ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​កា​ដា​ហ្វី​វាយ​លុក​ខាង​យោធា​ និង​ការ​​ទូត​ ហើយកាត់​ថ្លៃ​ក្បាលមេ​បះបោរ

15 ឆ្នាំ មុន

របប​លី​ប៊ី​របស់​លោក​មូ​អាម៉ា កា​ដា​ហ្វី កាល​ពី​ថ្ងៃ​ទី​៩ មីនា បាន​ធ្វើ​ការ​វាយ​លុក​ខាង​យោធា​ និង​ការ​ទូត​ដ៏​ធំ​មួយ​ប្រឆាំង​ពួក​បះ​បោរ​ដែល​គំរាម​កំហែង​ដល់​ការ​កាន់​អំណាច​របស់​លោក​។ នៅ​លើ​ទី​លាន​កង​កម្លាំង​របស់​លោក​កា​ដា​ហ្វី​ ហាក់​ដូច​ជា​ពង្រីក​ទឹក​ដី​កាន់​កាប់​​វិញ​ តែ​ប្រឈម​មុខ​នឹង​ពួក​ឧទ្ទាម​នៅរណ​សិរ្ស​ខាង​កើត​ប្រទេស​។
ពួក​ឧទ្ទាម​ត្រួត​ត្រា​តំបន់​ភាគ​ខាង​កើត​ដែល​សំបូរ​ប្រេង​កាត​ ព្រម​ទាំង​មូល​ដ្ឋាន​​មួយ​ចំនួន​នៅ​ភាគ​ខាង​លិច​ប្រទេស​ ខណៈ​ដែល​ទី​ក្រុង​ទ្រី​ប៉ូលី និង​តំបន់​ជុំ​វិញ​ទី​ក្រុង​នេះ​នៅ​តែ​ស្ថិត​ក្នុង​កណ្តាប់​ដៃ​ពួក​ស្និទ្ធ​លោក​កា​ដា​ហ្វី​។ BBC រាយ​ការណ៍​ថា អ្នក​កាសែត​របស់​ខ្លួន​៣​នាក់​ត្រូវ​ចាប់​ខ្លួន​ ហើយ​រង​ការ​វាយ​​ដំ​ដោយ​កង​កម្លាំង​ស្មោះ​ត្រង់​នឹង​លោក​កា​ដា​ហ្វី​ ខណៈ​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​​កាន់​ទី​ក្រុង ZAOUIAH។
លោក​កា​ដា​ហ្វី​សន្យា​ផ្តល់​ប្រាក់​៤០០.០០០​ដុល្លារ​ចំពោះ​ការ​ចាប់​ខ្លួន​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌​ ខណៈ​ដែល​កង​កម្លាំង​របស់​លោក​បន្ត​ការ​វាយ​លុក​ដណើ្តម​កាន់​កាប់​ភាគ​ខាង​កើត​ប្រទេស​វិញ​។ លោក​កា​ដា​ហ្វី​ដែល​ចោទ​ប្រកាន់​​លោក​ខាង​លិច​ និង​អាល់​កៃ​ដាថា ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បះ​បោរ​​នៅ​ប្រទេស​លោក​នឹង​បញ្ជូន​បេស​ក​ជន​​ទាំង​ឡាយ​ទៅ​កាន់​អេហ្ស៊ីប​ និង​អឺរ៉ុប​។
ការ​ប៉ះ​ទង្គិច​គ្នា​នានា​បាន​បន្ត​នៅ​ជិត​ទី​ក្រុង​ប្រេង​ RAS LANOUF ភាគ​ខាង​កើត​ប្រទេស​ដែល​នៅ​ទី​នោះ​មានការ​វាយ​ឆ្មក់​តាម​អាកាស​ និង​ការ​បាញ់​ផ្លោង​យ៉ាង​ខ្លាំង​របស់​កង​កំលាំង​​លោក​កា​ដា​ហ្វី​សំដៅ​ភាគ​ខាង​លិច​ក្រុង​កំពង់​ផែ​នោះ​។ អគ្គី​ភ័យ​យ៉ាង​សាហាវ​មួយ​កើត​មាន​ជុំ​វិញ​រោង​ចក្រ​ចំរាញ់​ប្រេង​កាត​ដោយ​មាន​​ពពក​ផ្សែង​ខ្មៅ​ហុយ​ឡើង​លើ​។ ប្រឈ​ម​មុខ​ចំពោះ​ការ​វាយ​ប្រហារ​ទាំង​នេះ​ពួក​បះ​បោរ​បាន​តប​ត​វិញ​តាម​រយៈ​ការ​​បាញ់​គ្រាប់​រុ៉ក្កែត​៤០​គ្រាប់​ និង​មី​សីុល​ការ​ពារ​អាកាស​២​គ្រាប់​។ នៅ​ភាគ​ខាង​លិច​ក្រុង​ទ្រី​ប៉ូលី​ពួក​ប្រឆាំង​ត្រួត​ត្រា​ទី​ក្រុង ZENTEN ដែល​ជាប់​ការ​ហ៊ុម​ព័ទ្ធ​ជា​និច្ច​។ កង​កម្លាំង​​លោក​កាដា​ហ្វី​ក៏​ធ្វើ​ការ​វាយ​លុក​លើ​ទី​ក្រុង ZAWI​YAH ជា​ទី​តាំង​មួយ​របស់​ពួក​បះ​បោរ​ស្ថិត​នៅ​ជិត​ក្រុង​ទ្រី​ប៉ូលី​ជាង​គេ​ដែរ ។
ពួក​បះ​បោរ​បាន​ធ្វើ​ការ​អំពាវ​នាវ​រក​ជំនួយ​អន្តរ​ជាតិ​ដោយ​ស្នើ​បង្កើត​តំបន់​ហាម​មិន​ឱ្យ​មាន​ការ​ហោះ​ហើរ​​ដើម្បី​រាំង​ខ្ទប់​សកម្ម​ភាព​វាយ​ប្រហារ​​របស់​កង​កម្លាំង​អាកាសលោក​កា​ដា​ហ្វី​។ ចំណែក​រដ្ឋា​ភិ​បាល​របស់​លោក​កា​ដាហ្វី​បាន​បញ្ជូន​បណ្តា​បេស​ក​ជន​ទៅ​កាន់​អឺរ៉ុប​មុន​កិច្ច​ប្រជុំ​កំពូល​របស់​សហ​ភាព​អឺរ៉ុប​ដែល​នឹង​ផ្តោត​ជា​ពិសេស​លើ​បញ្ហា​លី​ប៊ី​នៅ​ក្រុង​ព្រុច​សែល​។ ឧត្តម​សេនីយ៍​លី​ប៊ី​មួយរូប​​ក៏​នឹង​កាន់​សារ​មួយ​របស់​លោក​​កា​ដា​ហ្វី​ទៅ​កាន់​ទី​ក្រុង​គែរ​ ជា​កន្លែង​បើក​ធ្វើ​កិច្ច​ប្រជុំ​មួយ​របស់​សម្ព័ន្ធ​អារ៉ាប់​នា​ថ្ងៃ​ទី​១២ មីនា​ខាង​មុខ​នេះ​ដែរ ៕