ក្រុមហ៊ុនរថយន្ត BMW និង ក្រុមហ៊ុន Daimler បានប្រកាសផែនការ ដើម្បីធ្វើការរួមគ្នាលើការអភិវឌ្ឍរថយន្តបើកបរដោយស្វ័យប្រវត្តិមិនត្រូវការតៃកុង ។
ក្រុមហ៊ុនទាំងពីរនេះ បានឯកភាពគ្នាលើភាពជាដៃគូយូរអង្វែង ដែលនឹងផ្តោតជាលើកដំបូងលើប្រព័ន្ធជំនួយក្នុងការបើកបរ ប្រព័ន្ធចូលចតដោយស្វ័យប្រវត្តិ និងប្រព័ន្ធបើកបរដោយស្វយ័តកម្រិត៣និង៤ លើផ្លូវហាយវ៉េ ។ គោលដៅនៃគម្រោងនេះគឺដើម្បីធ្វើឱ្យបច្ចេកវិទ្យាក្លាយជាការពិតលើផលិតកម្មរថយន្តនៅពាក់កណ្តាលទសវត្សរ៍ខាងមុខនេះ ។
កិច្ចព្រមព្រាងនេះគឺធ្វើឡើងក្រោយពីការបញ្ជាក់កាលពីសប្តាហ៍មុនថា ក្រុមហ៊ុនទាំងពីរនឹងចាប់ដៃគ្នាចូលហ៊ុនតម្លៃ១ពាន់លានដុល្លារដែលផ្តោតលើបច្ចេកវិទ្យាចែករំលែករថយន្តការសាកថ្មរថយន្តអគ្គិសនី និងចំណតមិនប្រើសំបុត្រជាដើម ។ គេធ្វើបែបនេះគឺដើម្បីយកប្រៀបលើគូប្រជែងដែលមានស្រាប់ដូចជា Uber និង Lyft ។
លោក Klaus Fröhlich សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន BMW បាននិយាយអំពីកិច្ចព្រមព្រៀងនេះថា៖ «ភាពជាដៃគូយូរអង្វែងនៅក្នុងវេទិកា ដែលអាចបត់បែនអាចពង្រីកបាននិងមិនមានផ្តាច់មុខ គឺជាមូលដ្ឋានគ្រឹះក្នុងការជម្រុញឧស្សាហកម្មផ្នែកបច្ចេកវិទ្យាបើកបរដោយគ្មានតៃកុង។ កម្លាំងច្នៃប្រឌិតរបស់យើង នឹងបង្កើនល្បឿននៃការរីករាលដាលនៃបច្ចេកវិទ្យានេះ»។
ភាពជាដៃគូដែលបានស្នើ នឹងមិនប៉ះពាល់ដល់កម្មវិធីបច្ចុប្បន្នរបស់ BMW ឬ Mercedes ទេ ។ វាក៏មិនប៉ះពាល់ដល់ការសហការដែលមានស្រាប់ជាមួយដៃគូបច្ចេកវិទ្យា ។ ក្រុមហ៊ុន BMW កំពុងស្ថិតនៅលើផ្លូវ ដើម្បីនាំយកស្វយ័តកម្រិតទី៣ទៅ រថយន្ត iNext នៅឆ្នាំ២០២១ ខណៈដែលក្រុមហ៊ុន Mercedes គ្រោងនឹងមានរថយន្តស្វយ័តកម្រិតទី៣ នៅលើផ្លូវនៅដើមទសវត្សរ៍ក្រោយ។
ម៉ាកល្បីៗទាំងពីរ សង្ឃឹមថាធនធាន ដែលបានប្រមូលផ្តុំ និង វេទិការបើកទូលាយ នឹងអាចជួយពន្លឿនការអភិវឌ្ឍន៍បច្ចេកវិទ្យាបើកបរដោយស្វយ័ត ដែលអាចកាន់តែទំនើបខ្លាំងនៅពេលអនាគតខាងមុខ៕
ប្រភព ៖ Autocar
ចែករំលែកព័តមាននេះ