ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡើងច្រើន​សន្ធឹកនេះ គឺមកពីឡាវ​ទៀត

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោកដួង វិចិត្រ មេ​បញ្ជាការ​រង បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ជា​ប្រភេទ​ថ្នាំ​គ្រាប់ ​សង្ស័យ​ជា​ថ្នាំ​យ៉ា​ម៉ា​ឬ​មេ​តំ​ហ្វេ​តា​មីន និង​ឃាត់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់ កាលពី​វេលា​ម៉ោង​៣​…

ខេត្តស្ទឹងត្រែង ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោកដួង វិចិត្រ មេ​បញ្ជាការ​រង បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ជា​ប្រភេទ​ថ្នាំ​គ្រាប់ ​សង្ស័យ​ជា​ថ្នាំ​យ៉ា​ម៉ា​ឬ​មេ​តំ​ហ្វេ​តា​មីន និង​ឃាត់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់ កាលពី​វេលា​ម៉ោង​៣​ និង​៥៥​នាទី​រសៀល​ថ្ងៃ​ទី​៧ ខែមីនា នៅ​ផ្លូវបំបែក​ចូល​ទៅ​វើ​នខា​ម ចំណុច​ស្ពាន​ទី​២ ស្ថិត​ក្នុងភូមិ​ខាំ​ផា​ន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង ។

ជា​ជំហាន​ដំបូង គេ​នៅ​មិន​ទាន់​ប៉ាន់​ប្រមាណ​ថា វត្ថុ​តាង​ដែល​រឹបអូស​បាន​នោះ​មាន​ចំនួន​ប៉ុន្មានឡើយ ដោយ​មានការ​ចូលរួម​ត្រួតពិនិត្យ​និង​ហែកកញ្ចប់​ថ្នាំ​ញៀន​ដោយ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ ខេត្ត​នា​រសៀល​ថ្ងៃ​ដដែល​នោះ ។ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត លោក ដួង វិចិត្រ បាន​ប្រាប់​កោះសន្តិភាព​ថា ដោយ​ប្រើ​វិធាន​ញុះញង់​ឱ្យ​មានការ​ទិញ​-​លក់ ទើប​ឈាន​ដល់​ការ​ទប់ស្កាត់ និង​បង្ក្រាប​ចាប់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់​ក្នុង​ពេល​នាំ​ថ្នាំ​ញៀន​ចូល​មក​កាន់​កម្ពុជាតាម​ច្រករបៀង​ព្រំប្រទល់​កម្ពុជា​-​ឡាវ ។

លោក​បន្ត​ថា ក្រោម​ការ​ញុះញង់ ជនសង្ស័យជនជាតិ​ឡាវ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​នាំ​យក​ថ្នាំ​ញៀន​មក​ដល់​ច្រករបៀង ដោយ​ម្នាក់​ជា​អ្នក​កាន់ថ្នាំ​ញៀន​ឆ្លង​ដែន និង​ម្នាក់​ទៀត​រង់ចាំ​នៅ​ទឹកដី​ឡាវ ។ ដូច្នេះ​ហើយ ទើប​កម្លាំង​ប្រតិបត្តិការ​បង្ក្រាប​ចាប់ខ្លួន​បាន​តែ​ម្នាក់​រួម​ជាមួយ​វត្ថុ​តាង ជាក់ស្តែង រួច​បញ្ជូន​ទៅ​បញ្ជាការដ្ឋាន​កង​រាជអាវុធហត្ថ​ខេត្ត​ដើម្បី​បន្ត​នីតិវិធី ។ ជនសង្ស័យ​ជនជាតិ​ឡាវ​រូប​នេះ​ឈ្មោះ ប៊ុ​នម៉ា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​បាន​ដ​ន ស្រុក​ផូ​ន​ហ្លូ​ង វៀងចន្ទន៍ ប្រទេស​ឡាវ ជា​បងធំ​មាន​ឥទ្ធិពល​ម្នាក់​គ្រប់ គ្រង​ថ្នាំ​ញៀន​៥​ខេត្ត​នៅ​ប្រទេស​ឡាវ និង​ជា​ជនសង្ស័យ​នាំ​ថ្នាំ​ញៀន​ឆ្លង​ដែន​ដោយ​ផ្ទាល់ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​កម្លាំង​កងរាជអាវុធហត្ថ​ដែល​ចុះ​បេសកកម្ម​ផ្ទាល់​ប្រាប់​ឱ្យ​ដឹង ។

ជនសង្ស័យ​ឈ្មោះ ប៊ុ​ន ម៉ា បាន​ឆ្លើយ​ថា ថ្នាំ​ញៀន​ទាំងនេះ​ខ្លួន​យក​បន្ត​ពី​គេ​នៅ​ក្រុង​វៀងចន្ទន៍​មក​ជួញដូរ ហើយ​ការ​ឆ្លង​ដែន​នេះ​ទើប​ជា​លើក​ដំបូង​ទេ ។ ជនសង្ស័យ​បាន​ឆ្លើយ​ប្រាប់​ព្រះរាជអាជ្ញា​រង លោក វង្ស សាវ៉ា​ត ថា ថ្នាំ​ញៀន​ដែលខ្លួន​កាន់​មកនេះ​មាន​ចំនួន​៣៩​កញ្ចប់ ហើយ​ក្នុង​មួយ​កញ្ចប់​ជា​ទូទៅ​មាន​២០០​គ្រាប់​ឬ​អាច​លើស​និង​ខ្វះ បូក​រួម​នឹង​មេ​ចំនួន​២​គ្រាប់​ក្នុង​កញ្ចប់​នីមួយ​ៗ ។ មន្ត្រី​ជំនាញ​បាន​ហែក​កញ្ចប់​ថ្នាំ​ញៀន​នៅ​ចំពោះ​មុខ​ជនសង្ស័យ ក្រោម​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង និង​ដក​សំណាក​ធ្វើតេស្ត​ជាក់
ស្តែង វត្ថុ​តាង​ដកហូត​ជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​WY​សរុប​ចំនួន​៧.៦៨៣​គ្រាប់ ។ ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ