ថ្លៃសាំងធម្មតាតម្លៃថ្មីសម្រាប់ការអនុវត្តចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៩ ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺតម្លៃដែលកំណត់ថ្មី បង្ហាញថាតម្លៃសាំងធមត្មានិង តម្លៃប្រេងម៉ាសូតមានការឡើងថ្លៃជាងសប្តាហ៍កន្លងទៅ ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មចុះថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថាតម្លៃប្រេងសាំងធម្មតា EA92 គឺមានតម្លៃ ៣៦៥០ រៀលក្នុងមួយលីត្រគិតចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៩ នេះ ។ សម្រាប់តម្លៃថ្មីនេះ គេពិនិត្យឃើញថា តម្លៃសាំងឡើងថ្លៃជាងមុន ១៥០ រៀល ក្នុងមួយលីត្រ ខណៈតម្លៃប្រេងម៉ាស៊ូតវិញ គឺតម្រូវឲ្យលក់រាយក្នុងតម្លៃ៣៥៥០ រៀលក្នុងមួយលីត្រ កើនថ្លៃជាងមុន ៥០ រៀល ។
ប្រភពដដែលបានឲ្យដឹងថាថ្លៃលក់រាយកំណត់ដោយក្រសួងពាណិជ្ជកម្មខាងលើ សម្រាប់លក់នៅតាមស្ថានីយប្រេងឥន្ធនៈ នេះគឺជាតម្លៃមួយដែលត្រូវបានបញ្ចុះដោយរាជរដ្ឋាភិបាលចំនួន ៤ សេនដុល្លារក្នុងមួយលីត្រ ព្រោះផ្អែក តាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់សាំងធម្មតាគឺថ្លៃដល់ទៅ ៣៨១០ រៀលក្នុងមួយលីត្រ និងថ្លៃប្រេងម៉ាសូតគឺមានតម្លៃដល់ទៅ ៣៧១០ រៀលក្នុងមួយលីត្រ ។
ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា «ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែក ចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៤សេនដុល្លារក្នុងមួយលីត្រ» ។
លោកប្រាក់ សុគន្ធ ដែលជាអ្នករត់រម៉ក់ម៉ូតូខ្មែរ បាននិយាយថាការឡើងថ្លៃសាំង មើលទៅតិចតួចព្រោះកើនជាងមុនតែ ១៥០រៀលក្នុងមួយលីត្រ តែផលប៉ះពាល់គឺច្រើនសម្រាប់មុខរបរដូចរូបគាត់ ដែលត្រូវដឹកភ្ញៀវក្នុងតម្លៃទាបជាងមុន ដោយសារតែពិបាកប្រកួតប្រជែងនិងម៉ូតូកង់បី ឥណ្ឌា ដែលគេប្រើហ្គាស់នោះ។
លោកប្រាក់ សុគន្ធ ដែលជាអ្នករត់រម៉ក់ម៉ូតូខ្មែរ នៅជិតផ្សារទូលទំពូងបានបន្តថា «ការ កកស្ទះលើដងផ្លូវគឺខ្លាំងជាងមុន អញ្ចឹងត្រូវអស់សាំងជាងមុនច្រើន ខណៈដែលខ្ញុំដឹកភ្ញៀវគឺមិនបានថ្លៃដូចមុននោះទេ ដោយសារតែខ្ញុំត្រូវចំណាយថ្លៃដើមលើសាំងអស់ច្រើនជាងម៉ូតូកង់បីឥណ្ឌា ដែលគេប្រើហ្គាស អញ្ចឹង បើសាំងកាន់តែឡើងថ្លៃ គឺខ្ញុំពិបាកនឹងរកចំណូលណាស់» ។
លោកបន្តថាលោកសំណូមពរដល់ថ្នាក់ដឹកនាំ ជួយសម្រួលតម្លៃសាំងកុំឲ្យបន្តឡើងថ្លៃទៀតនាពេលចូលឆ្នាំខ្មែរខាងមុខនេះ ព្រោះជាពេលវេលាត្រូវវិលត្រឡប់ទៅស្រុកជុំគ្រួសារ ដែលវាអាចបង្កឲ្យមានការចំណាយខ្ពស់លើថ្លៃសាំងធម្មតាសម្រាប់ប្រជាពលរដ្ឋក្រីក្រ ៕
ចែករំលែកព័តមាននេះ