ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឆោម ឆា​រី ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​អំពាវនាវ​រក​អ្នក​ជួយ​ឧបត្ថម្ភ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ឆោម ឆា​រី អតីត​កីឡាករ​ប្រដាល់​សាកល​ដ៏​ល្បីឈ្មោះ​នា​ទស្ស​វត្ស​ទី​៦០ ហើយ​ក៏​ធ្លាប់​ធ្វើ​ជា​គ្រូបង្វឹក​កីឡាករ​ប្រដាល់​សាកល​ជម្រើសជាតិ​ដឹកនាំ​ទៅ​ចូលរួម​ប្រកួត​នៅ​ក្រៅប្រទេស ដណ្ដើម​បាន​មេដាយ​ជា​ច្រើន​គ្រឿង​អំឡុង​ឆ្នាំ​២០០៩ ទៀត​ផង​នោះ បច្ចុប្បន្ន​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ថែម​ទាំង​មាន​ជីវភាព​ខ្វះខាត កំពុង​តែ​ត្រូវការ​អ្នក​ជួយ​ឧបត្ថម្ភ…

រាជធានី​ភ្នំពេញ ៖ លោក​ឆោម ឆា​រី អតីត​កីឡាករ​ប្រដាល់​សាកល​ដ៏​ល្បីឈ្មោះ​នា​ទស្ស​វត្ស​ទី​៦០ ហើយ​ក៏​ធ្លាប់​ធ្វើ​ជា​គ្រូបង្វឹក​កីឡាករ​ប្រដាល់​សាកល​ជម្រើសជាតិ​ដឹកនាំ​ទៅ​ចូលរួម​ប្រកួត​នៅ​ក្រៅប្រទេស ដណ្ដើម​បាន​មេដាយ​ជា​ច្រើន​គ្រឿង​អំឡុង​ឆ្នាំ​២០០៩ ទៀត​ផង​នោះ បច្ចុប្បន្ន​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ថែម​ទាំង​មាន​ជីវភាព​ខ្វះខាត កំពុង​តែ​ត្រូវការ​អ្នក​ជួយ​ឧបត្ថម្ភ ។

លោក​ឆោម ឆា​រី គឺជា​អតីត​កីឡាករ​ប្រដាល់​សាកល​ល្បីឈ្មោះ​មួយ​រូប នៅ​ក្នុង​ឆ្នាំ​១៩៦៩ រហូត​ដល់​ឆ្នាំ​១៩៨៥ ។ ហើយ​បាន​ក្លាយជា​គ្រូបង្វឹក​កីឡាករ​ប្រដាល់​សាកល​ជម្រើសជាតិ​តាំងពី​ឆ្នាំ​១៩៨៦ រហូត​ដល់​ឆ្នាំ​២០១០ ។ ហើយ​បច្ចុប្បន្ន​លោក​កំពុង​តែ​ធ្លាក់ខ្លួន​ឈឺ​ខ្លាំង ថែម​ទាំង​មាន​ជីវភាព​ខ្វះខាត ។ មិនតែប៉ុណ្ណោះ​ភរិយា​របស់​លោក​ដែល​មាន​វ័យ​ជរា​ដូច​គ្នា​នោះ​ក៏​កំពុង​តែ​មាន​ជម្ងឺ​ប្រចាំ​កាយ​ផង​ដែរ​នោះ​ពុំ​មាន​អ្នក​ណា​ជួយ​អ្នក​ណា​បាន​ឡើយ ។

តាម​ការ​ឱ្យ​ដឹង​ពី​លោក​ម៉ា ស៊ី​ថេ​ត ដែល​បាន​ធ្វើ​ដំណើរ​យក​អំណោយ​ផ្ទាល់ខ្លួន ដែល​មាន​អង្ករ​៣​កា​រ៉ុ​ង មី​ពីរ​កេះ រួម​ជាមួយ​សម្ភារៈ​ហូប​ចុក​ប្រចាំ​ថ្ងៃជា​ច្រើន​ព្រមទាំង​ទឹកប្រាក់​១​លាន​រៀល ទៅ​ជូន​លោក​ដោយ​ផ្ទាល់​នៅផ្ទះ​របស់​លោក​នៅ​ខេត្តសៀមរាប កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​បានឱ្យ​ដឹង​ថា លោក​ឆោម ឆា​រី ពិតជា​ជួប​ការ​លំបាក​ខ្លាំង​ណាស់​ពុំ​មានកូន​នៅ​មើលថែ ដោយ​រស់នៅ​ជាមួយ​គ្រួសារ​របស់​លោក​ក្នុង​ខ្ទម​ដ៏​តូច​មួយ ហើយ​ថែម​ទាំង​មាន​ជម្ងឺ​ប្រចាំ​កាយ​ទាំង​ពីរ​នាក់​ទៀត​ផង ។ ក្នុង​ឱកាស​ជួប​និយាយ​លេង​ជាមួយ​លោក ម៉ា ស៊ី​ថេ​ត លោក ឆោម ឆា​រី​បាន​មាន​ប្រសាសន៍​ថា​«​ខ្ញុំ​ហូប​បាន គ្រាន់តែ​អត់​អី​ហូប ព្រោះ​គ្មាន​បច្ច័យ​ទិញ​អី​ហូប​»​គ្រាន់តែ​ឭ​សម្ដី​បែប​នេះ​ភ្លាម​លោក ម៉ា ស៊ី​ថេ​ត​ប្រាប់​ថា ខ្ញុំ​ពិតជា​មានការ​តក់ស្លុត​ខ្លាំង​ណាស់ អួល​ដើម​ក​និយាយ​មិន​ចង់​ចេញ​នោះ​ទេ ។

លោក​ព្រឹទ្ធាចារ្យ​ឆោម ឆា​រី បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ទៀត​ថា ខ្ញុំ​លះបង់​កម្លាំងកាយ​ចិត្ត​បម្រើ និង​លើក​ស្ទួយ​វិស័យ​កីឡាប្រដាល់​សាកល​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​រហូត​ដណ្ដើម​បាន​មេដាយ​ជា​ច្រើន​គ្រឿង​មក​ជូន​ជាតិ​ទៀត​ផង ប៉ុន្តែ​ទីបំផុត​នៅ​ពេល​ដែល​លោក​ធ្លាក់ខ្លួន​បែប​នេះ​បែរជា​សហព័ន្ធ​មិន​យកចិត្តទុកដាក់​បន្តិច​ណា​សោះ ។ ហើយ​អ្នក​ដែល​មក​មើល​លោក​មុនគេ ជា​លោក​ម៉ា ស៊ី​ថេ​តទៅ​វិញ ។

លោក​ព្រឹទ្ធាចារ្យ​ប្រដាល់​សាកល​ដែល​មាន​វ័យ​៦៩​ឆ្នាំ រូប​នេះ​បាន​មាន​ប្រសាសន៍​ឱ្យ​បានដឹង​ទៀត​ថា ពេល​នេះ​ជីវិត​របស់​លោក​គ្មាន​អ្វី​ទៀត​ទេ គ្មាន​កូ​ចៅ​នៅ​ក្បែរ មិន​អាច​ធ្វី​អ្វី​បាន​ក្រៅ​តែ​ពី​សម្ងំ​រស់នៅ​ក្នុង​កូនខ្ទម​ដ៏​តូច​មួយ​ជាមួយ​យាយ​តា​ពីរ​នាក់​ប៉ុណ្ណោះ ។ ជួនកាល​បាន​អ្នក​ជិតខាង​ផ្ដល់​បាយ និង​ម្ហូប​គ្រាន់​ចំអែត​ក្រពះ​បន្តិចបន្តួច​ប៉ុណ្ណោះ ។ ហើយ​លោក​ក៏​មិន​ភ្លេចគុណ​ដល់​លោក ម៉ា ស៊ី​ថេ​ត ដែល​បាន​ចំណាយ​ពេលវេលា​កម្លាំងកាយ​ចិត្ត​មក​ពី​ឆ្ងាយ​មក​សួរ​សុខ​ទុក​លោក​ផ្ទាល់​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ