ខេត្តកំពង់ឆ្នាំង ៖ ប្រជាកសិករដែលដឹកកសិផលមកលក់ក៏ដូចជា ក្រុមអាជីវករជាអ្នកប្រមូលទិញកសិផលបានត្អូញត្អែរពីទុក្ខលំបាករបស់ពួកគាត់ចំពោះម្ចាស់អាជីវកម្មផែថ្មីដែលលើកដាក់ទំនិញរបស់ពួកគាត់មិនទាន់ពេលធ្វើអោយហានិភ័យគ្រប់បែបយ៉ាង ខាតទាំងពេលវេលា ថវិកា និងព្រួយបារម្ភ ការទន្ទឹងរង់ចាំរយៈពេលយូរពេកខ្លាចក្រែងលិចទូក កាណូតបណ្តាលអោយខូចខាតទាំងស្រុងតែម្តង ។ ហេតុនេះហើយទាំងប្រជាកសិករទាំងអាជីវករសំណូមយ៉ាងទទូចដល់ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងសូមជួយជំរុញអោយម្ចាស់អាជីវកម្មដែលទទួលបានសិទ្ធធ្វើអាជីវកម្មផែថ្មីធ្វើយ៉ាង បង្កើនមធ្យោបាយ ឬកម្មករលើកដាក់ទំនិញរបស់ពួកគាត់អោយទាន់ពេលវេលា ។
ក្រុមអាជីវករដែលសុទ្ធសឹងជាអ្នកទទួលទិញកសិផលពីប្រជាកសិករនៅកំពង់ផែថ្មីសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំងបានអោយដឹងថា កាលម្ចាស់អាជីកម្មផែចាស់ គឺរាល់ការលើកដាក់ និងដឹកជញ្ជូនទំនិញរបស់ពួកគាត់ គឺងាយស្រូលខ្លាំងណាស់ ហើយដឹកជញ្ជូនដល់ផ្ទះទាន់ពេលវេលា ដោយមិនលំបាកឡើយ ។ ប៉ុន្តែចាប់តាំងពីម្ចាស់ថ្មីទទួលសិទ្ធធ្វើអាជីវកម្មផែថ្មីមក គឺពួកគាត់ជួបការលំបាកខ្លាំងណាស់ ការលើកដាក់ទំនិញមិនទាន់ពេលវេលា ដោយសារខ្វះមធ្យោបាយ និងកម្មករមិនគ្រប់គ្រាន់ ពេលខ្លះទាំងកសិករដឹកកសិផលមកលក់ទាំងអាជីវករអ្នកទិញត្រូវរង់ចាំកម្មករកំពង់ផែលើកទំនិញអស់រហូតដល់ម៉ោង១ម៉ោង២រំលងអធ្រាត្រក៏មាន ។
ពេលខ្លះលើកមិនទាន់ម្ចាស់ផែច្រានក្បាលទូកកាណូតរបស់ពួកគាត់ចេញ អោយទៅរកកន្លែងលើកដាក់ផ្សេង ប៉ុន្តែម្ចាស់ផែនៅទៅតាមយកប្រាក់ថ្លែកំពង់ផែដដែល ក្នុងតម្លៃ១តោន៦ពាន់រៀល ។ ពេលខ្លះស្ទះខ្លាំងពេកក្រុមអាជីវករត្រូវប្រើកម្មករខ្លួនឯង ។
ប្រភពពីក្រុមអាជីករដដែលបានបន្តថា ពេលខ្លះកសិករដឹកកសិផលចូលដល់ផែនៅម៉ោង៧ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់ ទើបកម្មករផែលើកអស់ បើចូលដល់ផែពេលរសៀលជួលកាលរហូតដល់ម៉ោង១ឬ២រំលងអធ្រាត្រទើបហើយ ។ ទាំងអស់នេះបង្កអោយស្ទះទំនិញដឹកចេញទៅលក់នៅខាងក្រៅមិនទាន់ពេលវេលាធ្វើអោយមានការខាតបង់ ព្រោះតម្លៃឡើងចុះមិនទៀងទាត់ ។ ម្យ៉ាងវិញទៀតការទន្ទឹងរង់ចាំំបែបនេះ គឺជួបហានិភ័យខ្ពស់ក្រែងលិចទូក កាណូត ធ្វើមានការខាតបង់ធ្ងន់ធ្ងរជាពុំខាន ។
ពួកគាត់សំណូមពរដល់ឯកឧត្តមអភិបាលខេត្តសូមមេត្តាជួយធ្វើយ៉ាងណាជម្រុញម្ចាស់អាជីវកម្មផែថ្មីរកវិធីលើកទំនិញរបស់ពួកគាត់អោយទាន់ពេលវេលា ។ បើម្ចាស់អាជីវកម្មនេះគ្មានលទ្ធភាពគួររកម្ចាស់អាជីវកម្មណាដែលមានលទ្ធភាព ដើម្បីជួយដល់ប្រជាកសិករតាមដងទន្លេ ក៏ដូចជា ជួយដល់ក្រុមអាជីករផងដែរ ។ ជុំវិញករណីនេះដែរលោក សួង ប៊ុនសុង ឆ្លើយតាមទូរស័ព្ទថា «ទូរស័ព្ទច្រឡំលេខហើយ» រួចក៏បិទទូរស័ព្ទតែម្តង ៕
ចែករំលែកព័តមាននេះ