រដ្ឋធានីវ៉ាស៊ីនតោន ៖ យោងតាមភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី១៦ មីនា កន្លងមកនេះបានឲ្យដឹងថា សង្គ្រាមពាណិជ្ជកម្មដែលបានបង្កឡើងដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) របស់សហរដ្ឋអាមេរិកបានធ្វើឲ្យផលិតផលក្នុងស្រុកសរុប (GDP) របស់សហរដ្ឋអាមេរិកខាតបង់អស់៧.៨ប៊ីលានដុល្លាកាលពីឆ្នាំ២០១៨កន្លងមកនេះ ។
ទិន្នន័យនេះគឺយោងទៅតាមការសិក្សារបស់ក្រុមសេដ្ឋវិទូមួយមកពីសាកលវិទ្យាល័យធំៗក្នុងសហរដ្ឋអាមេរិក ។ អ្នកនិពន្ធបាននិយាយថាពួកគេបានវិភាគពីឥទ្ធិពលក្នុងរយៈពេលខ្លីនៃសកម្មភាពរបស់លោកប្រធានាធិបតី ត្រាំ និងបានប្រទះឃើញថា ការនាំចូលពីប្រទេសដែលជាប់ពន្ធបានធ្លាក់ចុះ ៣១.៥% ខណៈដែលការនាំចេញរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះអស់១១%ផងដែរ ។
ពួកគេបានប្រទះឃើញទៀតថា អតិថិជននិងអ្នកផលិតអាចនឹងខាតបង់សរុបប្រមាណ៦៨.៨ប៊ីលានដុល្លារផងដែរព្រោះតែការចំណាយលើការនាំចូលកើនឡើង ។ ការសិក្សាខាងលើមានការចូលរួមដោយក្រុមសេដ្ឋវិទូមកពី University of California, Berkeley, Columbia University, Yale University និង University of California at Los Angeles ហើយត្រូវបានចេញផ្សាយដោយការិយាល័យជាតិសេដ្ឋកិច្ច ។
គួរបញ្ជាក់ដែរថា លោកប្រធានាធិបតី ត្រាំ បានសន្យាកាលពីកំឡុងពេលធ្វើយុទ្ធនាការបោះឆ្នោតពីរដងកន្លងមកថានឹងកាត់បន្ថយឱនភាពពាណិជ្ជកម្មអាមេរិកដោយទប់ស្កាត់ការនាំចូលដែលមិនយុត្តិធម៌ និងចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសាជាថ្មីឡើងវិញ ។
លោក ត្រាំ បានអនុម័តគោលនយោបាយការពារនិយមដើម្បីការពារវិស័យផលិតកម្មរបស់អាមេរិក ។ សហរដ្ឋអាមេរិកនិងប្រទេសចិនក៏បានធ្លាក់ក្នុងសង្គ្រាមពាណិជ្ជកម្មផងដែរ ហើយលោកត្រាំបានដាក់ពន្ធលើដៃគូពាណិជ្ជកម្មធំៗដទៃទៀតផង ។
ខណៈដែលប្រទេសចិននិងសហរដ្ឋអាមេរិកកំពុងតែចរចាលើការបញ្ចប់សង្គ្រាមពាណិជ្ជកម្ម សភាចិនបានុយល់ស្របទៅលើច្បាប់ថ្មីកាលពីថ្ងៃសុក្រដើម្បីបង្កើតបរិស្ថានមានតម្លាភាពសម្រាប់សហគ្រាសបរទេស ៕
ចែករំលែកព័តមាននេះ