ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណូល​ចរន្ត​របស់​រដ្ឋាភិបាល​កើនឡើង​ដល់​ជាង ៥០០០​លាន​ដុល្លារ​អា​មេ​រិ​ក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ឲ្យ​ដឹង​ថា ចំណូល​ចរន្ត​ថវិកាជាតិ បាន​កើនឡើង​ដល់​ជាង​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ឆ្នាំ​២០១៨ ខណៈ​ចំណាយ​ថវិកាជាតិ បាន​កើនឡើង​ពី​ប្រមាណ​តែ ៥០០​លាន​ដុល្លារ…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ឲ្យ​ដឹង​ថា ចំណូល​ចរន្ត​ថវិកាជាតិ បាន​កើនឡើង​ដល់​ជាង​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ឆ្នាំ​២០១៨ ខណៈ​ចំណាយ​ថវិកាជាតិ បាន​កើនឡើង​ពី​ប្រមាណ​តែ ៥០០​លាន​ដុល្លារ រហូត​ដល់​ប្រមាណ​ជាង ៦​ពាន់​លាន​ដុល្លារ នៅ​ក្នុង​រយៈពេល​ដូច​គ្នា​។

រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក វ​ង្សី វិស្សុត បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក Manfred Grund ប្រធាន​នៃ​គណៈប្រតិភូ​នៃ​សមាជិក​សភា​អា​ល្លឺ​ម៉​ង់ កាលពី​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០១៩​កន្លង​មក​ថា គិត​ត្រឹម​ឆ្នាំ​២០០០ កម្ពុជា​ពុំ​ធ្លាប់​មាន​អតិរេក​ថវិកា​ចរន្ត និង​ប្រាក់​សន្សំ​របស់​រាជរដ្ឋាភិបាល​នោះ​ទេ ក៏​ប៉ុន្តែ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កម្ពុជា​សម្រេច​បាន​នូវ​អតិរេក​ថវិកា​ចរន្ត​ក្នុង​រង្វង់​ប្រមាណ​៣% នៃ​ផលទុនជាតិ​សរុប (​បស​ស​) និង​មាន​ប្រាក់​សន្សំ​របស់​រាជរដ្ឋាភិបាល​ប្រមាណ​ជាង​១៤ % (​នៃ​ផសស​) ក្នុង​ឆ្នាំ​២០១៨​។

លោក​បន្ត​ថា ជាក់ស្តែង​ចំណូល​ចរន្ត​ថវិកាជាតិ បាន​កើនឡើង​ពី​ប្រមាណ​តែ​ជាង ៣០០​លាន​ដុល្លារ ឬ​ប្រមាណ​១០% នៃ​ផសស​ក្នុង​ឆ្នាំ​២០០០ ឡើង​ដល់​ជាង​៥០០០ លាន​ដុល្លារ​អា​មេ​រិ​ក ឬ​ប្រមាណ​ជាង ២០% នៃ​ផសស​ក្នុង​ឆ្នាំ​២០១៨​។ លោក​វ​ង្សី វិស្សុត​បាន​បន្ត​ថា រាជរដ្ឋាភិបាល​បាន​ចំណាយ​លើ​វិស័យ​អប់រំ​បាន​កើនឡើង​៣,២​ដង ចំណាយ​វិស័យ​សុខាភិបាល​កើនឡើង​២,៥​ដង និង​វិស័យ​កសិកម្ម​កើនឡើង​៣​ដង ព្រមទាំង​ចំណាយ​វិនិយោគសាធារណៈ ដែល​ផ្តោត​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​កើនឡើង​២,៥​ដង​ផង​ដែរ​។ ជាមួយ​គ្នា​នេះ កម្រិត​នៃ​បំណុល​សាធារណៈ​របស់​កម្ពុជា​នៅ​បន្ត​មាន​អនុ​បាត​ទាប​បំផុត​នៅ​ក្នុង​តំបន់​។ ដូច្នេះ​សមិទ្ធផល​ទាំងឡាយ​ដែល​សម្រេច​បាន​មកនេះ មិនមែន​កើតឡើង​ដោយ​ចៃដន្យ​នោះ​ទេ តែ​យើង​ក៏​នៅ​មិន​ទាន់​ស្កប់ស្កល​នោះ​ដែរ ព្រោះ​សមិទ្ធផល​ទាំងនេះ​នៅ​ផុស​ស្រួយ​នៅឡើយ ដូចនេះ​ទាមទារ​ឱ្យ​យើង​ត្រូវ​បន្ត​ប្រឹងប្រែង​ថែម​ទៀត​នៅ​លើ​ផ្លូវត្រូវ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​ចំណុចខ្សោយ​ទាំងឡាយ​។

លោក​Manfred Grund ប្រធាន​នៃ​គណៈប្រតិភូ​នៃ​សមាជិក​សភា​អា​ល្លឺ​ម៉​ង់​បាន​មាន​ប្រសាសន៍​ថា ភាគី​អា​ល្លឺ​ម៉​ង់​នឹង​ជួយ​គាំទ្រ​ដល់​កម្ពុជា​បន្ត​ទៀត ដើម្បី​បើកផ្លូវ​ឱ្យ​ក្រុមហ៊ុន​អា​ល្លឺ​ម៉​ង់​អាច​មក​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន ខណៈ​ប្រទេស​កម្ពុជា​មាន​សក្តានុពល​ច្រើន ក្នុង​ការ​ក្លាយ​ខ្លួន​ជា​ផ្នែក​មួយ នៃ​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ឧស្សាហកម្ម​រថយន្ត​របស់​អា​ល្លឺ​ម៉​ង់​។ លោក​បន្ត​ថា មុន​ពេល​រូប​លោក​មក​ដល់ទី​នេះ លោក​មិន​ទាន់​បានដឹង​តែ​នៅ​ពេល​ដែល​លោក​មក​ដល់​កម្ពុជា លោក​បាន​មើលឃើញ​ពី​ការ​ស្ថានភាព​ជាក់ស្តែង​ដែល​បញ្ជាក់​ថា កម្ពុជា​កំពុង​មានការ​កែប្រែ និង​កំពុង​តែ​ធ្វើ​ដំណើរ​ទៅមុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ