ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង្រី​ក​សក្ដានុពល​នៅ​តំបន់​ទឹកធ្លាក់​ជ្រាវ ទៅ​ជា​តំបន់​ទេសចរណ៍​ផ្សងព្រេង​បន្ថែម​ទៀត

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​លើក​ឡើង​ថា ជាមួយនឹង​កំណើន​ភ្ញៀវ​ទេសចរ ដែល​ចូល​ចិត្ត​ដើរ​កម្សាន្ត​បែប​ផ្សងព្រេង​នៅ​តាម​ព្រៃ​ភ្នំ​នោះ ក្រសួងទេសចរណ៍​បាន​និង​កំពុង​រៀបចំ​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ជ្រាវ…

ខេត្តកំពង់ស្ពឺ​ ៖ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​លើក​ឡើង​ថា ជាមួយនឹង​កំណើន​ភ្ញៀវ​ទេសចរ ដែល​ចូល​ចិត្ត​ដើរ​កម្សាន្ត​បែប​ផ្សងព្រេង​នៅ​តាម​ព្រៃ​ភ្នំ​នោះ ក្រសួងទេសចរណ៍​បាន​និង​កំពុង​រៀបចំ​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ជ្រាវ ទៅ​ជា​តំបន់​ទេសចរណ៍​បែប​ផ្សងព្រេង ដែល​មាន​ស្ដង់ដា​សហគមន៍​ត្រឹមត្រូវ​បន្ថែម​ពីលើ​សក្ដានុពល​ដែល​មាន​ស្រាប់​នៅ​រមណីយដ្ឋាន​នេះ​។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​យ៉ាង​ដូច្នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជា​សហគមន៍​ទេសចរណ៍ធម្មជាតិ​ទឹកធ្លាក់​ជ្រាវ ស្ថិត​នៅ​ភូម​តាំង​សំរោង ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ នា​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៩​។ សហគមន៍​នេះ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​២០០១ មក​ម្ល៉េះ​។

ការ​ប្រកាស​បែប​នេះ​បាន​ន័យ​ថា ក្រៅពី​តំបន់​អេកូ​ទេសចរណ៍​ដទៃ​ទៀត ដូច​ជា សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត និង​សហគមន៍​អា​រ៉ែ​ង នៅ​ខេត្តកោះកុង សហគមន៍​កំពង់​ភ្លុក នៅ​ខេត្តសៀមរាប កម្ពុជា​នឹង​មាន​សហគមន៍​ទេសចរណ៍ធម្មជាតិ​ទឹកធ្លាក់​ជ្រាវ នៅ​ខេត្តកំពង់ស្ពឺ​នេះ​មួយទៀត ដើម្បី​បម្រើ​ដល់​សេចក្ដី​ត្រូវការ​របស់​ភ្ញៀវ​ទេសចរ ដែល​កំពុង​មានការ​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ​។

លោក​បាន​ណែនាំ​ដល់​ក្រុមការងារ​រៀបចំ​ស្ដង់ដា និង​ក្រុមការងារ​បណ្ដុះបណ្តាល​មគ្គុទ្ទេសក៍​ទេសចរណ៍​ថា ការ​ជ្រើសរើស​មនុស្ស​មក​បណ្ដុះបណ្ដាល ឱ្យ​ក្លាយទៅជា​មគ្គុទ្ទេសក៍​នាំ​ផ្លូវ​ភ្ញៀវ​ទេសចរ ត្រូវ​តែ​ជ្រើសរើស​ប្រជាជន​នៅ​ក្នុង​សហគមន៍​ផ្ទាល់ ព្រោះ​ប្រជាជន​នៅ​ទីនោះ​ជា​ម្ចាស់​ស្រុក​ស្រាប់ ពួក​គាត់​ស្គាល់ផ្លូវ និង​ភូមិសាស្ត្រ​នៅ​ក្នុង​តំបន់​របស់​ពួក​គាត់​ច្បាស់​ជាង ហើយ​ពួក​គាត់​ក៏​នឹង​ទទួល​បាន​ចំណូល​បន្ថែម​ពី​ការងារ​នេះ​ផង​ដែរ​។

លោក ថោ​ង ខុន បាន​បន្ត​ថា ចំពោះ​វិស័យ​ឯកជន​ក៏​អាច​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​ទីនោះ​បាន​ដែរ ប៉ុន្តែ​បាន​តែ​ទៅ​លើ​ការ​វិនិយោគ​ខ្នាត​តូច និង​មធ្យម​ប៉ុណ្ណោះ ដូច​ជា​ការ​វិនិយោគ​លើ​ការ​បង្កើត​ផ្ទះ​ស្នាក់ ការ​បង្កើត Eco-lodges ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន ឬ​ជួល​សម្ភារៈ​ប្រើប្រាស់​សម្រាប់​ភ្ញៀវ​ទេសចរ​ជាដើម «​ដាច់ខាត​វិស័យ​ឯកជន​មិន​អាច​ធ្វើ​ជា​ម្ចាស់​សហគមន៍​ជំនួស​ប្រជាជន​បាន​ទេ​»​។

ទន្ទឹម​នឹង​ការ​រៀបចំ​ស្ដង់ដា​សហគមន៍​នៅ​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ជ្រាវ​នេះ លោក​រដ្ឋមន្ត្រី ថោ​ង ខុន ក៏​បាន​ស្នើ​ដល់​គ្រប់​ភាគី​ទាំងអស់ ពិសេស​សមាគម៍​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ជួយ​ផ្សព្វផ្សាយ​អំពី​ផលិត​ទេសចរណ៍​នៅ​តំបន់ ទៅ​កាន់​ភ្ញៀវ​ទេសចរ​ឱ្យ​បាន​ទូលំទូលាយ​ថែម​ទៀត​។

លោក​ក៏​បាន​ស្នើ​ដល់​ក្រសួង​-​មន្ទីរ​ពាក់ព័ន្ធ​សូម​ជួយ​កែ​លម្អ និង​កសាង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ទៀត​ផង ដូច​ជា សេវា​ទូរស័ព្ទ​-​អ៉ី​ន​ធឺរ​ណេ​ត ផ្លូវ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥៣ បណ្ដាញ​អគ្គិសនី ទឹក​ស្អាត​សម្រាប់​ប្រជាជន និង​ភ្ញៀវ​ទេសចរ​ប្រើប្រាស់​ជាដើម​។

លោក​រដ្ឋមន្ត្រី​ដ៏​សកម្ម​រូប​នេះ ក៏​បាន​ស្នើ​យ៉ាង​ទទូច​ដល់​ប្រជា​សហគមន៍​ជ្រាវ ប្រ​សិន​មាន​សកម្មភាព​កាប់​ព្រៃឈើ បរបាញ់​សត្វព្រៃ សូម​បញ្ឈប់​ជា​បន្ទាន់ ដើម្បី​រក្សា​ការពារ​នូវ​ធនធានធម្មជាតិ សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍ ពីព្រោះ​ភ្ញៀវ​ទេសចរ​តែងតែ​ចង់​ឃើញ​នូវ​អ្វី​ដែល​មាននៅ​ក្នុង​សហគមន៍ និង​តំបន់ការពារធម្មជាតិ​ទាំងនោះ បើ​គ្មាន​ធនធានធម្មជាតិ​ទាំង​អស់នោះ​ទេ ភ្ញៀវ​ទេសចរ​ក៏​គ្មាន​អ្នក​ណា​គេ​មក​ទស្សនា​កម្សាន្ត​នោះ​ទេ ហើយ​ប្រជា​សហគមន៍​ខ្លួនឯង​ក៏​គ្មាន​កម្រៃ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​នោះ​ដែរ​។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ពី​ភាព​ជោគជ័យ ក្នុង​ការ​រៀបចំ​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត សហគមន៍​អា​រ៉ែ​ង ប្រាប់​ដល់​ប្រជាជន​នៅ​ក្នុង​សហគមន៍​ធម្មជាតិ​ទឹកធ្លាក់​ជ្រាវ​ឱ្យ​បាន​ជ្រាប និង​យកតម្រាប់​តាម​ផង​ដែរ​។

សូម​ជម្រាប​ថា រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ជ្រាវ មាន​ទីតាំង​ស្ថិត​នៅ​ភូម​តាំង​សំរោង ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ចម្ងាយ​ពី​រាជធានី​ភ្នំពេញ​ប្រមាណ ១០០​គីឡូម៉ែត្រ និង​ពី​ទីរួមខេត្ត​កំពង់ស្ពឺ (​ក្រុង​ច្បារមន​) តែ​ប្រមាណ​៨០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​។ រមណីយដ្ឋាន​នេះ​មាន​ទឹកធ្លាក់​ដល់​ទៅ​៧​ជាន់ ដ៏​សែន​ត្រជាក់​ល្ហឹម ហើយ​នៅ​បរិវេណ​ជុំវិញ​ក៏​ហ៊ុ​ព័ទ្ធ​ទៅ​ដោយ​ភ្នំ នៃ​ជួរ​ភ្នំក្រវាញ យ៉ាង​ស្រស់​ត្រកាល​ផង​ដែរ​៕ សុខ សា​រ៉ា​យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ