ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​និង​ស​ម្ងួ​ត​ស្រូវ ត្អូញត្អែរ​ខ្លាំង​រឿងដាច់​អគ្គិសនី​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ក្រុងភ្នំពេញ ឬ​នៅ​តាម​បណ្តា​ខេត្ត មានការ​ដាច់​ចរន្តអគ្គិសនី ជា​ញឹកញាប់​ខុស​ប្រក្រតី​ក្នុង​មួយ​ថ្ងៃ​ៗ ជា​ហេតុ​ធ្វើ​ឱ្យ​ពលរដ្ឋ ម្ចាស់​សហគ្រាស…

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ក្រុងភ្នំពេញ ឬ​នៅ​តាម​បណ្តា​ខេត្ត មានការ​ដាច់​ចរន្តអគ្គិសនី ជា​ញឹកញាប់​ខុស​ប្រក្រតី​ក្នុង​មួយ​ថ្ងៃ​ៗ ជា​ហេតុ​ធ្វើ​ឱ្យ​ពលរដ្ឋ ម្ចាស់​សហគ្រាស ជា​ពិសេស​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​មានការ​រអ៊ូរទាំ​ថា ការ​ដាច់​ចរន្តអគ្គិសនី​បែប​នេះ​បាន​និង​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សង្វា​ក់​ផលិតកម្ម ហើយ​បើ​បន្ត​ដាច់​រយៈពេល​យូរ​ខែ សម្រាប់​វិស័យ​ស្រូវ​អង្ករ​នឹង​ជួប​បញ្ហា​ប្រឈម​ខ្លាំង​។ ខណៈ​ប្រមុខ​ដឹកនាំ​ប្រទេស​បាន​បញ្ជាក់​ថា កម្ពុ​ជានា​ពេល​នេះ កំពុង​ខ្វះខាត​ថាមពល​អគ្គិសនី​ដល់​ទៅ ៤០០​មេ​ហ្កា​វ៉ា​ត់​ឯណោះ ។

បើ​តាម​អគ្គនាយករង ក្រុមហ៊ុន អេ​ម​រុ រាយ​ស៍ បានឱ្យ​ដឹង​នា​ថ្ងៃ​ទី ១៧ ខែមីនា ឆ្នាំ​២០១៩ នេះ​ថា ការ​ដាច់​ចរន្តអគ្គិសនី នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​គ្រប់​វិស័យ មិន​ថា​តែ​វិស័យ​ស្រូវ​អង្ករ​នោះ​ទេ វិស័យ​កាត់ដេរ និង​វិស័យ​ឯកជន​ផ្សេង​ទៀត​ក៏​ប៉ះពាល់​ខ្លាំង​ផង​ដែរ​។ អ្វី​ដែល​កាន់តែ​ប្រឈម​មុខ​ខ្លាំង​នោះ គឺ​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ និង​ស​ម្ងួ​ត​កសិផល​របស់​កសិករ​ខ្មែរ នា​រដូវ​ច្រូតកាត់​នេះ​តែ​ម្តង ។

លោក កាន់ គ​ន្ធី អគ្គនាយករង​ក្រុមហ៊ុន អេ​ម​រុ រាយ​ស៍មាន​ប្រសាសន៍​ថា « ការ​ដាច់​ចរន្តអគ្គិសនី​កន្លង​មកនេះ​វា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ខ្លាំង គេ​ស្រែក​គ្រប់​គ្នា​ៗ ព្រោះ​ប៉ះពាល់​សង្វា​ក់ ផលិតកម្ម ។ អគ្គិសនី​ដាច់ និង​មាន​ភាពរ​អាក់ រ​អួល នៅ​គ្រប់កន្លែង​ទាំងអស់ ដូច​ជា​នៅ​ខេត្តបាត់ដំបង​ក៏​ដាច់​, ត្បូងឃ្មុំ​ក៏​ដាច់​, កំពង់ចាម​ក៏​ដាច់ គេ​ស្រែក​គ្រប់​តែ​គ្នា​»​។ បើ​តាម​លោក​អគ្គនាយករង បាន​ឲ្យ​ដឹងផង​ដែរ​ថា ពេល​អគ្គិសនី​ដាច់​ចុះឡើង​ៗ វា​ធ្វើ​ឱ្យ​ប៉ះពាល់​គ្រឿង​ម៉ាស៊ីន បើ​អាយុកាល​គ្រឿង​ម៉ាស៊ីន​អាច​ប្រើ​បាន​១០​ឆ្នាំ វា​អាច​ថយ​អាយុកាល​ប្រើប្រាស់​, ឬ​ការ​ដាច់​អគ្គី​ស​នី បណ្តាល​ឲ្យ​គាំងម៉ាស៊ីន​កិនស្រូវ​, ក្រុមហ៊ុន​ពុំ​ហ៊ាន​ចុះ​ទៅ​ទិញ​ស្រូវ​ពី​កសិករ​ដោយសារ​គ្មាន​អគ្គិសនី​ស​ម្ងួ​ត​ស្រូវ ។ លើស​ពី​នេះ វា​ធ្វើ​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​អង្ករ​ទៅ​ដល់​ដៃគូ​ទិញ​អង្ករ​នៅ​ខាងក្រៅ​ប្រទេស​ទៀត​ផង ។

លោក កាន់ គ​ន្ធី បន្ត​ថា « បញ្ហា​ដាច់​ចរន្តអគ្គិសនី​នេះ យើង​បាន​ផ្តល់​ដំណឹង​ទៅ​ខាង​រាជរដ្ឋាភិបាល​រួច​ហើយ​តាម​រយៈ ធនាគារ​អភិវឌ្ឍន៍ជនបទ​និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ វត្ថុ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា​អាជ្ញា​ធរមាន​យន្តការ​ដោះស្រាយ​បែប​ណា​នោះ​ទេ​។ បញ្ហា​នេះ​អាច​ជួប​ប្រទះ​រហូត​ដល់​ដាច់​ខែ​៥ អីចឹង​យើង​អាច​ប្រឈម​ជា​ខ្លាំង​បើសិន​អត់​មាន​ដំណោះស្រាយ នៅ​ក្នុង​អន្តរៈកាល​ក្នុង​ខែ​៣ ឬ​ខែ​៤ ឬ​នៅ​តែ​ដាច់​អគ្គិសនី​រហូត​វា​នឹង​ប៉ះពាល់​ខ្លាំង​»​។
ពាក់ព័ន្ធ​ការ​ដាច់​ចរន្តអគ្គិសនី​នេះ បើ​តាម លោក​កាន់ គ​ន្ធី រឿង​ដាច់​ភ្លើង​នៅ​ក្នុង​វិស័យ​ស្រូវ​អង្ករ​នេះ វា​ជួប​ស្ទើ​តែ​រាល់​ឆ្នាំ ។ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ​វា​មានការ​ដាច់​អគ្គិសនី​លក្ខណៈ​ទូ​ទាំង​ប្រទេស ខុស​ពី​ឆ្នាំ​មុន​ៗ វា​ដាច់​ដោយឡែក​ៗ​ពី​គ្នា បើ​បាត់ដំបង​ដាច់​ភ្លើង ខាង​កំពង់ធំ​អត់​ដាច់​ភ្លើង តែ​ឥឡូវ​វា​ដាច់​ភ្លើង​ជា​រួម វា​ប៉ះពាល់​មិន​ត្រឹម​រោង​ម៉ាស៊ីន​ទេ វា​ប៉ះពាល់​ដល់​ខាង​រោងចក្រ​និង​វិស័យ​ឯកជន​ច្រើន​ផ្សេង​ទៀត​។

ក្នុង​នោះ​ផង​ដែរ​មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​ថា Andy Lay ដែល​គេ​ស្គាល់​ថា​ជា​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ មួយ​កន្លែង បាន​សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​លោក​ថា « ខ្ញុំ​សូម​សំណូមពរ​ខាង​អគ្គិសនី​បាត់ដំបង​ពិនិត្យ​បញ្ហា​នេះ ព្រោះ​វា​ប៉ះពាល់​ដល់​កា​រស​ម្ងួ​ត​ស្រូវ​និង​កិន​នាំ​ចេញ​។ សូម​មេត្តា​ផ្តល់​អាទិភាព​ដល់​រោង​ម៉ាស៊ីនកិនស្រូវ​ដែល​កំពុង​ស​ម្ងួ​ត​កសិផល​កសិករ នា​រដូវ​ច្រូតកាត់ »​។

ដោយឡែក លោក Vuthy Thov បាន​សំណូមពរ​លោក​ប្រធាន​អគ្គិសនី​ខេត្តបាត់ដំបង និង​បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ មានការ​រអាក់រអួល​ភ្លើង​យ៉ាង​ខ្លាំង​បណ្តាល​ឱ្យ​រោង​ម៉ាស៊ីនកិនស្រូវ​មិន​អាច​ដំណើរការ​បាន​ពេញ​មួយ​ថ្ងៃ​ទេ ឡ​ស​ម្ងួ​ត​ស្រូវ​ក៏​មិន​អាច​ស​ម្ងួ​ត​បានជា​ហេតុ​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ការ​ទិញ​ស្រូវ​ពី​កសិករ ។ ក្នុង​នាម​ខ្ញុំ​ជា​អាជីវករ​ម៉ាស៊ីន​ស្រូវ​សំណូមពរ​ឱ្យ​លោក​ប្រធាន​មេត្តា​ជួយ​សម្រួល​ពី​បញ្ហា​នេះ​ដោយ​ក្តី​អនុគ្រោះ​ផង​»​។ ចំណែក​គណនី​ហ្វេ​ស​ប៊ុ​ក​មួយទៀត​ឈ្មោះ​ថា Yin Veng An បាន​សរសេរ​ថា «​ក្នុង​រយៈពេល​៣ ឬ​៤​ថ្ងៃនេះ មាន​បញ្ហា​ដាច់​ភ្លើង​ជា​ញឹកញាប់ ដូចនេះ​វា​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​រោង​ម៉ាស៊ីន កិនស្រូវ​នឹង​ការ​ទិញ​កសិផល​របស់​កសិករ យ៉ាង​ខ្លាំង​។ រោង​ម៉ាស៊ីន​ពុំ​ហ៊ាន​ទិញ​កសិផល​របស់​គាត់ ព្រោះ​ខ្លាច​ខូច​ដោយសារ​ការ​ដាច់​ភ្លើង​នេះ​។ ហេតុ​ដូចនេះ​សូម​លោក​ប្រធាន​អគ្គិសនី​ខេត្តបាត់ដំបង​ជួយ​មើល​បញ្ហា​នេះ​ផង​» ។

សូម​បញ្ជាក់​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បាន​ថ្លែង​កាលពី​ថ្ងៃ​ទី ១៦ ខែមីនា នា​ឱកាស​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​ពិធីបុណ្យ​ទន្លេ នៅ​ឯ​ខេត្តកំពង់ឆ្នាំង​ថា​សព្វ​ថ្ងៃនេះ​ប្រទេស​កម្ពុជា​កំពុង​ខ្វះខាត​អគ្គិសនី​ដល់​ទៅ ៤០០​មេ​ហ្កា​វ៉ា​ត់ ហើយ​រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក​ខ្ពស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែល​កំពុង​តែ​កើតឡើង​នេះ ។ សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​បញ្ជាក់​ថា «​មក​ដល់​ពេល​នេះ ម៉ោង​នេះ យើង​ចាប់ផ្ដើម​ខ្វះ​អគ្គិសនី​រហូត​ទៅ​ដល់ ៤០០​មេ​ហ្កា វ៉ា​ត់​តែ​ម្ដង ដែល​នេះ​យើង​កំពុង​រក​ដំណោះ ស្រាយ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​»​។ សម្តេច​បាន​បន្ត​ថា កង្វះខាត​អគ្គិសនី​នា​ពេល​សព្វ​ថ្ងៃនេះ បណ្ដាល​មក​ពី​កង្វះ​ទឹក​ផ្គត់ផ្គង់​នៅ​តាម​ទំនប់​វា​រី​អគ្គិសនី​ជា​ច្រើន​នៅ​ទូ​ទាំង​ប្រទេស ព្រោះថា​ប្រទេស​របស់​យើង​មួយ​ភាគ​ធំ​ប្រើប្រាស់​វា​រី​អគ្គិសនី ប៉ុន្តែ​វា​រី​អគ្គិសនី​ប្រើ​ដោយ​ទឹក ឥឡូវ​ទឹក​នោះ​វា​រីង ជា​ពិសេស​វា​រី​អគ្គិសនី​បញ្ចេញ​ថា​ម ពល​បាន​កម្រិត​ទាប​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ