រាជធានីភ្នំពេញ ៖ ជនអនាថាដើរតែតោលម្នាក់ឯងពេញក្រុងភ្នំពេញ ដោយសារតែចាញ់បោកមេខ្យល់ទៅធ្វើការនៅប្រទេសថៃច្រើនខែ ចុះទូកនេសាទ ពេលរួចខ្លួនត្រលប់មកដល់ភ្នំពេញ ក្នុងខ្លួនគ្មានលុយមួយរៀលក៏សម្រេចចិត្តដើរសុំទានគេ និងដើរសុំគេធ្វើការ ពេលឃើញរូបរាងគាត់គ្មានអ្នកណាឱ្យលុយ ឬក៏ការងារធ្វើទេ ។
ដោយសារខ្លួនគាត់ស្អុយមិនបានងូតទឹកច្រើនថ្ងៃមកហើយ លុះដើរមកដល់ការដ្ឋានសំណង់មួយនៅជិតវត្តស្វាយពពែ ក៏សុំគេធ្វើការតែត្រូវគេបដិសេធ និងដេញគាត់ឱ្យចេញ លុះយប់គាត់ត្រលប់មកម្តងទៀត ដើម្បីសុំទឹកម្ចាស់ការដ្ឋានលាងខ្លួន តែមិនទាន់បាននិយាយផងក៏ត្រូវគេចោទថា «ចោរ» ចាប់វាយទ្រោមខ្លួនតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៩យប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចលេខ77 ផ្លូវ830 ភូមិ7 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ជនអនាថាខាងលើដែលគេចោទគាត់ថា ជាចោរនោះមានឈ្មោះ សុខ ផាតប៊ុនសា ភេទប្រុស អាយុ30ឆ្នាំ មុខរបរនឹងស្នាក់នៅមិនពិតប្រាកដ។
តាមសម្តីរៀបរាប់របស់ជនអនាថា ប្រាប់ឱ្យដឹងថា រូបគេទើបតែមកពីស្រុកថៃ ដោយធ្វើការនេសាទ ហើយត្រលប់មកវិញគ្មានលុយមួយរៀលទេ ហើយមិនបានងូតទឹកច្រើនថ្ងៃខ្លួនធំក្លិនឡើងស្អុយ ក៏សម្រេចចិត្តដើរសុំទានគេ និងដើរសុំគេធ្វើការ រហូតមកដល់ការដ្ឋានសំណង់កើតហេតុខាងលើក៏បានសុំគេចូលធ្វើការដែរ តែគេមិនព្រមទទួល រួចដេញគាត់ចេញ លុះយប់កើតហេតុគាត់មិនដឹងទៅណា ក៏ត្រលប់មកវិញម្តងទៀត ដើម្បីសុំទឹកគេនៅការដ្ឋាននោះងូតសម្អាតខ្លួន តែមិនទាន់បានសុំផង គ្រាន់តែឈរនៅមុខនោះក៏ត្រូវក្រុមអ្នកធ្វើការនៅក្នុងការដ្ឋានហៅគាត់ឱ្យឈប់ និងសុំឆែកខ្លួន ដោយចោទគាត់ថា ជាចោរ និងបាននាំគ្នាព្រួតវាយគាត់ម្តង ។
តាមប្រភពពីខាងកម្មករសំណង់វិញប្រាប់ឱ្យដឹងថា មូលហេតុដែលរូបគាត់ចោទថា បុរសខាងលើជាចោរនោះ គឺដោយសារតែឃើញរូបរាងគួរឱ្យសង្ស័យ ហើយកន្លងមក កន្លែងគាត់ធ្លាប់បាត់របស់របរច្រើន ទើបសង្ស័យបុរសនោះតែម្តង ព្រោះពីព្រឹកគាត់បានដេញចេញទៅម្តងហើយ យប់ក៏ត្រឡប់មកវិញទៀត ទើបពួកគាត់គិតថា បុរសនោះជាចោរ បានឃាត់ខ្លួនហើយជ្រុលដៃវាយម្នាក់មួយដៃមួយជើងទៅ។
ក្រោយកើតហេតុ បុរសអនាថាខាងលើត្រូវបានឃាត់ខ្លួនទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បន្ទាប់ពីរកមិនឃើញពីទោសកំហុស ព្រោះបុរសនោះមិនបានចូលទៅក្នុងការដ្ឋាននោះទេ ហើយគ្មានអ្នកណាមកប្តឹងទៀត ទើបសមត្ថកិច្ចមូលដ្ឋានធ្វើការអប់រំ បុរសអនាថានោះតាមនីតិវិធីឱ្យត្រលប់វិញទៅ ៕
ចែករំលែកព័តមាននេះ