ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ចំនួន ៤ ទទួល​បាន​សិ​ទិ្ធ​អំណាច​សម្រាប់​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម​បាន​ផ្ទេរសិទ្ធិ​អំណាច​ដល់​មន្ទីរ​ពាណិជ្ជកម្ម​តាម​ខេត្ត​ចំនួន ៤ នៃ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ អាច​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ CO ទម្រង់ D ដើម្បី​សម្រួល​ដល់​ពាណិជ្ជករ…

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម​បាន​ផ្ទេរសិទ្ធិ​អំណាច​ដល់​មន្ទីរ​ពាណិជ្ជកម្ម​តាម​ខេត្ត​ចំនួន ៤ នៃ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ អាច​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ CO ទម្រង់ D ដើម្បី​សម្រួល​ដល់​ពាណិជ្ជករ និង​កសិករ នៅ​តាម​ព្រំដែន​ក្នុង​ការ​នាំ​ចេញ​ផលិតផល​និង​កសិផល ។ ខេត្ត​ចំនួន​៤​ដែល​ក្រសួង​បាន​ធ្វើ​ប្រតិភូកម្ម​ជូន​នេះ មាន​ខេត្ត​ត្បូងឃ្មុំ ក្រចេះ​ស្ទឹង​ត្រែង និង​ខេត្ត​មណ្ឌល​គី​រី ដែល​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ឡាវ​-​វៀតណាម ។

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​ប្រកាស​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សៅរ៍ នូវ​ការ​ផ្ទេរសិទ្ធិ​អំណាច​នេះ​ដល់​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ចំនួន ៤ បន្ថែម​ទៀត​នេះ ហើយ​លោក​បញ្ជាក់​ថា វា​គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អនុវត្ត​ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ​កំណែទម្រង់​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ ដើម្បី​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​រវាង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ សំដៅ​ធានា​ឱ្យ​មានការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ដ៏​ទូលំទូលាយ និង​ប្រកបដោយ​និរន្តរភាព អាច​ឆ្លើយ​តប​តម្រូវការ​អ​ទិ​ភាព​របស់​ប្រជាពលរដ្ឋ និង​គោលការណ៍​អភិបាលកិច្ច​ល្អ ដែល​ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ ។ លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម បន្ត​ថា កន្លង​មក​ក្រសួងពាណិជ្ជកម្ម បាន​ផ្ដល់​សិទ្ធិ​អំណាច​នេះ​ទៅ​កាន់​មន្ទីរ​ពាណិជ្ជកម្ម​នៅ​ក្នុង​ខេត្ត​ចំនួន ៥ រួច​មក​ហើយ ដូច​ជា ប៉ៃលិន បាត់ដំបង បន្ទាយ​មាន​ជ័យ ឧត្តរមានជ័យ និង​រតនគិរី រួម​ទាំង​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ២ នៅ​ក្នុង​ខេត្តស្វាយរៀង​គឺ Manhattan តា​យ​សេង និង​សាន​ដុ​ង​-​សាន់​សែ​ល ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម ជា​ពិសេស​ការ​នាំ​ចេញ​កសិផល​របស់​ប្រជា​កសិករ​ខ្មែរ​។

លោក ប៉ាន សូរ​ស័ក្តិ មាន​ប្រសាសន៍​បន្ថែម​ថា ការ​ដាក់​ឱ្យ​ដំណើរការ​សេវា CO ទម្រង់ D នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ក្រចេះ ស្ទឹង​ត្រែង និង​ខេត្តមណ្ឌលគិរី នា​ពេល​នេះ គឺ​ដោយសារ​តែ​ជា​ខេត្ត​អាទិភាព ដែល​ស្ថិត​នៅ​ក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​នឹង​កំពុង​យកចិត្តទុកដាក់​ខ្លាំង លើ​ការ​កាត់​បន្ថយ​គម្លាត​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ក៏​ដូច​ជា​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន នៅ​ក្នុង​ខេត្ត​ទាំង​បួន​នេះ​។ លោក ប៉ាន សូរ​ស័ក្តិ បញ្ជាក់​ថា «​ការ​ធ្វើ​ប្រតិភូកម្ម​នេះ គឺ​មិន​ត្រឹមតែ​ជា​ការ​ផ្ទេរ​ភាព ជា​ម្ចាស់​នៃ​មុខងារ​ទេ ថែម​ទាំង​ជា​ការ​ទទួលខុសត្រូវ​ក្នុង​ការ​គ្រប់គ្រង និង​ការ​អនុវត្ត​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​តម្លាភាព ជា​ពិសេស​ការ​ចេញ CO ទម្រង់ D ឱ្យ​បាន​កាន់តែ​ឆាប់រហ័ស​ជូន​អ្នក​នាំ​ចេញ ដើម្បី​សម្រួល​ដល់​ការ​នាំ​ចេញ​កសិផល ជៀសវាង​បាន​នូវ​ភាព​អសកម្ម​នានា និង​ការ​កកស្ទះ​ដោយ​ប្រការ​ណាមួយ​» ។

លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជ កម្ម​កម្ពុជា​បាន​មាន​ប្រស​សន៍​ថា ការ​ធ្វើ​ប្រតិភូកម្ម​សេវា ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម CO ទម្រង់​D នៅ​តាម​បណ្ដា​ខេត្ត​នេះ គឺ ដើម្បី​ផ្ដល់​ប្រយោជន៍ ដល់​អ្នក​នាំ​ចេញ និង​កសិករ​នៅ​តាម​ព្រំដែន​ទាំងនោះ ពោល​គឺ​ពួក​គាត់​មិន​ចាំបាច់​ធ្វើ​ដំណើរ​មក​កាន់​ក្រសួងពាណិជ្ជកម្ម ដែល​ត្រូវ​ចំណាយ​លុយ​ធ្វើ​ដំណើរ​ផង និង​ថ្លៃ​ហូប​ចុក​ស្នាក់​នៅ​ផង ។ លោក បន្ថែម​ថា « អ្នក​នាំ​ចេញ និង​កសិករ​ដែល​មាន​បំណង​នាំ​ចេញ​ទំនិញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ជិតខាង អាច​ដាក់​ពាក្យ​ស្នើ​សុំ​វិញ្ញាបនបត្រ​នេះ នៅ​ទីណា​ក៏​បាន​ដែល​មាន​សេវា ហើយ​នៅ​ពេល​ទទួល​បាន​ហើយ ពួក​គាត់​អាច​នាំ​ចេញ​ហើយ និង​មិន​មាន​ភាព​ស្មុ​គ្រ​ស្មាញ​ច្រើន​ដូច​មុន​ឡើយ »​។

អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ដដែល បន្ត​ថា ចំពោះ​ទម្រង់​នេះ​គឺ​ទាមទារ​តែ​លើ​មុខទំនិញ​មួយ​ចំនួន​ប៉ុណ្ណោះ និង​ទំនិញ​ដែល​ត្រូវ​នាំ​ចេញ​ទៅ​កាន់​បណ្ដា​ប្រទេស​អាស៊ាន ហើយ​សម្រាប់​ការ​នាំ​ចេញ​ទៅ​កាន់​បណ្ដា​ប្រទេស​ផ្សេង​ៗ​ក្រៅពី​អាស៊ាន គឺ​ត្រូវ​មាន​ទម្រង់​ផ្សេង​ៗ​គ្នា ។ លោក ស៊ា​ង ថៃ បញ្ជាក់​ថា ៖« ទម្រង់​នេះ វា​មាន​ប្រយោជន៍​មួយទៀត ដែល​អាច​បញ្ជាក់​ពី​ប្រភព​ទំនិញ​ហើយ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ វា​មាន​ច្រើន​ទម្រង់ មិនមែន​តែ​មួយ​ទម្រង់ D នោះ​ទេ » ។ សូម​បញ្ជាក់​ថា​ពិធី​ប្រកាស និង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សេវា CO ទម្រង់ D នេះ ត្រូវ​បាន​រៀបចំ​ឡើងនៅ​សណ្ឋាគារ​លី​ជិ ខេត្តក្រចេះ ក្រោម​អធិបតីភាព ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​អាជ្ញាធរ​នៃ​ខេត្ត​ទាំង​បួន​ខាងលើ មន្ត្រីរាជការ​មក​ពី​ស្ថាប័ន​ពាក់ព័ន្ធ និង​តំណាង​វិស័យ​ឯកជន​ប្រមាណ ៣០០​នាក់​។

សូម​ជម្រាប​ថា កាលពី​ឆ្នាំ​២០១៨ កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម ទៅ​កាន់​ទីផ្សារ​បរទេស​ក្នុង​ទឹកប្រាក់ ១២,៨៩៥​លាន​ដុល្លារ​អា​មេ​រិ​ក បាន​កើនឡើង ១៣.៧០% បើ​ប្រៀបធៀប​ឆ្នាំ​២០១៧ ដែល​មាន​ទឹកប្រាក់​ត្រឹមតែ ១១,៣៤១​លាន​ដុល្លារ​អា​មេ​រិ​ក​។ ដោយឡែក​ការ​នាំ​ចេញ​កសិផល តាម​រយៈ CO ទម្រង់ D ទៅ​កាន់​ទីផ្សារ​តំបន់​អាស៊ាន ក៏​មាន​កំណើន​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ គឺ​បាន​កើន​ពី​ទឹកប្រាក់ ៧២៨​លាន​ដុល្លារ​អា​មេ​រិ​កក ក្នុង​ឆ្នាំ​២០១៦ ដល់​ទឹកប្រាក់ ១,៤០៦​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ក្នុង​ឆ្នាំ​២០១៨៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ