ជនជាតិភាគតិច ៖ សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ហិនហោច​ដើម​ជ័រទឹក


ខេត្តមណ្ឌលគិរី ៖ ព្រៃឈើ​ដែល​លាតសន្ធឹង​ប្រមាណ​៧០%​លើ​ទឹកដី​ខេត្ត មណ្ឌលគិរី​គឺជា​ប្រភព​ចំណូល​សេដ្ឋកិច្ច​គ្រួសារ​របស់​ជនជាតិភាគតិច តាម​រយៈ​ការ​ប្រមូល​ផល​អនុ​ផល​ព្រៃឈើ ។ របរ​ដែល​ជនជាតិភាគតិច​អា​ចរក​កម្រៃ​មក​ផ្គត់ផ្គង់​មាន​ដូច​ជា បោច​ផ្តៅ បោចវល្លិ បរបាញ់​សត្វ បេះ​ផ្លែ​ឈើ​ព្រៃ ដង​ជ័រទឹក និង​រើស​ជ័រ​នៅ​ក្នុង​ព្រៃ​យក​ទៅ​លក់​ជាដើម ។

បើ​គ្រួសារ​ណា​មាន​ដី​ច្រើន​គេ​អាច​ដាំ​ស្រូវ ដាំ​ដំណាំ​ផ្សេង​ៗ និង​ចិញ្ចឹមសត្វ សម្រាប់​គ្រួសារ​ហូប​បាន​គ្រប់គ្រាន់​ពុំ​សូវ​ខ្វាយខ្វល់​ទេ តែ​ចំពោះ​ជនជាតិភាគតិច​មួយ​ចំនួន​ដែល​មានកូន​ច្រើន តែ​មិន​មាន​ដីធ្លី​ច្រើន​ដូច​គេ តែងតែ​ឆ្លៀតពេល​ទំនេរ​ពី​ការងារ​ស្រែ​ចម្ការ​ចូល​ទៅ​ក្នុង​ព្រៃ​ដើម្បី​រក​ចំណូល​បន្ថែម ។ ជនជាតិ​ដើម​ភាគតិច​លោក រ​ជើ​ម ផ្ចាល ជា​ប្រធាន​សហ​គម​ន៏​ភូមិ​ពូ​ត្រុំ​បាន​ឲ្យ​ដឹង​ថា របរ​ដង​ជ័រទឹក​គឺ​ពួក​គាត់​ធ្វើ​ត​ៗ​គ្នា​តាំងពី​ជំនាន់​ចាស់​បុរាណ​មក​ម្ល៉េះ ។ របរ​នេះ​ជួយ​ឱ្យ​ជីវភាព​គ្រួសារ​របស់​ពួក​គាត់​បាន​ធូរស្រាល​មួយ​កម្រិត ព្រោះ​បើ​ពឹង​ទៅ​លើ​របរ​ធ្វើស្រែ​ចម្ការ​មួយ​មុខ​មិន​អាច​ហូប​គ្រប់​ទេ មាន​តែ​ស៊ូទ្រាំ​ចូល​ព្រៃ​ដែល​សម្បូរ​សត្វ​ទាក ហើយ​ត្រូវ​វា​ខាំ​ស្ទើរ​សុសសាច់ និង​ពេល​ខ្លះ​ត្រូវ​កើត​ជំងឺគ្រុនចាញ់​ដោយសារ​មូស​ខាំ​ច្រើន​ពេក ។ ក្រៅពី​របរ​នៅ​ក្នុង​ព្រៃ​ទាំងនេះ​ពួក​គាត់​ពុំ​ដឹង​ទៅ​រកស៊ី​អ្វី​ផ្សេង​ឡើយ ព្រោះ​ពួក​គាត់​ខ្វះខាត​ដើមទុន និង​រៀនសូត្រ​ក៏​ពុំ​បាន​ជ្រៅជ្រះ ។ ដូច្នេះ​របរ​ដង​ជ័រទឹក​ជួយ​ឱ្យ​ពួក​គាត់​អាច​មាន​លទ្ធភាព​ចិញ្ចឹម​គ្រួ​សារបាន​ដូច​គេឯង ។

ជនជាតិភាគតិច​រៀបរាប់​ឱ្យ​អ្នក​យក​ព័ត៌មាន​ដឹង​ថា មិន​ថា​រដូវប្រាំង ឬ​រដូវវស្សា​ឡើយ ពួក​គាត់​តែងតែ​នាំ​គ្នា​ចូល​ព្រៃ ដើម្បី​រក​ដង​ជ័រទឹក​យក​ទៅ​លក់​ឱ្យ​ឈ្មួញ​ដើម្បី​បាន​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ ។ ការ​ចូល​ទៅ​រក​ដង​ជ័រទឹក​នេះ​មិន​ទៀងទាត់​ទេ ជួនកាល​រយៈពេល​១០​ថ្ងៃ ឬ​១៥​ថ្ងៃ​ក៏​មាន ។ ក្នុង​ម្នាក់​ប្រើ​ពេល​ពី​២​ទៅ​៣​ថ្ងៃ​ទើប​អាច​ដង​ជ័រទឹក​បាន​មួយ​ប៊ីដុង ៣០​លី​ត្រ ។ នៅ​ពេល​ពួក​គាត់​ប្រមូល​ជ័រទឹក​បាន​ច្រើន​ហើយ ក៏​នាំ​គ្នា​ស្ពាយ​ប៊ីដុង​ជ័រទឹក​ចេញ​មក​ពី​ក្នុង​ព្រៃ​ដាក់​តម្រៀប​គ្នា​តាម​ផ្លូវជាតិ​រង់ចាំ​ឈ្មួញ​ទៅ​ទិញ ។ ចំពោះ​តម្លៃ​របស់​ជ័រទឹក​វា​អាស្រ័យ​តាម​ជ័រ​ល្អ ឬ​មិនល្អ​ដោយ​មាន​ចូល​ទឹក​ច្រើន គឺ​តម្លៃ​ចាប់ពី​៣០០០​រៀល​ឡើង​ទៅ​ក្នុង​១​គីឡូក្រាម ។ ជនជាតិភាគតិច​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ហិនហោច​របស់​ដើម​ជ័រទឹក​ព្រោះ​សព្វថ្ងៃ​កំពុង​រង​ការ​កាប់​បំផ្លាញ​យ៉ាង​រង្គាល​ពី​ជនខិលខូច​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ផ្សេង​ៗ​រហូត​ដល់​ព្រៃ​ការពារ​សហគមន៍ ។

លោក ចាន់ ឌី អាជីវករ​ទទួល​ទិញ​ជ័រ​ពី​អ្នក​ភូមិ​បាន​ប្រាប់​ថា ក្នុង​មួយ​ថ្ងៃ​លោក​អាច​ទិញ​ជ័រទឹក​ពី​អ្នក​ភូមិ​បាន​ប្រមាណ​១០​ទៅ​២០​កាន​។​តែ​នៅ​រដូវវស្សា​លោក​ទិញ​បាន​ត្រឹម​៥​កាន​ទៅ​ជិត​១០​កាន ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​។​ចំពោះ​តម្លៃ​បើ​គេ​ដឹក​ឲ្យ​គាត់​ដល់​កន្លែង​គាត់ ទិញ​ក្នុង​មួយ​កាន​តម្លៃ​១០​ម៉ឺន​រៀល តែបើ​គាត់​ទិញ​តាម​ផ្ទះ​ត្រឹម​៨​ម៉ឺន​រៀល ទៅ​តាម​ទី​ជិត​ឬ​ឆ្ងាយ​។

លោក​កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​ដើម​ជ័រទឹក​បាន​ផ្តល់​ផល​ជា​ច្រើន​សម្រាប់​ទ្រទ្រង់​ជីវភាព​បងប្អូន​ជនជាតិ​ដើម​ភាគតិច ដែល​តែង​អាស្រ័យ​ផល​លើ​ធនធានធម្មជាតិ​។​ម្យ៉ាងវិញទៀត​ការ​ទទួលផល​ពី​ដើមឈើ​សម្រាប់​យក​ជ័រ​មិន​បាន​ប៉ះពាល់​ដល់​ការ​បាត់បង់​ព្រៃឈើ​ឡើយ ពោល​គឺ​ថែម​ទាំង​បានការ​ពារ​ដោយ​ប្រយោល​ពី​ការ​ប្រកប​របរ​នេះ​ថែម​ទៀត​ផង​។ លោក​ប្រធាន​មន្ទីរ​បន្ត​ថា បច្ចុប្បន្ន​លោក​បាន​លើកទឹកចិត្ត​តាម​សហ​គម​ន៏​ឲ្យ​ខិតខំ​ការពារ​ថែរក្សា​ដើមឈើ​ទាល​ឬ​ប្រភេទ​ដើមឈើ​ដែល​អាច​ទទួលផល​ជ័រ ត្រូវ​រួម​គ្នា​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ដើម្បី អភិរក្ស​ទុក​ប្រើប្រាស់​ឲ្យ​បាន​យូរអង្វែង​។

បច្ចុប្បន្ន​ជ័រទឹក​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​ក្នុង​ជីវភាព​លើ​ការងារ​ជា​ច្រើន​ផ្នែក ក្នុង​នោះ ជ័រទឹក​គេ​អាច​យក​ទៅ លាប​ទូក​ដើម្បី​កុំ​ឲ្យ​ទឹក​ជ្រាប ធ្វើ​ជា​ចន្លុះ​សម្រាប់​ដុត​បំភ្លឺ​ពេល​យប់ ។​ល​។ ហើយ​បើ​តាម​ប្រភព​ពី​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី សព្វថ្ងៃ​មាន​អង្គការ​មួយ​កំពុង​ស្រាវជ្រាវ​យក​ជ័រទឹក​កែ​ច្នៃ​ធ្វើ​ជា​មេទឹក​អប់​ថែម​ទៀត​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ