ម្ចាស់ផ្ទះចាក់សោចេញទៅបាត់​​​អស់​ច្រើន​ម៉ោង​ ស្រាប់តែ​…ផ្អើល​អ្នក​ជិតខាងភ័យស្លន់ស្លោរត់ជាន់ជើង​គ្នា​


រាជធានីភ្នំពេញ ៖ អណ្តាតភ្លើង​ឆេះ​សន្ធោសន្ធៅ​លេប​ត្របាក់​សម្ភា​រៈ​​អគ្គី​ស​នី​គ្រប់​ប្រភេទ ដែល​ស្តុក​​ទុក​នៅ​ក្នុងផ្ទះ​មួយ​កន្លែង​បណ្តាល​អោយរង​ការ​​ខូចខាត​ស្ទើរ​ទាំងស្រុង ខណៈម្ចាស់​ផ្ទះ​ចាក់សោចេញទៅបាត់អស់ជា​ច្រើន​ម៉ោង​ ស្រាប់តែ​មានផ្សែងហុយ​ហុយខ្មួលខ្មាញ់​ចេញពីផ្ទះ​កើតហេតុ​ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជា​ពល​រ​ដ្ខ​ដែល​រស់នៅ​ជិតខាង​ភ័យ​ស្លន់ស្លោ​គ្រប់​គ្នា និង​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បីទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​មក​មក​អន្តរា​គម​ន៏​បាញ់​ពន្លត់​ភ្លាម​ៗ​។

​ហេតុការណ៍​ខាងលើនេះ​បង្ក​ឱ្យមានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១១ ខែ​មី​នា ឆ្នាំ​២០១៩​ នៅផ្ទះ​លេខ​២៩AB ផ្លូវ៣៤៨ ក្រុម​៥៥ ភូមិ​២ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន ។

ម្ចាស់ផ្ទះកើតហេតុ​​ខាងលើ​​ឈ្មោះ​វូ វេន យឺ (Wu wen yue ) ភេទ​ប្រុស ជា​ជនជាតិ​ចិន មុខរបរ​លក់​គ្រឿងអគ្គិសនី​។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង​ផ្ទះកើតហេតុ​​បាន​ប្រាប់​អោយ​ដឹង​ថា ផ្ទះ​កើតហេតុ​ខាងលើ​នោះ​មាន​ម្ចាស់​ជា​ជនជាតិ​ចិន​ធ្វើ​ជា​ឃ្លាំង​សម្រាប់​ស្តុ​ក​​ទុក​សម្ភា​រៈ​​អគ្គិសនី​គ្រប់​ប្រភេទ ។ ជា​រៀង​រាល់ពេល​ព្រឹក​បាន​មក​បើកទ្វារ​ធ្វើ​អាជីវកម្ម​ធម្មតា លុះ​ពេល​ល្ងាច​បាន​បិទទ្វារ​ទុក​ចោល ហើយ​ទៅ​សម្រាក​នៅផ្ទះ​ផ្សេង​មួយទៀត ។

ប្រភពដដែលបាន​បន្ត​ថា មុន​មានការ​ភ្ញាក់ផ្អើលកើតឡើង​​នោះ គឺ​បន្ទាប់​ពី​ម្ចាស់ផ្ទះ​បិទទ្វារ​ផ្ទះ​ចាក់សោ​ចេញ​ទៅ​បាត់​បាន​៣​ម៉ោង ស្រាប់តែ​គេ​ឃើញ​មាន​ផ្សែង​ខ្មៅ​ហុយ​ខ្មួលខ្មាញ់​ចេញពីផ្ទះ​កើតហេតុ​នៅ​ជាន់​ទី​១​ ​បង្ក​ការ​​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង​គ្នា​ភ័យ​ស្លន់ស្លោ​​រ​ត់​ជាន់​ជើង​គ្នា​ចេញ​ក្រៅ​ផ្ទះ ភ្លាម​ៗនោះ​​​​ប្រជា​ពលរដ្ឋ​បាននាំគ្នា​​រាយការណ៍​ទៅ​ខាង​អាជ្ញាធរ​មូលដ្ឋានដើម្បី​​ទាក់​ទង​ទៅ​ខាង​សមត្ថកិច្ច​ជំនាញ​ពន្លត់​អគ្គិភ័យ​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ស្ទើរតែ​គ្រប់​អង្គភាព​ដើម្បី​ចុះ​​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​។

បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ខាងលើភ្លាម ​ក្រុម​ជំនាញ​ពន្លត់អគ្គិភ័យ​បាន​មក​ដល់​ផ្ទះ​កើតហេតុភ្លាម​ៗ និង​​ទាក់ទង​រក​ម្ចាស់​មិនឃើញ​ក៏​សម្រេច​ចិត្ត​កាត់​សោ​ទ្វារ​ទម្លុះ​ចូល​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ភ្លាម​ៗ​តាម​ជំនាញ​។

ប្រភពដដែលបានបន្តទៀត​ថា ដោយសារ​តែ​ផ្ទះ​កើតហេតុខាងលើ​​នោះ​ស្តុ​ក​​ទុក​្អី​​វ៉ា​ន់​ណែនណាន់តាន់តាប់​ពេក ហើយ​ភាគច្រើន​សុទ្ធតែ​ជា​គ្រឿងអគ្គិសនី​ធ្វើ​អំពី​ជ័រ​បាន​រៀបចំ​វេច​ខ្ចប់​ទុក​ក្នុង​កេស​ក្រដាស និ​ង​ការុង តំរៀប​ណែន​ពេញ​ផ្ទះ ជា​ហេតុ​ធ្វើ​អោយ​ភ្លើង​ងាយ​នឹង​ឆាប់ឆេះ​ ហើយ​ឆ្លង​រាលដាល​លឿន​ ពិបាក​ដល់​សមត្ថកិច្ច​ជំនាញ​អគ្គី​ភ័យ​ក្នុង​ការ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​។

ទោះបី​ជា​យ៉ាងណា ក្រុម​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខណ្ឌចំការមន បាន​សហការ​គ្នា​ជាមួយ​សមត្ថកិច្ច​ជំនាញ​អគ្គី​ភ័យ​បាន​យ៉ាង​ល្អ​ក្នុង​ការ​អន្តរាគមន៍​បាញ់​ពន្លត់ ដោយ​ប្រើ​រយៈ​ពេលអស់​​៣​ម៉ោង ​និង​​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​អស់​ជា​ច្រើន​គ្រឿង ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​។

ពាក់ព័ន្ធនឹងករណី​ខាងលើ​នេះ​​សមត្ថកិច្ច​ជំនាញ​មិន​ទាន់​អាច​ធ្វើការ​សន្និដ្ឋាន​ថា​អគ្គិភ័យ​ខាងលើ​កើតឡើង​បណ្ដាល​​មក​ពី​មូលហេតុ​អ្វី​អោយ​ប្រាកដ​នៅឡើយ​ទេ ​។ ចំណែក​ម្ចាស់ផ្ទះ​ក៏​មិន​ទាន់​អាច​ប្រាប់​បាន​ពី​ទំហំ​នៃ​ការ​ខូចខាត​នៅឡើយទេ គ្រាន់តែ​ដឹង​ថា សម្ភារៈ​អគ្គិសនី​ដែល​ស្តុ​ក​ទុក​នៅ​ក្នុង​ឃ្លាំង​ជាន់​លើ​នោះ ត្រូវ​បាន​អគ្គិភ័យ​​លេប​ត្របាក់​អស់ទាំង​ស្រុង​ទៅ​ហើយ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ