ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ជិះ​ម៉ូតូ​កាត់មុខ​រ៉ូ​ម៉ាស៊ីន​ខ្លាំង​ៗ​មានអី​ប្រាវ​ឈាម​ពេញ​ខ្លួន

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ យុវជន​២​នាក់​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​៩ មីនា ក្រោយ​ពី​សង្ស័យ​ថា​ជន​ទាំង​២​នាក់​បាន​ប្រើប្រាស់​កាំបិត​ដេញ​កាប់​គូសត្រូវ​របស់​ខ្លួន បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ចំនួន​៥​នាក់ កាលពីដើម​ស​ប្ដា​ហ៍​មុន​នេះ ។…

ខេត្តបាត់ដំបង ៖ យុវជន​២​នាក់​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​៩ មីនា ក្រោយ​ពី​សង្ស័យ​ថា​ជន​ទាំង​២​នាក់​បាន​ប្រើប្រាស់​កាំបិត​ដេញ​កាប់​គូសត្រូវ​របស់​ខ្លួន បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ចំនួន​៥​នាក់ កាលពីដើម​ស​ប្ដា​ហ៍​មុន​នេះ ។

នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល លោក​ឈឿ​ង គឹ​ម​សុង បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​នោះ​ឈ្មោះ បូ​រី ហៅ​សល់ ហៅ​យក្ស អាយុ​២១​ឆ្នាំ នៅ​ភូមិ​អណ្តូង​ព្រីង សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង (​ជា​ជន​ដៃដល់ ) និង​ឈ្មោះ រ៉ើ​យ សា​រ៉ា​ន អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង (​ជា​អ្នក​ឌុ​ប​) ។ លោក​គឹ​ម សុង បាន​ប្រាប់​ថា ជន​ទាំង​២​នាក់​នេះ​ត្រូវ​បាន​សង្ស័យ​ថា បាន​ប្រើប្រាស់​កាំបិត​ដេញ​កាប់​យុវជន​៥​នាក់ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ដែល​មាន​១-​ឈ្មោះ ភី សុធា​រ៉ា ហៅ​ចិន អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ជា​មន្ត្រី ឃុំ​ត្រែង ស្រុក​រតនៈ​មណ្ឌល (​រង​របួស​ត្រង់​ស្លាបប្រចៀវ​ខាងស្តាំ បណ្តាល​ឲ្យ​មុត​រយះ​ដេរ​ចំនួន​១០​ថ្នេរ​) ២-​ឈ្មោះ​កែវ វ៉ា​ន់​នី អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ជា​មន្ត្រី ឃុំ​ត្រែង ស្រុក​រតនៈ​មណ្ឌល (​រង​របួស​ត្រង់​ស្លាបប្រចៀវ​ខាងស្តាំ មុត​រយះ​ដេរ​ចំនួន​២៤​ថ្នេរ ៣-​ឈ្មោះ ភី សុខ​ហៃ អាយុ​២១​ឆ្នាំ នៅ​ភូមិ​ត្រែង ឃុំ​ត្រែង ស្រុក​រតនៈ​មណ្ឌល (​រង​របួស​ត្រង់​ដៃ​ខាងឆ្វេង រយះ​ចេញ​ឈាម​បណ្តាល​ឲ្យ​បាក់ដៃ ) ៤-​ឈ្មោះ កែវ ឆដា អាយុ​១៨​ឆ្នាំ នៅ​ភូមិ​គីឡូ ឃុំ​ត្រែង ស្រុក​រតនៈ​មណ្ឌល (​រង​របួស​ត្រង់​លើ​ស្លាបប្រចៀវ​ខាងស្តាំ បណ្តាល​ឲ្យ​មុត​រយះ​ដេរ​ចំនួន​០៥​ថ្នេរ​) និង​៥-​ឈ្មោះ ឃួ​ម សុខ​ខេ​ង អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ទឹកសាប ឃុំ​ផ្លូវ​មាស ស្រុក​រតនៈ​មណ្ឌល (​រង​របួស​ត្រង់​ស្មា​ខាងឆ្វេង​បណ្តាល​ឲ្យ​មុត​រយះ​ដេរ​ចំនួន​១៥​ថ្នេរ​) ។

លោក​ប្រធាន​ការិយាល័យ​រូប​នេះ​បាន​បញ្ជាក់​ថា ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៣ មីនា នៅ​ចំណុច​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខណៈ​ក្រុម​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ ។

បើ​តាម​ការ​សួរនាំ​ថា ភាគី​ជន​ដៃដល់​ខឹង​នឹង​ភាគី​រង​គ្រោះ​ដែល​ជិះ​ម៉ូតូ​កាត់មុខ​ពួក​ខ្លួន ហើយ​រ៉ូ​ម៉ាស៊ីន​ខ្លាំង​ទើប​ជិះ​ម៉ូតូ​ដេញ​តាម​កាប់​តែ​ម្ដង ។ ជាមួយនឹង​ការ​ឃាត់ខ្លួន​ជន​ដៃដល់​ទាំង​២​នាក់ បាន​សារភាព​ថា ពួក​ខ្លួន​ទាំង​២​នាក់​ពិតជា​បាន​ជិះ​ម៉ូតូ​តាម​កាប់​ក្រុម​ជន​រង​គ្រោះ​ទាំង​០៥​នាក់​នោះ​មែន​ដោយសារ​ខឹង​ក្រុម​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​សម្លោក​ម៉ាស៊ីន​នៅ​ចំពោះ​មុខ​ខ្លួន ។ ជន​ទំនើង​នេះ​បាន​និយាយ​ថា នៅ​យប់​កើតហេតុ​នោះ​ពេល​ពួក​ខ្លួន​កំពុង​អង្គុយ​នៅ​ចុងស្ពាន​ថ្ម​ចាស់ ខាង​មុខ​សាលាខេត្ត ស្រាប់តែ​ក្រុម​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មក​ដល់​រ៉ូ​ម៉ាស៊ីន​ម៉ូតូ​ខ្លាំង​ៗ​ក្នុង​គោលបំណង​បង្ករឿង រួច​ក៏​ជិះ​ហូ​ស​ទៅ​ទើប​ពួក​ខ្លួន​ខឹង​ក៏​ជិះ​ដេញ​តាម​ដល់​ចំណុច​កើតហេតុ​ក៏​ទាញ​កាំបិត​កាប់​តែ​ម្ដង ។ ពេល​នោះ​ពួក​ខ្លួន​មិន​បាន​ដេញ​តាម​ទៀត​ទេ លុះ​នៅ​ថ្ងៃ​ទី​៩ មីនា​ស្រាប់តែ​សមត្ថកិច្ច​មក​ឃាត់ខ្លួន​តែ​ម្ដង ។

លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​ក្រុម​ជន​ដៃដល់​នេះ​កម្លាំង​ជំនាញ​ដកហូត​ដាវ​សាំ​ម៉ូ​រៃ​បាន​ចំនួន​០៣​ដើម និង​ម៉ូតូ​២​គ្រឿង ។ លោក​ថា បើ​តាម​ប្រវត្តិ​ក្រុម​ក្មេង​ទំនើង​ទាំងនេះ សុទ្ធតែ​ធ្លាប់​ប៉ះទង្គិច​គ្នា​កន្លង​មក​នា​ពេល​យប់ ។ ទោះ​យ៉ាងណា​ពេល​នេះ​មន្ត្រី​នៃ​ការិយាល័យ​ជំនាញ​កំពុង​តែ​សួរនាំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ