ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួប​​ជាង​៣​​ម៉ោង គណ​​ប​ក្ស​​ប្រជាជន​​កម្ពុជា​ ​និង​គណ​ប​ក្សស​ង្គ្រោះជាតិ​កាន់តែ​​ខិត​ជិត​​គ្នា

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ​កិច្ច​ប្រជុំ​កំពូល​​​រវាង​ថ្នាក​់​ដឹក​នាំ​គណ​បក្ស​ប្រជាជន​កម្ពុជា និង​គណ​បក្ស​សង្គ្រោះ​ជាតិ​​​​បាន​បន្ត​នៅ​ថ្ងៃ​ទី​២​របស់​ខ្លួន​ គឺថ្ងៃ​ទី​១៧ កញ្ញា ​​ម្សិល​មិញ​​ដើម្បី​​​រក​ការ​​រួប​រួម​គ្នា​ និង​ឯក​ភាព​គ្នា​​ដែល​​បក្ស​​​ទាំង​២​បាន​អះ​អាង​​ថា ដោះ​ស្រាយ​បញ្ហា​​ជាតិ​នៅវិមាន​​រដ្ឋសភា​ជាង​៣ម៉ោង​ តែ​មិន​ទាន់​បាន​ទទួល​លទ្ធផល​ជា​ផ្លែ​​ផ្កា​នៅ​ឡើយ​ទេ ។

រាជធានី​ភ្នំពេញ ​៖ ​កិច្ច​ប្រជុំ​កំពូល​​​រវាង​ថ្នាក​់​ដឹក​នាំ​គណ​បក្ស​ប្រជាជន​កម្ពុជា និង​គណ​បក្ស​សង្គ្រោះ​ជាតិ​​​​បាន​បន្ត​នៅ​ថ្ងៃ​ទី​២​របស់​ខ្លួន​ គឺថ្ងៃ​ទី​១៧ កញ្ញា ​​ម្សិល​មិញ​​ដើម្បី​​​រក​ការ​​រួប​រួម​គ្នា​ និង​ឯក​ភាព​គ្នា​​ដែល​​បក្ស​​​ទាំង​២​បាន​អះ​អាង​​ថា ដោះ​ស្រាយ​បញ្ហា​​ជាតិ​នៅវិមាន​​រដ្ឋសភា​ជាង​៣ម៉ោង​ តែ​មិន​ទាន់​បាន​ទទួល​លទ្ធផល​ជា​ផ្លែ​​ផ្កា​នៅ​ឡើយ​ទេ ។

ប៉ុន្តែ​ថ្នាក់​ដឹក​នាំ​​គណបក្ស​​ទាំង​ពីរ​​ស្នើ​ឱ្យ​ទៅ​ពិភាក្សា​ផ្ទៃ​ក្នុង​សិន​ មុន​នឹង​ជួប​គ្នា​បន្ត​ទៀត ដើម្បី​រក​ដំណោះ​ស្រាយ​ចុង​ក្រោយ​​ណា​មួយ​ដែល​អាច​​ទទួល​​យក​បាន​ទាំង​សង​​ខាង​។ ​​លោក​ យឹម សុវណ្ណ ​អ្នក​នា​ំ​ពាក្យ​គណ​បក្ស​​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា ​​គណបក្ស​ទាំង​ពីរ​កំពុងស្វែង​រក​លទ្ធ​ភាព​ត្រួស​ត្រាយ​ផ្លូវ​ដើម្បី​​ធ្វើ​យ៉ាង​ណា​ឱ្យ​គ​ម្លាត​នៃ​ភាពខុស​គ្នា​កាន់​តែ​តូច​ទៅ​ៗ​ ហើយ​​កាន់​តែខិត​ជិត​គ្នា ។ ប៉ុន្តែ​​យើង​ត្រូវ​ការ​ពេល​វេលា​បន្ថែម​​ទៀត ព្រោះ​បញ្ហា​​ក៏​មាន​ច្រើន ស្ថាប័ន​នានា​​ក៏​មាន​លក្ខណៈ​​សំខាន់​​ច្រើន​ក្នុងការ​កែ​ទម្រង់​ប្រទេស​ជាតិ​របស់​​​យើង ។ ដូច្នេះ​​​យើង​​ទាម​ទារ​ពេលវេលា​ដើម្បី​ធ្វើ​ការ​ជជែក​គ្នា​សា​​ជា​ថ្មី​​ តាម​ក្រុម​ការ​ងារ​នីមួយ​ៗ​ ដើម្បី​រក​ចំណុច​រួម​មួយ​ ឱ្យ​បាន​​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ​មុន​ថ្ងៃ​ទី​២៣ កញ្ញា ​។

​លោក​ប្រាក់​ សុខុន មាន​ប្រសាសន៍​ថ​ា កិច្ច​ប្រជុំ​ថ្ងៃ​នេះគឺ​បន្ត​ស្មារតី​កិច្ច​ប្រជុំ​​កាល​ពីថ្ងៃទី​១៦ កញ្ញា ​គណបក្ស​ទាំង​ពីរ​នឹង​បន្ត​ពិភាក្សា​គ្នា​ដើម្បី​ឈាន​​ទៅ​រកដំណោះ​ស្រាយ​​បញ្ហា​ប្រទេស​ជាតិ​របស់​យើង ។ ​ថ្ងៃ​នេះ​គណ​បក្ស​ទាំងពីរ​បាន​​ពិភាក្សា​គ្នា​យ៉ាង​ច្រើន​ណាស់​​លើ​ប្រធាន​បទ​ទាក់​ទង​​នឹង​បញ្ហា​ការរៀបចំ​ត​ទៅ​មុខ​របស់​​ប្រទេស​ជាតិ ។ ​ថ្វីដ្បិត​តែ​មិន​ទាន់​បាន​ស្រុះ​ស្រួល​គ្នា​១០០% ​ប៉ុន្តែ​ក៏​មាន​ការ​ឯក​ភាព​ទៅ​លើ​​ចំណុច​​មួយ​ចំនួន​ ។ ​ទោះ​បី​ជា​មិន​បាន​​ចេញសេចក្តី​ថ្លែង​ការណ៍​ជា​ផ្លូវការ​ ក៏​ប៉ុន្តែ​យើង​បាន​ទទួល​​​ជា​ដុំ​កំភួន ដែល​បាន​​ដោះ​ស្រាយ​ហើយ​ដែរ ។ លោក​ យឹម សុវណ្ណ ​បាន​ថ្លែង​បន្ត​ថា ​​កាល​ពី​ថ្ងៃ​ទី​១៦ កញ្ញា ​យើង​បាន​ជជែក​គ្នា​រួច​ហើយ​ការ​កែទម្រង់​ គ .ជ.ប ។ ប៉ុន្តែ​​​នៅ​​​​ការ​ពិភាក្សា​​​បណ្តា​​ស្ថាប័ន​សំខាន់​ៗ​ដទៃ​ទៀត ដែល​ត្រូវ​ជជែក​គ្នា​បន្ត ។ ​យើងបាន​ជជែក​​គ្នា​ប្រកប​ទៅ​​ដោយ​​ការ​យោគ​យល់​គ្នា គោរព​គ្នាទៅ​​វិញ​ទៅ​មក​​ ថ្លឹង​ថ្លែង​ពីផល​ប្រយោជន៍​ជាតិ ជា​ពិសេស គឺ​យើង​បាន​ជួប​គ្នា​រយៈ​​ពេល​​​​ថ្ងៃ​នេះ​​​​ធ្វើ​ឱ្យ​មាន​ការ​កាន​់តែ​ខិត​ជិត​​គ្នា​ហើយ ។

លោក​ប្រាក់​ សុខុន មាន​ប្រសាសន៍ ថា ​ក្នុង​ស្មារតី​ស្វែង​រក​ដំណោះ​ស្រាយ​សម្រាប់​ជាតិ​ទាំង​​​មូល​ដូច​គ្នា ដូច្នេះ​ថ្នាក​់​ដឹក​នាំ​គណប​ក្ស​​ទាំង​ពីរ​កាន់​តែ​​យល់​គ្នា ​ការពិភា​​ក្សា​​ថ្ងៃ​នេះ​​​ទៅ​លើ​ចំណុច​ជា​​ច្រើន​ដែល​​លទ្ធ​ផល​នៃ​ការ​ពិភាក្សា​​​​នេះ​​ ខ្ញុំ​មិន​អាច​​ទាន់​​ជម្រាប​ជូន​បាន​ទេ​ ។​ នៅ​ពេល​ណា​បាន​លទ្ធផល​ហើយ​ ទើប​​អាច​ជម្រា​ប​ជូន​​បាន យើង​នៅ​លើ​ផ្លូវ​រក​ដំណោះ​ស្រាយ​ដូច​​គ្នា​ទេ ហើយ​នឹង​ជម្រាប​ជូន​នៅ​ពេល​សម​ស្រប ។ លោក​ យឹម សុវណ្ណ ​បន្តថា ប្រជា​ពលរដ្ឋ​តែង​​មា​នចម្ងល់​ ក៏​ប៉ុន្តែ​នៅ​ពេ​ល​ដែល​​បាន​ចេញ​លទ្ធ​ផល​គួរ​ជា​ទី​គាប់​ចិត្តនោះពួក​​គាត់​អស់​ចម្ងល់​​ហើយ ។ ​គណបក្ស​​នីមួយ​ៗ​មាន​នយោ​បាយ​សម្រាប់​បក​ស្រាយ​ជូន​​ពួកគាត់​ដើម្បី​អស​់ចម្ងល់។ ​គោល​ជំហរ​​គណបក្ស​សង្គ្រោះជាតិ​គឺរក​យុត្តិ​ធម៌​ជូន​ប្រជា​ពលរដ្ឋ គឺកែ​ទម្រង់​ គ.ជ.ប ​កែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​មាន​ទាំង​សមាស​​​ភាព មាន​ទាំង​មូល​ដ្ឋាន​ច្បាប់​មួយ​ចំនួន បញ្ជីចុះ​​ឈ្មោះ​​បោះ​ឆ្នោត ​​​រួម​ទាំង​បច្ចេក​វិជ្ជា​​ជា​ដើម​ និង​កែ​ទម្រង់​​បណ្តា​ស្ថាប័ន​នានា​មួយ​ចំនួន​សំខាន់​ៗ​​ សំខាន់​បំផុត​យុត្តិ​ធម៌​ ទោះ​ជា​នៅ​ក្នុង​រូបភាព​ណា​ក៏​​ដោយ ។ ​យើង​ត្រូវ​ការ​ពេល​វេលា​៥​ទៅ​៦​ថ្ងៃ​​ទៀត​ដើម្បី​ដោះ​ស្រាយ​បញ្ហា ។

លោក​ប្រាក់​ សុខុន បាន​បញ្ជាក់​ថា ​យើង​កំពុងស្ថិត​នៅ​លើ​ផ្លូវ​ក្នុងការ​​ដោះ​​ស្រាយ​រួម​គ្នា​ ហើយ​ ដូច្នេះ​​សូម​មេត្តា​អត់​ធ្មត់​បន្តិច​ទុក​ពេល​វេលា​​ឱ្យ​គណបក្ស​ទាំងពីរ​​បន្ត​ការ​ពិភាក្សា​គ្នា​ត​ទៅ​ទៀត ។ ការ​ពន្យា​រពេល​​ប្រជុំ​លើក​​ទី​១ របស់​​រដ្ឋ​សភា​មិន​អាស្រ័យ​ទៅលើ​គណ​បក្ស​ណា​ទេ គឺ​អាស្រ័យ​ទៅ​លើ​​ព្រះ​មហា​ក្សត្រ ។ ​ហើយ​ការ​ចូល​រួម​ប្រជុំ​ ឬ​មិន​ចូល​រួម​ប្រជុំ​គឺ​អាស្រ័យ​​ លើ​​គណ​បក្ស​ គោរព​ដង្ហែតាម​ព្រះ​មហា​ក្សត្រឬអត់? ​ពាក់​ព័ន្ធ​នឹង​បាតុ​កម្ម​ថ្ងៃទី​១៥​ ​,​១៦ និង​​១៧ កញ្ញា ​​លោក​​យឹម សុវណ្ណ ​បន្ត​ថា ​យើង​គោរព​ពាក្យ​​សន្យា ​​ហើយ​យើង​សូម​បញ្ឈប់​បណ្តោះ​អាសន្ន​នៅ​ថ្ងៃ​ទី​១៧ កញ្ញា នេះ ។ ​យើង​ចាំ​មើល​ស្ថាន​ការណ៍​ពី​ពេល​នេះ​ ដែល​វិវឌ្ឍ​ន៍​ទៅ​រយៈ​ពេល​៥​ថ្ងៃ​​ទៅ​មុខ ។ ពាក​់​ព័ន្ធ​​នឹង​ការ​​កែ​ទម្រង់​ស្ថាប័ន​ជាតិ​សំខាន់​​ៗ​មិន​មែនតែទៅ​លើ​​រដ្ឋ​សភា​មួយ​ទេ គឺ​មាន ​តាម​ការ​ប៉ាន់​ស្មានមិន​លើ​សពី​១០​ទេ ដែល​ត្រូវ​​ធ្វើ​កំណែទម្រង់ ។

លោក​ប្រាក់ សុខុន បាន​គូស​បញ្ជាក់​ជាថ្មី​ថា ​លទ្ធ​ផល​មិន​ទាន់​ប្រកាស​បាន​ទេ គឺ​នៅ​ក្នុង​ការ​​ពិភាក្សា​​គ្នា​នៅ​ឡើយ ​ តែ​ព័ត៌​មាន​​ល្អ​សម្រាប់​​អ្នក​កាសែត​​ និង​សាធារណ​ជន​គឺ​គណ​បក្ស​ទាំង​២​កំពុង​តែ​ខិត​ជិត​គ្នាហើយ ៕