ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ស្ថិត​ក្នុង​ចំណោម​ទីផ្សារ​ដឹក​ជញ្ជូន​ដែល​លូតលាស់​លឿន​ជាងគេ

5 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ភ្នាក់ងារ​សារព័ត៌មាន Viet Nam News បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១១ មីនា កន្លង​មក​ថា ប្រទេស​វៀតណាម​ត្រូវ​បាន​ចាត់​ចូល​ក្នុង​ចំណោម​ទីផ្សារ​ដឹក​ជញ្ជូន​ថ្មី​សំខាន់​ៗ​ទាំង​១០…

ប្រទេស​វៀតណាម ៖ ភ្នាក់ងារ​សារព័ត៌មាន Viet Nam News បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១១ មីនា កន្លង​មក​ថា ប្រទេស​វៀតណាម​ត្រូវ​បាន​ចាត់​ចូល​ក្នុង​ចំណោម​ទីផ្សារ​ដឹក​ជញ្ជូន​ថ្មី​សំខាន់​ៗ​ទាំង​១០ ។

យោង​ទៅ​តាម​ក្រុមហ៊ុន​ដឹក​ជញ្ជូន Agility បាន​ឲ្យ​ដឹង​ថា ប្រទេស​វៀតណាម​បាន​ដណ្តើម​យក​ចំណាត់ថ្នាក់​លេខ​១០​របស់​ប្រទេស​ថៃ​ក្នុង​ស​ន្ទ​ស្សន៍​ទីផ្សារ​ដឹក​ជញ្ជូន​ថ្មី​ៗ​របស់ Agility ដែល​មាន​ពិន្ទុសរុប​ស្មើ ៥.៤៨ ។

ស​ន្ទ​ស្សន៍​នេះ​មើល​លើ​ឱកាស​ដឹក​ជញ្ជូន​ក្នុង​ប្រទេស ឱកាស​ដឹក​ជញ្ជូន​អន្តរជាតិ និង​មូលដ្ឋាន​អាជីវកម្ម​ដើម្បី​វាស់វែង​ការ​អភិវឌ្ឍន៍​ទីផ្សារ​ដឹក​ជញ្ជូន​របស់​ទីផ្សារ​ថ្មី​ៗ​ចំនួន ៥០ ។

យោង​ទៅ​តាម Agility បាន​ឲ្យ​ដឹង​ទៀត​ថា ទីផ្សារ​ដឹក​ជញ្ជូន​អន្តរជាតិ​វៀតណាម​គឺជា​កត្តា​ជំរុញ​សំខាន់​ជាងគេ​ក្នុង​ស​ន្ទ​ស្សន៍​ឆ្នាំ ២០១៩​នេះ​។

Aglility បាន​និយាយ​ក្នុង​របាយការណ៍​ខ្លួន​ថា “​សមត្ថភាព​របស់​ប្រទេស​វៀតណាម​ក្នុង​ការ​ចរចា​និង​សម្រេច​កិច្ចព្រមព្រៀងទ្វេភាគី និង​ពហុភាគី​ថ្មី​ៗ​បាន​ជំរុញ​ដល់​សមត្ថភាព​របស់​ប្រទេស​នេះ​ក្នុង​ការ​ចូល​ក្នុង​ទីផ្សារ​ថ្មី ហើយ​អាច​នឹង​បន្ត​មើលឃើញ​ការ​លូតលាស់​ក្នុង​រយៈពេល​វែង​ផង​ដែរ​។​”

សម្រាប់​ក្នុងស្រុក​វិញ Agility បាន​និយាយ​ថា វៀតណាម​មានឱកាស​ច្រើន​ប៉ុន្តែ​មិន​ខ្លាំង​ទេ និង​បាន​បន្ថែម​ថា​ការ​ដឹក​ជញ្ជូន​បែប​កិច្ចសន្យា និង​ទីផ្សារ​ដឹក​ជញ្ជូន​ល្បឿន​លឿន​ក្នុងស្រុក​មាន​តម្លៃ​ប្រមាណ​៧៥០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដោយ​មាន​អត្រា​លូតលាស់​ប្រចាំឆ្នាំ​ខ្ពស់​ល្អ​ផង​ដែរ​។

ប៉ុន្តែ​ប្រទេស​វៀតណាម​ជាប់​ចំណាត់ថ្នាក់​លេខ​២០​ក្នុង​ផ្នែក​មូលដ្ឋាន​អាជីវកម្ម​ដែល​វាស់វែង​បរិស្ថាន​ច្បាប់ ឥណទាន និង​បំណុល ការ​អនុវត្ត​កិច្ចសន្យា ស្ថេ​រ​ភាព​តម្លៃ ការ​ចូល​ក្នុង​ទីផ្សារ និង​ស្ថេ​រ​ភាព​ក្នុងស្រុក​។ Agility ផ្តល់​យោបល់​មក​ថា​ប្រទេស​វៀតណាម​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​ផ្នែក​ច្បាប់​ដែល​កំពុង​ដាក់​សម្ពាធ​លើ​វិស័យ​ដឹក​ជញ្ជូន​ក្នុងស្រុក​នេះ​។

របាយការណ៍​ខាងលើ​បាន​ឲ្យ​ដឹង​ថា “​ការ​ស្ថាបនា​មូលដ្ឋាន​អាជីវកម្ម​ល្អ​តាម​រយៈ​បរិស្ថាន​ច្បាប់​ដែល​បង្កើត​ជំនឿ​ចិត្ត​វិនិយោគិន​គឺជា​យុទ្ធសាស្ត្រ​ដ៏​សំខាន់​សម្រាប់​ការ​ជំរុញ​ដល់​ដំណើរការ​និង​សក្តានុពល​នៃ​ទីផ្សារ​ដឹក​ជញ្ជូន​។​”

គួរ​បញ្ជាក់​ទៀត​ថា ប្រទេស​ចិន​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​ក្នុង​ស​ន្ទ​ស្សន៍​របស់ Agility ប្រចាំឆ្នាំ ២០១៩ ដែល​ទទួល​បាន​ពិន្ទុ ៨.៨៩ ខណៈ​ដែល​ប្រទេស​ឥណ្ឌា​ជាប់​ចំណាត់ថ្នាក់​លេខ​ពីរ​ដែល​បាន​ពិន្ទុ ៧.៣៩ ។ អេ​មី​រ៉ាត​អា​រ៉ាប់​រួម ឥណ្ឌូ​នេ​ស៊ី ម៉ា​ឡេ​ស៊ី អា​រ៉ា​ប៊ី​សា​អូឌីត ម៉ិ​ក​ស៊ិ​ក កា​តា និង​តួ​ក​គី​ក៏​ជាប់​ក្នុង​ចំណាត់ថ្នាក់​នេះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ