ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ម្នាស់​មិន​ចេះ​ងាប់​ដុះ​លើ​ផ្ទាំង​ថ្ម​»…​ព្យាយាម​ឡើង​លើ​ភ្នំ​ពិស្ស​នឹង​បានឃើញ​ផ្ទាល់​ភ្នែក !

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ទី​អារាម​មួយ​លាក់ខ្លួន​នៅ​ជាប់ជើង​ភ្នំ​មាន​ប្រវត្តិ​ទាក់ទង​នឹង​រឿងរ៉ាវ​ជា​ច្រើន នោះ​គឺ​«​វត្ត​ព្រះ​ពន្លាជ័យ​ហៅ​ភ្នំ​ពិស្ស​»​។ ទី​អារាម​នេះ​ជា​កន្លែង​មាន​ជំនឿ​លើ​ការ​បន់ស្រន់ ស្រោច​ទឹក ពិសេស​មាន​ម្នាស់​ចម្លែក​ដុះ​លើ​ថ្ម មិន​ចេះ​ងាប់​ជាប់​រយ​ឆ្នាំ​មក​ហើយ ។ បើ​ចង់ទៅ​«​វត្ត​ព្រះ​ពន្លាជ័យ​ហៅ​ភ្នំ​ពិស្ស​»…

ខេត្តកំពង់ស្ពឺ ៖ ទី​អារាម​មួយ​លាក់ខ្លួន​នៅ​ជាប់ជើង​ភ្នំ​មាន​ប្រវត្តិ​ទាក់ទង​នឹង​រឿងរ៉ាវ​ជា​ច្រើន នោះ​គឺ​«​វត្ត​ព្រះ​ពន្លាជ័យ​ហៅ​ភ្នំ​ពិស្ស​»​។ ទី​អារាម​នេះ​ជា​កន្លែង​មាន​ជំនឿ​លើ​ការ​បន់ស្រន់ ស្រោច​ទឹក ពិសេស​មាន​ម្នាស់​ចម្លែក​ដុះ​លើ​ថ្ម មិន​ចេះ​ងាប់​ជាប់​រយ​ឆ្នាំ​មក​ហើយ ។ បើ​ចង់ទៅ​«​វត្ត​ព្រះ​ពន្លាជ័យ​ហៅ​ភ្នំ​ពិស្ស​» ពេល​ដល់​ទីរួមស្រុក​ថ្ពង ម្តុំ​មុខ​រោងចក្រ​ស្ករស​ត្រូវ​បត់​ឆ្វេង​តាម​ចន្លោះ​ផ្លូវ​ចម្ការ​អំពៅ​ប្រមាណ​ជាង​៣​គីឡូម៉ែត្រ​នឹង​ទៅ​ដល​ហើយ ។

ព្រះ​តេជគុណ​អង្គ ក្រវាញ បួស​តាំងពី​ឆ្នាំ​១៩៨០ ជា​ចៅអធិការ​វត្តមាន​សង្ឃដីកា​ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា «​វត្ត​ព្រះ​ពន្លាជ័យ​ហៅ​ភ្នំ​ពិស្ស​»​នៅ​ដាច់​ស្រយាល​ពី​ភូមិ​ស្រុក នៅ​ជាប់​នឹង​ជើងភ្នំ​ពិស្ស នា​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។

នេះ​គឺជា​ទី​អារាម​ដែល​មនុស្ស​ផង​ទាំងពួង​ចង់ទៅ​មើល​ម្នាស់​ចម្លែក​ដុះ​លើ​ផ្ទាំងសិលា​មាន​អាយុ​យូរអង្វែង​មក​ហើយ ។ មនុស្ស​ជា​ច្រើន​ទៀត​ទៅ​រក​ដោះ​អំពើ ។ ព្រះ​អង្គ​ក្នុង​នាម​ជា​អ្នក​ប្រោស​សត្វលោក ក៏​ជួយ​ចម្លង​សត្វលោក​ដែល​មានទុក្ខ​លំបាក​ពី​ជំងឺ​ផ្លូវ​ងងឹត ផ្លូវ​ក្នុង និង​ក្រៅ ឱ្យ​រួច​ចាក​ទុក្ខទោស​ទាំងនោះ​តាម​រយៈ​ធម៌​ព្រះពុទ្ធ និង​ថ្នាំ​ឫស​ឈើ ព្រមទាំង​បញ្ញើក្អែក​នានា ជា​ច្រើន​មុខ​ដែល​ដុះ​លើ​ភ្នំ ។

អ្នក​ដែល​ត្រូវ​អំពើ​ទៅ​រក​ព្រះ​អង្គ​ក្នុង​១​អាទិត្យ​យ៉ាង​ហោច​ណាស់​២០​នាក់​គិត​ជា​មធ្យម​។ ចំពោះ​អ្នកជំងឺ​ភាគច្រើន​គឺ​ជំងឺ​ផ្លូវ​ងងឹត ព្រះ​អង្គ​ព្យាបាល​ឲ្យ​ជា​សះស្បើយ តែបើ​ឈឺ​ធម្មតា​ព្រះ​អង្គ​បាន​ប្រាប់​ឲ្យ​ទៅ​រក​ពេទ្យវិទ្យា​សាស្ត្រ​វិញ ។

ព្រះ​ចៅអធិការ​មាន​សង្ឃដីកា​បន្ត​ថា​«​ចំពោះ​ជំនឿ​បារមី បើ​អ្នក​ស្ទាក់ស្ទើរ កុំមក​ធ្វើ​កិច្ច​អី ព្រោះ​ចិត្ត​យើង​បិទ​ហើយ តែបើ​ចិត្ត​យើង​បើក​ក្នុង​ជំនឿ​នោះ​ទើប​ធ្វើ​កិច្ច​ទៅ​បាន​ជោគជ័យ ។ វត្ត​នេះ​អ្នក​មក​ភាគច្រើន​គឺជា​អ្នក​ដែល​ជឿ​លើ​បារមី​ភ្នំ និង​ការ​ព្យាបាល​របស់​ព្រះ​អង្គ ព្រោះ​ភាគច្រើន​ជា​អ្នក​ដែល​ជំពាក់​បំណន់​ព្រោះតែ​ការ​បន់ស្រន់ របស់​ញាតិ​ញោម​ទាំងនោះ​បាន​សម្រេច​បំណង ។

ឧទាហរណ៍​អ្នក​ដែល​មាន​សាច់ញាតិ​ត្រូវ​អំពើ​របស់​គេ ឬ​មាន​ជំងឺ ផ្សេង​ៗ​ពេល​មក​ដល់​តែងតែ​បន់ស្រន់ ចំពោះ​បារមី​ភ្នំ​គួប​ផ្សំ​នឹង​ការ​ព្យាបាល​ដោយ​ធម៌ ថ្នាំ​ឫស​ឈើ និង​ការ​ស្រោច​ទឹកមន្ត ជាដើម​សុំ​ឱ្យ​ឆាប់​ជា​សះស្បើយ​បាន​ត្រឡប់​ទៅ​ប្រកបការងារ​ចិញ្ចឹមជីវិត និង​ក្រុម​គ្រួសារ ។ ការ​បន់ស្រន់​តែង​បាន​សមបំណង​គ្រប់​គ្នា​ទៅ​តាម​ក្តី​ប្រាថ្នា ទើប ម្នាក់​ៗ​ចេះ​តែ​មក​លាបំណន់់់់់់់់់់់់ ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​តង្វាយ​ដូច​ជា​សុី​ម៉​ង់​ត៍ និង​គ្រឿង​កសាង ព្រមទាំង​បច្ច័យ​ជាដើម »​។

ព្រះ​ចៅអធិការ​វត្តមាន​សង្ឃដីកា​ទៀត​ថា ដំបូង​ឡើយ​ទី​វត្ត​គ្រាន់តែ​ជា​អាស្រម​មួយ​ប៉ុណ្ណោះ​មិន​មាន​អ្វី​ធំដុំ​ឡើយ តែ​ដោយសារ​ជំនឿ​របស់​ប្រជា​ពុទ្ធបរិស័ទ ទើប​រហូត​មក​ដល់​ពេល​នេះ​ព្រះ​អង្គ​កសាង​បាន​កុដិ សាលាឆាន់ ហើយ​កំពុង​បន្ត​កសាង​ព្រះ​វិហារ​រួម​ទាំង​សមិទ្ធផល​នានា​ជា​ច្រើន​ទៀត ។

នៅ​លើ​កំពូលភ្នំ​ពិស្ស​មាន​«​ម្នាស់​ដុះ​លើ​ផ្ទាំង​ថ្ម​» នៅ​ជិត​ដំណាក់​ស្តេច​គ្មាន​ដី​ទេ សុទ្ធតែ​ផ្ទាំង​ថ្ម​។ អ្នក​ដែល​ឡើង​ទៅ​ភាគច្រើន​ក្រៅពី​ចង់​ឃើញ​«​ម្នាស់​ដុះ​លើ​ថ្ម​» គឺ​បន់ស្រន់​សូម​ឱ្យ​ក្តី​ប្រាថ្នា​របស់​ខ្លួន​បាន​សម្រេច​បំណង ។

បើ​តាម​ព្រះ​ចៅអធិការ​ថា បើ​ចង់​ធ្វើ​ដំណើរ​ឡើង​ទៅ​កន្លែង​«​ម្នាស់​ដុះ​លើ​ថ្ម​»​ត្រូវ​ចំណាយពេល​១​ទៅ​២​ម៉ោង​ទើប​ឡើង​ដល់ ព្រោះ​ឡើង​វារ​តោង​តាម​ផ្ទាំង​ថ្ម​គ្មាន​ផ្លូវ​ទេ ។ នៅ​លើ​កំពូលភ្នំ​មាន​ស្រះ​ទឹក​វាលស្រែ​១០០ និង​ដំណាក់​ស្តេច ។ គ្មាន​រណា​ម្នាក់​អាច​បញ្ជាក់​បាន​ឡើយ​ថា ម្នាស់​ដែល​ដុះ​លើ​ថ្ម​នេះ​មាន​អាយុកាល​តាំងពី​ពេល​ណា​មក​នោះ​ទេ ព្រោះ​តាំងពី​ព្រះ​អង្គ​ទៅ​គង់នៅ​ជាមួយ​លោកតា​មួយ​ចំនួន​ទៀត គឺ​ឃើញ​មាន​ទៅ​ហើយ ។ ពេល​ខ្លះ​ម្នាស់​សល់​តែ​សម្បក ហើយ​អ្នក​ដែល​ហ៊ាន​បេះ​គឺ​ពានរ ។ ម្នាស់​ធំ​មិន​ទាន់​ទេ​ក្លាយជា​ចំណី​ពានរ​អស់ហើយ តែបើ​សល់​១​ឬ​២​ផ្លែ លោកតា​ប្រចាំ​នៅ​វត្ត​បេះ​ចិត​ហូប​មានឱជារស​ផ្អែម​ឆ្ងាញ់​ណាស់ ។

ព្រះ​ចៅអធិការ​មាន​សង្ឃដីកា​ថា «​ការ​ឡើង​មក​កាន់​កន្លែង​ម្នាស់​ដុះ​លើ​ថ្ម​នៅ​កំពូលភ្នំ​នេះ អ្នក​គ្មាន​ការ​តាំងចិត្ត និង​សុំ​ពី​បារមី​ភ្នំ​ទេ គឺ​ឡើង​មិន​ដល់​ឡើយ ។ បើ​អ្នក​ណា​មិន​បាន​កាន់​ទឹក​ទៅ​ជាមួយ​ទេ ច្បាស់​ជា​ស្រេកទឹក​ខះក​មិន​ខាន​ព្រោះ​ប្រឹង​ណាស់​ទើប​ឡើង​បាន »​។

ជាក់ស្តែង​អ្នក​យក​ព័ត៌មាន​យើង​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ឡើង​ទៅ​កន្លែង​ម្នាស់​ដុះ​លើ​ថ្ម​ដោយ​មិន​បាន​សុំ​បារមី​ភ្នំ ហើយ​ភ្លេច​ទាំង​កាន់​ទឹក​ទៅ​ជាមួយ​ផង​នោះ បាន​ពាក់​កណ្តាលផ្លូវ​ក៏​ទន់​ជើង​ទៅ​មុខ​លែង​រួច ហើយ​បង្ខំចិត្ត​ចុះ​មក​វិញ ។ លើក​ក្រោយ​នេះ​ដោយ​ការ​តាំងចិត្ត ហើយ​បាន​សុំ​ពរ​ជ័យ​ពី​បារមី និង​ត្រៀម​ទឹកជា​ស្រេច​ផង​នោះ ធ្វើ​ដំណើរ​ដោយ​ឈប់​សម្រាក​ជា​ច្រើន​ដង​ក៏​ឡើង​លើ​ភ្នំ​បាន​សម្រេច​ទាំង​លំបាក​និង​ហត់នឿយ ។

ពេល​ឡើង​ដល់​កំពូលភ្នំ​ភ្លាម​អារម្មណ៍​ដែល​ហត់នឿយ​ហាក់បីដូចជារ​សាយបាត់​អស់រលីង ជា​ពិសេស​នៅ​ពេល​ដែល​បាន​ទៅ​ឈរ ឬ​អង្គុយ​ជិត​ចម្ការ​ម្នាស់​ដែល​ដុះ​លើ​ថ្ម គួប​ផ្សំ​នឹង​ក្លិនក្រអូប​នៃ​ផ្កា​ព្រៃ​នានា ។ ដូច​ពាក្យចាស់​ថា​«​ឮ​គេ​និយាយ​១០០​ដង មិន​ស្មើនឹង​ឃើញ​ម្តង​ឡើយ​» មិន​ខុស​ទេ គឺ​ពិតជា​ម្នាស់​ចម្លែក បើសិនជា​អស់លោក​អ្នក​ព្យាយាម​នឹង​បានឃើញ​មិន​ខាន ។

ភ្នំ​ពិស្ស​មាន​ប្រវត្តិ​ទាក់ទង​ដល់​រឿងរ៉ាវ​ពី​បុរាណកាល​មក​ថា ដើម​ឡើយ​មាន​ស្តេច​មួយ​អង្គ​ព្រះ​នាម​ចន្ទ​រាជា បាន​នាំ​រេហ៍ពល​ទៅ​បោះ​ពន្លាជ័យ នៅ​លើ​កំពូលភ្នំ ដោយ​ធ្វើស្រែ​ចម្ការ​ដើម្បី​ចិញ្ចឹមជីវិត ។ ក្នុង​ការ​បោះ​ពន្លាជ័យ​នេះ​ស្តេច​បានឱ្យ​សេនា រៀបចំ​ដំណាក់​នៅ​ជិត​កន្លែង​ម្នាស់​ចម្លែក និង​រៀបចំ​ទី​សក្ការបូជា​ផង​ដែរ​មាន​ព្រះ​ពុទ្ធរូប​មួយ​អង្គ ។ ស្តេច​គង់នៅ​អស់​ពេល​ជា​ច្រើន​ឆ្នាំ រហូត​ដល់​ជំនាន់​ឪ​ជ័យ ម៉ែ​ដុ​ង្គ​ទើប​ព្រះ​អង្គ​ស្តេច​យាង​ទៅ​បោះ​ពន្លាជ័យ​នៅ​ឧដុង្គ​វិញ ហើយ​បន្សល់​ទុក​ស្នាម​នៅ​លើ​កំពូលភ្នំ​ពិស្ស​ដល់​បច្ចុប្បន្ន ។

ចំពោះ​ការ​កសាង​ទី​អារាម​នា​ពេល​បច្ចុប្បន្ន​នេះ ព្រះ​ចៅអធិការ​ឲ្យ​ដឹង​ថា​កសាង​ព្រះ​វិហារ​បាន​៧០​ភាគរយ​ហើយ តែ​នៅ​ជំពាក់​ថ្លៃ​សំណង់​ច្រើន ។ ដូច្នេះ​ហើយ​បើ​ញាតិ​ញោម និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ចូលរួម​តាម​កម្លាំង​សទ្ធា ព្រះ​អង្គ​ពិតជា​មាន​ព្រះ​ទ័យ​រីករាយ​ណាស់ ។ វត្ត​«​ព្រះ​ពន្លាជ័យ​ហៅ​ភ្នំ​ពិស្ស​»​មាន​ព្រះសង្ឃ​១១​អង្គ ភិក្ខុ​៩​អង្គ និង​នេន​២​អង្គ ភាគច្រើន​ជា​អ្នកជំងឺ និង​អ្នក​ដ​ទៅ​ដោះ​អំពើ លុះ​ជា​ស្បើយ​ហើយ ទើប​លាចាក​សិក្ខាបទ​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ