ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយា​កវី​គ​ង្គ ប៊ុ​ន​ឈឿ​ន ចង់​កោះហៅ​អ្នក​លួច​ចម្លង​ទាំងអស់ !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្នុង​ពេល​ភរិយា​របស់​កវី​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​មក​ដល់​កម្ពុជា​កាលពី​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៩ មហាជន​ចង់​ដឹង​ពី​វិធានការ​នៃ​ការ​ប្តឹង​ផលិតកម្ម​សាន់​ដេ និង​នាយ​ចឺម ដែល​កាឡៃ​បទ​ចម្រៀង​ស្នាដៃ​និពន្ធ​របស់​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន…

រាជធានី​ភ្នំពេញ​៖ ក្នុង​ពេល​ភរិយា​របស់​កវី​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​មក​ដល់​កម្ពុជា​កាលពី​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៩ មហាជន​ចង់​ដឹង​ពី​វិធានការ​នៃ​ការ​ប្តឹង​ផលិតកម្ម​សាន់​ដេ និង​នាយ​ចឺម ដែល​កាឡៃ​បទ​ចម្រៀង​ស្នាដៃ​និពន្ធ​របស់​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ។

កូនស្រី​ពៅ​របស់​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន អះអាង​ថា «​តាម​ពិត​មិនមែន​សំខាន់​ចំពោះ​នាយ​ចឺម ទាំងស្រុង​ទេ អ្នក​ច​មៀង​ទូទៅ​គឺ​ច្រៀង​តាម​ផលិតកម្ម​តម្រូវ​ដែល​អ្នក​ម្ដាយ​ខ្ញុំ​មក​ដល់​ស្រុក​ខ្មែរ​គឺជា​គម្រោង​ទុក​យូរ​មក​ហើយ គឺ​មក​ដើរ​កម្សាន្ត​លំហែកាយ ជួបជុំ​កូនចៅ និង​ស្នាក់​នៅ​រយៈពេល​យូរ បូក​ផ្សំ​នឹង​មានរឿង​នេះ​កើតឡើង ក៏​បាន​តម្រូវ​ឲ្យ​ម៉ាក់​មក​ដោះស្រាយ​បញ្ហា​ជាមួយនឹង​រឿង​កម្មសិទ្ធិបញ្ញា​នេះ​ជាមួយ​ផលិតកម្ម​សាន់​ដេ​ក៏​ដូច​ជា​ផលិតកម្ម ផ្សេង​ៗ​ដែល​កន្លង​មក​តែងតែបាន​លួច​យក​ស្នាដៃ​របស់​លោកប៉ា​ខ្ញុំ និង​អ្នកនិពន្ធ​ជំនាន់​មុន ទុកជា​គំរូ​កុំឱ្យ​ចេះ​តែ​មាន​អ្នក​លួច​បន្លំ​យក​ស្នាដៃ មិន​ថា​តែ​ជា​ស្នាដៃ​របស់​លោកប៉ា​ខ្ញុំ ឬ​ក៏​ជា​ស្នាដៃ​អ្នកនិពន្ធ​ក្នុង​ផលិតកម្ម ផ្សេង​ៗ​ទៀត​ត្រូវ​បាន​ទទួល​នូវ​កម្មសិទ្ធិបញ្ញា​យ៉ាង​ពិតប្រាកដ ។

ខាង​ក្រសួង​គាត់​មាន​វិធានការ​របស់​គាត់​ហើយ ចំណែក​ក្រុម​គ្រួសារ​ខ្ញុំ​តាំងពី​ដើម​ទី​មក​ក៏​មិន​ដែល​ចង់​មាន​បញ្ហា​អី​វែង​ឆ្ងាយ ឬ​ការ​ប្ដឹងប្តល់​អី​ដែរ​ទេ ពីព្រោះ​នេះ​មិនមែន​ជា​លើក​ដំបូង​ទេ​គឺ​វា​មាន​ជា​ហូរហែ​កន្លង​មក​រាប់​សិប​ឆ្នាំទៅ​ហើយ​។ ពេល​ដែល​លោកប៉ា​ខ្ញុំ​នៅ​មានជីវិត​គឺ​គាត់​តែងតែ​ប្រៀនប្រដៅ​ឲ្យ​ពួក​យើង​ចេះ​ស្រឡាញ់​រាប់អាន​គ្នា​ក្នុង​នាម​ជា​ខ្មែរ​ដូច​គ្នា​…​គាត់​បានដឹង​រឿង​នេះ​ពី​យូរណាស់​មក​ហើយ ប៉ុន្តែ​គាត់​មិន​ដែល​ចង់​មាន​បញ្ហា​អី​ទេ​…​ទោះបីជា​គាត់​ឈឺ​ធ្ងន់​រស់នៅ​ស្រុក​គេ​គេង​ពេទ្យ ហើយ​ក៏​គាត់​នៅ​តែ​ព្យាយាម​សរសេរ​អត្ថបទ​ប្រលោមលោក ផ្សេង​ៗ​ដើម្បី​បន្សល់​ទុក​នូវ​ស្នា​ដៃដល់​កូន​ខ្មែរ​ជំនាន់ ក្រោយ​ៗ​ដែរ​។

ពួក​ខ្ញុំ​មិន​និយាយ​ចំពោះតែ​បុគ្គល​ម្នាក់​ទេ គឺ​ខ្ញុំ​និយាយ​ចំពោះ​បុគ្គល​ទូទៅ​ដែល​តែងតែបាន​ផល​ចំណេញ​ពី​ញើស​ឈាម​អ្នក​ដទៃ ។ លោកប៉ា​នាង​ខ្ញុំ​គាត់​តែង​និយាយ​ថា​គាត់​មានការ​សោកស្តាយ​ដែល​បាន​ចាក​ចេញពី​ស្រុក​កំណើត​ជាទី​ស្រឡាញ់​របស់​គាត់ រួម​ទាំង​មិន​ដែល​បាន​បង្ហាត់បង្រៀន​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ឲ្យ​បាន​ទទួល​នូវ​ចំណេះដឹង​ផ្ទាល់​អំពី​ការ​និពន្ធ​បទ​ភ្លេង និង​សរសេរ​សៀវភៅ​របស់​គាត់ ។ ដូច្នេះ​សូមកុំ​ចេះ​តែ​ចោទប្រកាន់​ថា​ក្រុម​គ្រួសារ​នាង​ខ្ញុំ​ចូល​ចិត្ត​ចង់​ប្តឹង​ខ្មែរ​គ្នា​ឯង​នោះ គ្រួសារ​ខ្ញុំ​មិនមែន​ជា​ប្រភេទ​មនុស្ស​ជាន់ពន្លិច ឬ​ក៏​មិន​ទុក​ឱកាស​ឲ្យ​នរណា​ម្នាក់​ដែរ ។ ចំពោះ​បងប្អូន​ខ្លះ​ដែល​គាត់​បាន​ប្រើ​ពាក្យ​មិន​សមរម្យ​ជា​ខ្លាំង​ចំពោះ​អ្នក​ម្ដាយ​វ័យ​ជរា​របស់ ខ្ញុំ​ៗ​មិន​ចង់​ប្រកាន់ទោស​វែង​ឆ្ងាយ​ទាំង​តារាចម្រៀង ឬ​អ្នកគាំទ្រ អី​នោះ​ទេ ប៉ុន្តែ​សូម​មេត្តា​គិតពិចារណា​ឡើង​វិញ​ផង មុន​នឹង​ប្រើ​ពាក្យ​អសុរោះ​ទាំងនេះ​ចំពោះ​គាត់​។

ក្រុម​គ្រួសារ​នាង​ខ្ញុំ​ទាំងអស់​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​បងប្អូន​ខ្មែរ​ទូទៅ​នៅ​ក្នុង​ពិភពលោក​នេះ​ដែល​តែងតែបាន​គាំទ្រ​នូវ​ស្នាដៃ​និពន្ធ​របស់​លោកប៉ា​ខ្ញុំ រួម​ទាំង​ការ​លើកទឹកចិត្ត និង​ជំរុញ​ឱ្យ​ពួក​ខ្ញុំ​បាន​ដើរទៅ​រក​នូវ​ភាព​យុត្តិធម៌​សម្រាប់​ការ​ថែរក្សា​ស្នាដៃ​របស់​លោកប៉ា​ខ្ញុំ ក៏​ដូច​ជា​លោក​អ្នកនិពន្ធ​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​គេ​លួច​បន្លំ​យក​ស្នាដៃ​យក​មក​កែ​ច្នៃ​តាម​រូបភាព ផ្សេង​ៗ​។ ពួក​ខ្ញុំ​សុទ្ធតែ​ជា​អ្នក​ស្រឡាញ់ និង​គាំទ្រ​សិល្បៈ​យើង​ខ្លាំង​ណាស់ ពិសេស​គឺ​ស្នាដៃ​កូន​ខ្មែរ​យើង​»​។

ដោយឡែក​អ្នកស្រី​តាក គឹ​ម​លន ភរិយា​របស់​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​អះអាង​ថា គោលបំណង​ដែល​លោកស្រី​ចង់បាន​ពេល​នេះ គឺ​មិនមែន​ជា​ទឹកប្រាក់ ឬ​កម្រៃ​អ្វី​ពី​បណ្តា​ផលិតកម្ម​ដែល​បាន​លួច​ចម្លង​ស្នាដៃ​ស្វាមី​នោះ​ទេ ពោល​គឺ​អ្នកស្រី​គ្រាន់តែ​ចង់បាន​តម្លៃ​រាល់​កេរ​មរកត​ទាំងអស់ និង​ចេះ​ថែរក្សារ​រាល់​ស្នាដៃ​របស់​កវី ដើម្បី​ឱ្យ​ដួង​វិញ្ញាណក្ខន្ធ​របស់​កវី​ដែល​ចែក​ឋាន​ទៅ​បាន​ស្ងប់​ស្រួល និង​ដើម្បី​ជា​សេចក្តី​ថ្លៃថ្នូរ​សម្រាប់​អ្នកនិពន្ធ ។

អ្នកស្រី​តាក គឹ​ម​លន បញ្ជាក់​ថា អ្នកស្រី​នឹង​ពិភាក្សា​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រ សិល្បៈ ដើម្បី​កោះហៅ​អ្នក​ដែល​លួច​ចម្លង​ទាំងអស់ ដើម្បី​ចាត់ចែង​តាម​នីតិវិធី​ច្បាប់ ។

តារាចម្រៀង​នាយ​ចឺម រង​ការ​រិះគន់​ខ្លាំង បន្ទាប់​ពី​បទ​ចម្រៀង​របស់​គេ​មាន​ចំណងជើង​ថា «​អូន​ជា​អ្នកមាន​សម​នឹង​អ្នកមាន​ដូច​គ្នា​» ដែល​បាន​កាឡៃ​បទ​ភ្លេង​ស្នាដៃ​របស់​កវី​គ​ង្គ ប៊ុ​ន​ឈឿ​ន គឺ​បទ​«​នឹក​ភូមិ​ភ្នំ​»​។ បន្ទាប់​​​ពី​មានការ​រិះគន់ និង​ការ​ព្រមាន​ប្តឹង​ពី​ក្រុម​គ្រួសារ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន មក នាយ ចឺម មិន​បាន​ចេញ​មុខ​សុំ​ទោស​ណាមួយ​នៅឡើយ​ទេ ដោយសារ​សម្អាង​ថា ខ្លួន​ធ្វើ​អ្វី​ទៅ​តាម​ផលិតកម្ម​តម្រូវ​ប៉ុណ្ណោះ ។

ទោះជា​យ៉ាងណា​ក្តី​អ្នកនិពន្ធ​បទ​ចម្រៀង​ឲ្យ​នាយ ចឺម បាន​ចេញ​មុខ​សុំ​ទោស​ដល់​ក្រុម​គ្រួសារ​របស់​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ជា​សាធារណៈ​រួច​ហើយ​។ ចំណែក​ផលិតកម្ម​សាន់​ដេ​បាន​យល់ព្រម​លុប​បទ​ចម្រៀង​នេះ​ចោល​វិញ​តាម​ការ​ទាមទារ​ពី​ក្រុម​គ្រួសារ​របស់​កវី​ស្ទឹង​សង្កែ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ