ខេត្តពោធិ៍សាត់ ៖ រថយន្តកាមរី២គ្រឿង និងមនុស្ស២នាក់ត្រូវកងរាជអាវុធហត្ថលើផ្ទៃប្រទេសចាប់ឃាត់ប្រគល់ឱ្យមេព្រៃកាលពីថ្ងៃទី២៥ មីនា ២០១១ ខណៈពេលរថយន្តទាំងពីរគ្រឿងនេះដឹកជញ្ជូនឈើខុសច្បាប់។ លោកហេង ហៃ ប្រធានក្រុមកងរាជអាវុធហត្ថលើផ្ទៃប្រទេសក្នុងការបង្ក្រាបនោះឱ្យដឹងថា រថយន្តទី១-ពណ៌សំបកឪឡឹក ស៊េរីឆ្នាំ៩៣ ចង្កូតឆ្វេង ពាក់ស្លាកលេខភ្នំពេញ ៦៥៥៨ ចាប់នៅភូមិទួលក្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ កាលពីថ្ងៃទី២៤ វេលាម៉ោង៩និង៣០នាទីយប់ ផ្ទុកឈើគ្រញូងចំនួន១៩កំណាត់ ស្មើនឹង០,៦៩៥ម៉ែត្រគូប ។ អ្នកជិះក្នុងរថយន្តពីរនាក់ម្នាក់ឈ្មោះហ៊ាង ចាន់ធឿន ភេទប្រុស អាយុ៣១ឆ្នាំ ជាអ្នកបើកបរ និងម្នាក់ទៀតឈ្មោះម៉េត សុខលី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ជាមួយគ្នា ក៏ត្រូវឃាត់ខ្លួនដែរ ។
លោកហេង ហៃឱ្យដឹងថា រថយន្តនេះកាលពីយប់ថ្ងៃទី១៧ មីនា ២០១១ សមត្ថកិច្ចចាប់ម្តងហើយ រួមនឹងឈើគ្រញូង៤១ដុំ ។ កាលនោះខណ្ឌរដ្ឋបាលព្រៃឈើឱ្យម្ចាស់ធ្វើកិច្ចសន្យា និងបង់ផាកពិន័យយករថយន្តទៅវិញបានតែមួយសបា្តហ៍ ស្រាប់តែលួចដឹកឈើទៀតដោយគ្មានរាងចាលទាល់តែសោះ និងហាក់បីដូចជាផ្គើនដាក់សមត្ថកិច្ច ។ រថយន្តទី២ ពណ៌កណ្តុរល្មែះ ស៊េរី៩១ ចង្កូតឆ្វេង ពាក់ស្លាកលេខភ្នំពេញ 2I 9258 ចាប់នៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ កាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រថ្ងៃទី២៥ មីនា ២០១១ ផ្ទុកឈើគ្រញូងចំនួន៣២៨ដុំ ស្មើនឹង០,៦៥១ម៉ែត្រគូប អ្នកបើកបររត់គេចខ្លួនបាត់ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងពីរនាក់សារភាពថា ពួកគេគ្រាន់តែជាអ្នកស៊ីឈ្នួលបើករថយន្តឱ្យឈ្មោះប្រុសប៉ុណ្ណោះ ។ ចំណែកមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តឱ្យដឹងថា ការចូលខ្លួនបង់ផាកពិន័យ និងធ្វើកិច្ចសន្យាឈ្មោះហ៊ាង ចាន់ធឿន នេះដែរ ។ ដូច្នេះ ទោះបីជាឈ្មួញ ឬក៏ជាអ្នកស៊ីឈ្នួលបើករថយន្ត ឱ្យគេ គឺសម្រេចលើព្រះរាជអាជ្ញាជាអ្នកចាត់ចែងតាមច្បាប់ថាតើត្រូវផាកពិន័យ ឬមួយត្រូវបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ។ រថយន្តដឹកឈើទាំងពីរគ្រឿងនោះមួយគ្រឿងរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើ ស្រុកភ្នំក្រវាញ និងមួយគ្រឿងទៀតរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ចំណែកជនសង្ស័យទាំងពីរនាក់បញ្ជូនទៅកាន់តុលាការ ៕
ចែករំលែកព័តមាននេះ