ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ​មួយ​ខាតបង់​ប្រាក់​ជាង​១​លាន​ដុល្លារ​និង​បាត់​អ្នកបញ្ជា​ទិញ​៣​សំខាន់​រយៈពេល​ពីរ​ខែ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម្ចាស់​រោងចក្រ​កាត់ដេរ​មួយ​នៅ​កម្ពុជា​បាន​អះអាង​នៅ​ថ្ងៃអាទិត្យ​នេះ​ថា​រោងចក្រ​របស់​ខ្លួន​បាន​ខាតបង់​ប្រាក់​អស់​ជាង ១,២ លាន​ដុល្លារ​អា​មេ​រិ​ក ត្រឹមតែ​រយៈពេល​ជាង​២​ខែ​ប៉ុណ្ណោះ ដោយសារ​តែ​កម្មករ នាំ​គ្នា​ធ្វើ​កូដកម្ម​ទាមទារ​នូវ​អ្វី​ដែល​ច្បាប់​មិន​មាន​ចែង ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ភាគី​តំណាង​រោងចក្រ​កាលពី​ថ្ងៃ​ទី…

រាជធានី​ភ្នំពេញ ៖ ម្ចាស់​រោងចក្រ​កាត់ដេរ​មួយ​នៅ​កម្ពុជា​បាន​អះអាង​នៅ​ថ្ងៃអាទិត្យ​នេះ​ថា​រោងចក្រ​របស់​ខ្លួន​បាន​ខាតបង់​ប្រាក់​អស់​ជាង ១,២ លាន​ដុល្លារ​អា​មេ​រិ​ក ត្រឹមតែ​រយៈពេល​ជាង​២​ខែ​ប៉ុណ្ណោះ ដោយសារ​តែ​កម្មករ នាំ​គ្នា​ធ្វើ​កូដកម្ម​ទាមទារ​នូវ​អ្វី​ដែល​ច្បាប់​មិន​មាន​ចែង ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ភាគី​តំណាង​រោងចក្រ​កាលពី​ថ្ងៃ​ទី ១០ មីនា ២០១៩​នេះ នៅ​ក្នុង​សន្និសីទ​សារព័ត៌​មួយ​នៅ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ហៅ​កាត់​ថា (GMAC) ។ ខណៈ​ប្រធាន​សហជីព​មួយ​លើក​ឡើង​ថា​រោងចក្រ​មួយ​នេះ​ប្រឈម​នឹង​ការ​ខាតបង់​ធ្ងន់ធ្ងរ​ជាង​នេះ បើសិន​បន្ត​រឹងទទឹង​មិន​ទទួលយក​កម្មករ​ប្រមាណ​ជាង ១០០០ នាក់​ដែល​ត្រូវ​បញ្ឈប់​ពី​ការងារ​កន្លង​មក ឲ្យ​ចូល​បម្រើ​ការងារ​វិញ ។

បើ​យោង​តាម​លោក Jimmy Hsu ប្រធាន​ចាត់ការ​ទូទៅ (General Manager) នៃ រោងចក្រ W & D (Cambodia) ដែល​បាន​ចាប់ផ្តើម​វិនិយោគ​នៅ​កម្ពុជា​តាំងពី​ឆ្នាំ ១៩៩៨ មា​នទី​តាំងនៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ រាជធានី​ភ្នំពេញ និង​កំពុង​មាន​វិវាទ​ការងារ​ជាមួយ​កម្មករ បាន​លើក​ឡើង​ថា ចាប់តាំងពី​កម្មករ​កម្មការិនី ធ្វើ​កូដកម្ម​ទាមទារ​អោយ​រោងចក្រ​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​មុន​ឆ្នាំ ២០១៩ កាលពី​ថ្ងៃ​ទី​២៤ ខែធ្នូ ២០១៨ រហូត​មក​ដល់​ពេល​នេះ រោងចក្រ​បាន​ខាតបង់​ប្រាក់​ប្រមាណ​៨៥​ម៉ឺន​ដុល្លារ​ដោយ​ផ្ទាល់ ដោយ​ការ​ដែល​មិន​មាន​ផលិតផល​សម្រាប់​នាំ​ចេញ​ទៅ​កាន់​អ្នកបញ្ជា​ទិញ (buyers) ហើយ​ជាង​៣០​ម៉ឺន​ដុល្លារ​ទៀត​ត្រូវ​បាន​ខាតបង់​ដោយសារ​តែ​ការ​បញ្ជូន​ទំនិញ​ទៅ​អ្នកបញ្ជា​ទិញ តាម​ផ្លូវអាកាស ពីព្រោះ​អ្នកបញ្ជា​ទិញ​ត្រូវការ​ពេលវេលា​លឿន​ទៅ​តាម​កំណត់ ។

លោក Jimmy Hsu បន្ត​ថា « ជា​ធម្មតា​ទំនិញ​ទាំងនេះ យើង​ត្រូវ​ដឹក​ទៅ​ជូន​អ្នកបញ្ជា​ទិញ​តាម​កប៉ាល់ តែ​ពេល​ដែល​កម្មករ​ភាគច្រើន​នាំ​គ្នា​ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើការ ធ្វើ​អោយ​រាំងស្ទះ​ដល់​ការ​ផលិត​របស់​យើង ។ ដូច្នេះ​ហើយ​ទំ​រាំ​យើង​ផលិត​បាន​គ្រប់​គឺ​វា​ដល់​ពេល​ដែល អ្នកបញ្ជា​ទិញ​ទទួល​ឥ​វ៉ា​ន់ អ​ញ្ចឹ​ង​ហើយ​ទើប​យើង​បង្ខំចិត្ត​ត្រូវ​ដឹក​តាម​យន្តហោះ​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​កប៉ា់ល់​យ៉ាងច្រើន » ។ លោក​បន្ត​ថា ទន្ទឹម​នឹង​នោះ​ដែរ រោងចក្រ​ក៏​បាន​បាត់បង់​អ្នកបញ្ជា​ទិញ ចំនួន​៣​ផង​ដែរ ដែល​ជា​ហានិភ័យ​មួយ​សម្រាប់​ដំណើរការ​រោងចក្រ ដែល​ក្នុង​ឆ្នាំ​២០១៨​កន្លង​ទៅ​រោងចក្រ​បាន​បញ្ជូន​ទំនិញ​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​បរទេស​គិត​ជា​ទឹកប្រាក់​ប្រមាណ​៨០​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ទឹកប្រាក់​ទាំងនោះ ក៏​បាន​យក​មក​ផ្គត់ផ្គង់​ដល់​ប្រាក់ខែ កម្មករ​កម្មការិនី ដើម្បី​សម្រួល​ដល់​ជីវភាព​គ្រួសារ​របស់​ពួក​គេ ។

លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បាន​រៀបចំ​ពី​ដំណើររឿង​នៃ​វិវាទ​រវាង​ថៅកែ និង​កម្មករ ដែល​ធ្វើ​អោយ​ខាតបង់​ហិរញ្ញវត្ថុ​ដល់​រោងចក្រ ។ លោក​បានអោយ​ដឹង​ថា វិវាទ​រវាង​កម្មករ និង​ថៅកែ​រោងចក្រ​នេះ បាន​កើតឡើង​អូស​បន្លាយ​អស់​រយៈពេល​ជាង​២​ខែ មក​ហើយ ដែល​មាន​កម្មករ​សរុប​ចំនួន ១,៧២៩ នាក់​នាំ​គ្នា​ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​បំណាច់​អតីតភាព​ជា​កញ្ចប់ នៅ​មុន​ឆ្នាំ​២០១៩ ដែល​មិន​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្ដី​ពី​ការងារ ។

អគ្គលេខាធិការ​រង GMAC បន្ត​ថា « វិវាទ​នេះ បាន​សម្របសម្រួល​ជា​ច្រើន​លើក ដោយ​ទាំង​មានការ​ចូលរួម​ពី​មន្ត្រី​នាយកដ្ឋាន​វិវាទ​ការងារ និង​មន្ត្រី​អគ្គលេខាធិការដ្ឋាន​សម្រាប់​ដោះស្រាយ បញ្ហា​កូដកម្ម បាតុកម្ម ព្រមទាំង​នៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល តែ​នៅ​មិន​តែ​មិន​សម្រេច ។ ក្រោយមក​ទៀត​សាលាដំបូង ក៏​បាន​សម្រេច​អោយ​កម្មករ​ទាំងអស់​ចូល​ធ្វើការ​ជា​ធម្មតា​វិញ តែ​ពួក​គេ​មិន​ធ្វើ​តាម ហើយ​រោងចក្រ​ក៏​បាន​បង្ខំ​បញ្ឈប់​ពួក​គេ​ចំនួន​១១០៤​នាក់ ដែល​ប្រព្រឹត្តិ​កំហុស​ធ្ងន់ » ។

លោក កាំ​ង ម៉ូ​នី​កា បន្ត​ថា ក្រោយ​ពី​បាន​ប្រកាស​បញ្ឈប់​កម្មករ​ទាំងនោះ​ហើយ រោងចក្រ​ក៏​បាន​ប្រកាស​អោយ​ពួក​គេ​មក​បើកប្រាក់​ចុង​ក្រោយ​របស់​ពួក​គេ​ដែរ តែ​ដោយសារ​តែ​មាន​សម្របសម្រួល​ពី​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រោងចក្រ​ក៏​ព្រម​ទទួល​កម្មករ​ទាំងនោះ​អោយ​ចូល​ធ្វើការ​វិញ​ជា​ធម្មតា លើកលែងតែ​កម្មករ​ចំនួន​២០​នាក់​ដែល​បាន​បិទផ្លូវ និង​រារាំង​កម្មករ​ដទៃ​ទៀត​មិន​អោយ​ចូល​ធ្វើការ​ងារ​វិញ​ប៉ុណ្ណោះ ។ លោក​បន្ត​ថា បច្ចុប្បន្ន​នេះ ក្នុង​ចំណោម​កម្មករ​សរុប ១ ៧២៩ នាក់​ដែល​ចូលរួម​ធ្វើ​កូដកម្ម​នោះ មាន​ចំនួន​៨១៤ នាក់​ហើយ​ព្រម​ចូល​ធ្វើការ​វិញ ហើយ​រោងចក្រ​ក៏​បាន​រក្សា​អតីតភាព​ការងារ​អោយ​ពួក​គេ​អោយ​នៅ​ដដែល ព្រមទាំង​មាន​ផ្ដល់​ប្រាក់​រង្វាន់​ទៀត​ទាត់​តាម​ចំនួន​ថ្ងៃ​ដែល​បាន​ធ្វើការ​ផង​ដែរ ។ លោក​បញ្ជាក់​ថា សម្រាប់​វិស័យ​រោងចក្រ​ទាំងមូល វា​នឹង​មាន​បញ្ហា​ពិបាក​បន្តិច​នៅ​ពេល​ដែល​សហភាព​អឺរ៉ុប​កំពុង​ដំណើរការ​នីតិ​វិធីដក​ប្រពន្ធ​អនុគ្រោះ​ពន្ធ​ទំនិញ​ពី​កម្ពុជា ក្នុង​នោះ​វា​គ្រាន់តែ​មាន​សតិអារម្មណ៍​មួយ​ចំនួន​ពី​អ្នក​វិនិយោគ តែ​យ៉ាងណា​ក៏​ដោយ​ក៏​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​ខិតខំ​ដំណើរការ​កិច្ចការ​នេះ​អោយ​បាន​ល្អ​ប្រសើរ​ឡើង​វិញ ដើម្បី​ស្ថេ​រ​ភាព​សេដ្ឋកិច្ច​កម្ពុជា ។

លោក ប៉ាវ ស៊ី​ណា លោក ប៉ាវ ស៊ី​ណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា និង​ជា​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ បាន​ឲ្យ​ដឹង​ថា​ធម្មតា​នៅ​ពេល​ដែល​វិវាទ​ការងារ​កើតឡើង នឹង​ធ្វើ​ឲ្យ​ភាគី​ទាំង​ពីរ ទាំង​និយោជក់​និង​កម្មករ សុទ្ធតែ​ខាតបង់​ដូច​គ្នា ។ ដូច្នេះ​លោក​យល់​ថា​ទាំង​កម្មករ និង​និយោជក់​គួរ​ថយ​ម្នាក់​មួយ​ជំហាន ព្រោះ​បើ​ម្ចាស់​រោងចក្រ​នៅ​តែ​មិន​ទ​ទូល​យក​កម្មករ​ដែល​ត្រូវ​បាន​បញ្ឈប់​ឲ្យ​ចូល​ធ្វើការ​វិញ​នឹង​អាច​ប៉ះពាល់ ឬ​បាត់បង់​ការ​បញ្ជា​រទិញ ដែល​អាច​ឈាន​ដល់​ការ​បិទ​រោងចក្រ​ផង​ដែរ ។

សូម​រំលឹក​ថា កម្មករ​រោងចក្រ W&D ប្រមាណ​ជិត​២​ពាន់​នាក់ បាន​ផ្ទុះ​ការ​តវ៉ា កាលពី​ខែ ធ្នូ ឆ្នាំ​២០១៨ ដើម្បី​ស្នើ​សុំ​បើកប្រាក់​អតីតភាព​ការងារ​សរុប​ពេញ​មួយ​ឆ្នាំ​តែ​ម្តង ខណៈ​ច្បាប់​បាន​កំណត់​ថា ប្រាក់​អតីតភាព​ការងារ​នឹង​ត្រូវ​អនុវត្ត​នៅ​ឆ្នាំ​២០១៩​នេះ ដោយ​បើក​២​ដង​ក្នុង​មួយ​ឆ្នាំ ក៏​ប៉ុន្តែ​បើ​តាម​ច្បាប់​ការងារ​គឺ តម្រូវ​ឲ្យ​ម្ចាស់​រោងចក្រ សង​រំ​លោះ​ប្រាក់​អតីតភាព​ការងារ​ជូន​កម្មករ ។ ត្រង់​ចំនុច បាន​ធ្វើ​ឲ្យ​រោងចក្រ​បញ្ឈប់​កម្មករ​ដំបូង​ជាង​១​ពាន់​នាក់​។ ហើយ​រហូត​មក​ដល់​ពេល​នេះ​គឺ​នៅ​សល់ ១២៧​នាក់ ដែល​មិន​ទាន់​ត្រូវ​បាន​យក​ចូល​ធ្វើការ​វិញ​ឡើយ ។

លោក ប៉ាវ ស៊ី​ណា បញ្ជាក់​ថា «​មក​ដល់​ម៉ោង​នេះ ខ្ញុំ​មើលឃើញ​ថា​អ្វី​ដែល​កម្មករ​ចង់បាន គឺ​ចង់​ត្រឹមតែ​ឲ្យ​រោងចក្រ ទទួលយក​កម្មករ​ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ឲ្យ​បាន​ចូល​ធ្វើ​ការងារ​ទាំងអស់​វិញ ដោយ​មិន​បាន​ទាមទារ​ឲ្យ​ម្ចាស់​រោងចក្រ​បើកប្រាក់​អតីតភាព​ការងារ​ជា​កញ្ចប់​សរុប​ពេញ​មួយ​ឆ្នាំ​តែ​ម្តងទៀត​ទេ​» ។
យ៉ាងណាមិញ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ទៅ​ក្រសួង​ការងារ​ឲ្យ​សហការ​ជាមួយ​ភាគី​រោងចក្រ​ធ្វើការ​ដោះស្រាយ​ជា​បន្ទាន់​នូវ​រាល់​វិវាទ​ការងារ ជា​ពិសេស​កុំ​ឲ្យ​មាន​ករណី​ថៅកែ​បញ្ឈប់​កម្មករ​ក្នុង​រឿង​វិវាទ​ការងារ​ឲ្យ​សោះ ដោយ​លោក​លើក​ឡើង​ថា ការ​បញ្ឈប់​នោះ​មិនមែន​ជា​ជម្រើស​ល្អ​ឡើយ​សម្រាប់​រោងចក្រ និង​កម្មករ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ