ប្រធានាធិបតីយេម៉ែន លោកអាលី អាប់ឌុលឡាហ៍ សាឡេហ៍ ថ្លែងប្រាប់ក្រុមប្រឆាំងដ៏ធំបំផុតរបស់ប្រទេសថា រូបលោកនឹងចុះចេញពីតំណែងនៅដើមឆ្នាំក្រោយ ។ នេះបើតាមការឱ្យដឹងដោយមន្ត្រីក្នុងគណបក្សរបស់លោកម្នាក់។ ប៉ុន្តែក្រុមប្រឆាំងបានច្រានចោលការផ្តល់នោះដោយទាមទារឱ្យលោកសាឡេហ៍ ចុះចេញពីតំណែងជាបន្ទាន់ ។
លោកសាឡេហ៍ ថ្លែងក្នុងសុន្ទរកថាចាក់ផ្សាយតាមទូរទស្សន៍ថា «អ្នកដែលចង់ទទួលបានអំណាចតាមរយៈរដ្ឋប្រហារមិនអាចធ្វើទៅរួចឡើយ ដែលសេណារីយ៉ូ នេះនឹងធ្វើឱ្យប្រទេសកើតសង្គ្រាមស៊ីវិល ពីព្រោះយើងមានរដ្ឋធម្មនុញ្ញ និងច្បាប់ ហើយពលរដ្ឋមានឆន្ទៈ» ។
ទោះបីជាបែបណា គេនៅមិនទាន់ច្បាស់ថា តើលោកសាឡេហ៍ ស្ម័គ្រចិត្តចុះចេញពីតំណែងនៅដើមឆ្នាំ២០១២ខាងមុខ ជាការពិត ឬក៏អត់នោះទេ ដែលការផ្តល់នោះត្រូវបានច្រានចោលភ្លាមៗដោយក្រុមប្រឆាំង ។
លោកប្រធានាធិបតីសាឡេហ៍ បង្ហាញពីឆន្ទៈរបស់លោកចុះចេញពីតំណែងនៅឆ្នាំក្រោយ បន្ទាប់ពីលោកបានជួបជាមួយឧត្តមសេនីយ៍ជាន់ខ្ពស់មួយរូបដែលប្រកាសថា នឹងគាំទ្របាតុកម្ម ដែលកើតមានចាប់តាំងពីដើមឆ្នាំ២០១១មក។
ការបង្ហាញពីឆន្ទៈចុះចេញពីតំណែងរបស់លោកសាឡេហ៍ ធ្វើឱ្យមន្ត្រី ក្នុងគណបក្សរបស់លោកមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះស្ថានការណ៍ក្នុងប្រទេសកំពុងមានភាពតានតឹង ដោយសារការទាមទារឱ្យលោកចុះចេញពីតំណែង ។
មន្ត្រីគណបក្សលោកសាឡេហ៍ មួយចំនួននិយាយថា ការផ្តល់របស់លោកសាឡេហ៍ នឹងបង្កឱ្យមានការព្រួយបារម្ភថែមទៀត ហើយភាពតានតឹងនឹងកើនឡើងកាន់តែខ្លាំង៕
ចែករំលែកព័តមាននេះ