យោងតាមកាសែតបាងកកប៉ុស្តិ៍របស់ថៃផ្សាយជាភាសាអង់គ្លេសនៅថ្ងៃទី២៤ មីនា ផ្សាយឱ្យដឹងថា ក្រុមសម្ព័ន្ធភាពប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យ ហៅក្រុមអាវលឿង នឹងចែកខិត្តប័ណ្ណចំនួន១០០.០០០ច្បាប់ជាផ្នែកមួយនៃយុទ្ធនាការរបស់ខ្លួន ប្រឆាំងការអនុម័តរបស់សភាលើកំណត់ហេតុរបាយការណ៍ចំនួន៣របស់គណៈកម្មាធិការព្រំដែនចម្រុះ (JBC) ដែលសម្រេចបានក្នុងកិច្ចប្រជុំលើកមុនរបស់ខ្លួន អនុលោមទៅតាមអនុស្សរណៈនៃការយោគយល់គ្នា ដែលចុះហត្ថលេខារវាងប្រទេសថៃ និងប្រទេសកម្ពុជា កាលពីឆ្នាំ២០០០កន្លងមក ។
ក្រុមជ្រុលនិយមសៀមអាវលឿងប្រកាសចែកខិត្តប័ណ្ណប្រឆាំងការអនុម័តរបស់សភាលើកំណត់ហេតុរបាយការណ៍ទាំង៣របស់ JBC នៅពេលទទួលបានព័ត៌មានថា សភាគ្រោងកោះប្រជុំដើម្បីផ្តល់ការអនុម័តលើរបាយការណ៍ទាំង៣នៅថ្ងៃទី២៥ មីនា ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការបើកកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនចម្រុះ (JBC) ។
អ្នកនាំពាក្យក្រុមអាវលឿង លោក Panthep Puapongpan និយាយថា ខិត្តប័ណ្ណទាំងនោះនឹងចែកចាយនៅវេលារសៀលថ្ងៃទី២៤ មីនា ដល់ពលរដ្ឋក្នុងតំបន់ពាណិជ្ជកម្មសំខាន់ៗនៃទីក្រុងបាងកក និងសង្កាត់៧ទៀត ។ លោក Panthep និយាយទៀតថា នៅវេលារសៀលថ្ងៃទី២៤ មីនា ក្រុមអាវលឿងនឹងប្រកាសពីវិធានការផ្សេងៗដើម្បីបញ្ចុះបញ្ចូលសភា និងព្រឹទ្ធសភា កុំឱ្យផ្តល់ការអនុម័តលើកំណត់ហេតុរបាយការណ៍ទាំងនោះ ។ ប៉ុន្តែទោះបីជាមានការធ្វើព្យុះភ្លៀងរបស់ក្រុមជ្រុលនិយមអាវលឿងក៏ដោយ ក៏សភាថៃអះអាងថា នឹងផ្តល់ការអនុម័តលើរបាយការណ៍ទាំងនោះ នៅក្នុងសម័យប្រជុំរួមរបស់ខ្លួនដែលរៀបចំឡើងនៅថ្ងៃទី២៥ មីនា ។
ដោយឡែក គេហទំព័រ MCOT នៅថ្ងៃទី២៤ មីនា នោះដែរ បានផ្សាយឱ្យដឹងថា លោកស៊ូថេប ធឿកស៊ូបាន់ ឧបនាយករដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី២៤ មីនា បានបង្ហាញពីការគាំទ្ររបស់លោកចំពោះទស្សនៈយោបល់របស់ប្រមុខយោធាឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចា ដែលថា ភាគីទី៣គួរតែកុំជាប់ពាក់ព័ន្ធជាមួយកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ GBC ពីព្រោះវាជាបញ្ហាទ្វេភាគីរវាងប្រទេសថៃ និងប្រទេសកម្ពុជា ។ គេហទំព័រ MCOT បានដកស្រង់សម្តីលោកស៊ូថេប ដែលថ្លែងថា ប្រទេសឥណ្ឌូណេស៊ីដែលជាប្រធានអាស៊ានយកល្អគួរតែកុំជ្រៀតជ្រែកក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនរវាងប្រទេសថៃ និងប្រទេសកម្ពុជា ។ ប៉ុន្តែទោះបីជាបែបណា លោកស៊ូថេប គូសបញ្ជាក់ថា សម័យប្រជុំសភារួមដែលនឹងរៀបចំឡើងនៅថ្ងៃទី២៥ មីនា នឹងផ្តល់ការអនុម័តលើកំណត់ហេតុរបាយការណ៍ទាំង៣ របស់គណៈកម្មាធិការព្រំដែនចម្រុះ (JBC) ដើម្បីអនុញ្ញាតឱ្យកិច្ចប្រជុំស្តីអំពីការកំណត់ព្រំដែនរវាងថៃ និងកម្ពុជាដំណើរការ ។
ជាមួយគ្នានេះ ទាក់ទិនទៅនឹងវត្តមានអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីនៅតំបន់មានជម្លោះផ្ទៃដី៤,៦គីឡូម៉ែត្រការ៉េ ប្រមុខយោធាថៃឧត្តមសេនីយ៍ប្រាយុទ្ធចាន់អូចា ថ្លែងថា កិច្ចប្រជុំស្តីអំពីការកំណត់ព្រំដែនថៃ-កម្ពុជា គួរតែរៀបចំធ្វើឡើងជាមុនសិន ដើម្បីឱ្យរដ្ឋមន្ត្រីការពារប្រទេសទាំង២ពិភាក្សាគ្នាស្វែងរកដំណោះស្រាយអំពីបញ្ហាដែលថា តើអ្នកសង្កេតការណ៍អាស៊ានគួរតែចូលតំបន់មានជម្លោះនោះ ឬក៏អត់។ លោកប្រាយុទ្ធ ថ្លែងថា ប្រសិនបើអ្នកសង្កេតការណ៍នឹងត្រូវតែឆ្លងកាត់តំបន់ព្រំដែនរូបលោកមិនចង់ឱ្យពួកគេចូលតំបន់មានជម្លោះទេ ព្រោះកន្លែងនោះមានគ្រោះថ្នាក់បំផុត ហើយវត្តមានរបស់ពួកគេនឹងបង្កឱ្យមានការលំបាកកាន់តែខ្លាំង ក្នុងការដោះស្រាយជម្លោះព្រំដែន ។
ប្រធានសភាថៃ លោក Chai Chidchob ថ្លែងថា សភានឹងបើកកិច្ចប្រជុំដើម្បីពិចារណាលើការអនុម័តកំណត់ហេតុរបាយការណ៍របស់ JBC នៅថ្ងៃទី២៥ មីនា តាមការគ្រោងទុកបើទោះបីជាក្រុមអាវលឿងគំរាមឡោមព័ទ្ធវិមានរដ្ឋសភានៅថ្ងៃនោះក៏ដោយ ។ មុននេះក្រុមអាវលឿងប្រកាសថា ពួកគេនឹងឡោមព័ទ្ធអគាររដ្ឋសភា ប្រសិនបើសភាបើកកិច្ចប្រជុំស្តីពីការអនុម័តលើកំណត់ហេតុរបាយការណ៍ទាំង៣របស់ JBC តាមការគ្រោងទុករបស់ខ្លួននោះ ៕
ចែករំលែកព័តមាននេះ