ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ឡង់គ្រីស្ស័រ​មន្ត្រី​យោធា​ទំនាក់​ទំនង​ព្រំដែន​ក្រឡាប់​ផ្ងារជើង

15 ឆ្នាំ មុន

ក្រុងប៉ោយ​ប៉ែត ៖ គ្រោះថ្នាក់​មួយ​បាន​កើត​ឡើង​​កាលពីវេលា​ម៉ោង​១១​និង២០​នាទី​​ព្រឹក ថ្ងៃ​ទី​២០ មីនា នៅ​​ខាងកើត​មន្ទីរ​គណបក្ស​ប្រជា​ជន​កម្ពុជា​ប្រមាណ​១០០​ម៉ែត្រ​​លើ​ដង​ផ្លូវ​ជាតិលេខ​៥ ដោយ​​រថយន្ត​ម៉ាកឡង់គ្រី​ស្ស័រ ពណ៌​ស្លែ ចង្កូត​ស្តាំ​មួយគ្រឿង​ពាក់ស្លាក​លេខ​ភ្នំពេញ​ 2D 9781 បាន​ធ្លាក់​ផ្លូវ​​ក្រឡាប់​ផ្ងារ​ជើង​ឡើង​លើទ្រមេឃ ។

តាម​​លោក​សារឿន ជា​មន្ត្រី​យោធា ​និង​ជា​អ្នក​រួម​ដំណើរ​ក្នុង​រថ​យន្ត​ដែល​ជួបគ្រោះ​ថ្នាក់​​​នេះ​បានឱ្យ​ដឹង​ថា រថយន្តម៉ាក​ឡង់គ្រីស្ស័រ​ខាងលើ ​ធ្វើ​ដំណើរ​​ពី​ទិស​ប៉ោយ​ប៉ែត​ឆ្ពោះ​ទៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​​ ហើយ​អ្នក​ជិះ​នៅក្នុង​រថយន្តនោះ​មាន​គ្នា​ចំនួន​៣​នាក់ (ប្រុស​២នាក់ និងស្ត្រី១​នាក់​​) បើក​បរ​ដោយ​លោក​វរ​សេនីយ៍​ទោម៉ឹង មុន្នី ជា​មន្ត្រី​យោធាទំនាក់ទំនង​ព្រំដែន​កម្ពុជា​-សៀម ​ប្រចាំ​ក្រុង​ប៉ោយប៉ែត​។ លុះ​មកដល់ចំណុច​ខាង​លើ​​​ស្ថិត​ក្នុងភូមិគីឡូម៉ែត្រ​លេខ​៤ ​សង្កាត់ប៉ោយ​ប៉ែត​​ រថ​យន្ត​បាន​បើកវ៉ា​រថយន្ត​មួយ​គ្រឿង​ទៀត ហើយ​ក៏វាក់​នឹងរថយន្ត​នៅពីខាងមុខ​ ​ទើប​លោក​វរ​សេនីយ៍ទោ​ជាអ្នកបើកបរ​បួង​ចង្កូត​​ធ្លាក់​​ផ្លូវ​តែ​ម្តង តែចំពោះ​អ្នករួមដំណើរ​នៅក្នុងរថ​​យន្ត​ពុំ​មាន​​នរ​ណា​​ម្នាក់​​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​​​ទេ គឺគ្រាន់​តែ​រងរបួស​ស្រាល​​ប៉ុណ្ណោះ។

ចំណែក​លោកវ​រ​សេនីយ៍ទោ​ម៉ឹង មុន្នី បាន​ឱ្យ​ដឹង​ថា រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​ខាងលើ គឺ​ពិត​ជា​របស់​លោក​ពិត​មែន ​ហើយ​ខ្លួន​លោក​ផ្ទាល់​​ជាអ្នក​បើកបរ​ដោយ​ខ្លួន​ឯង​​។ នៅ​ពេល​មកដល់​​ចំណុច​ខាង​លើ​ដោយ​​សារ​វាក់​នឹង​រថយន្ត​នៅ​ខាងមុខ ទើប​លោកបួងចង្កូតទម្លាក់​ផ្លូវ​តែម្តង​កុំឱ្យ​មានគ្រោះថ្នាក់​ដល់​រថយន្ត​គេ​មួយ​គ្រឿង​​ទៀត ។ ​សំណាងល្អ​ដែល​​អ្នកជិះ​នៅក្នុង​រថយន្ត​​គ្មានអ្នក​​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ គឺ​គ្រាន់​តែរងរបួស​ស្រាល​​​ប៉ុណ្ណោះ៕