ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លក់​សាច់​ជ្រូក​ធ្លាក់​ចុះ​យ៉ាង​គំហុក ដោយសារ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​កើត​នៅ​វៀតណាម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បណ្តា​ប្រទេស​ជា​ច្រើន ដូច​ជា ជប៉ុន អូស្ត្រាលី និង​តៃវ៉ាន់​ជាដើម ថ្មី​ៗ​នេះ​បាន​ហ៊ា​ម​មិន​ឲ្យ​មានការ​នាំ​ចូល​សាច់​ជ្រូក​វៀតណាម ក្រោយ​ពី​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក កំពុង​កើត​មាន​ឡើង​នៅ​ប្រទេស​វៀតណាម…

រាជធានី​ភ្នំពេញ ៖ បណ្តា​ប្រទេស​ជា​ច្រើន ដូច​ជា ជប៉ុន អូស្ត្រាលី និង​តៃវ៉ាន់​ជាដើម ថ្មី​ៗ​នេះ​បាន​ហ៊ា​ម​មិន​ឲ្យ​មានការ​នាំ​ចូល​សាច់​ជ្រូក​វៀតណាម ក្រោយ​ពី​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក កំពុង​កើត​មាន​ឡើង​នៅ​ប្រទេស​វៀតណាម រហូត​មានការ​ពិន័យ​ជា​ប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​និង​មាន​ប្រទេស​ខ្លះ​ឈាន​ដល់​ទោស​ជាប់ពន្ធ​ន​គារ​ចំពោះ​បំពាន​នូវ​បម្រាម​នោះ ។

ចំណែក​នៅ​ទីផ្សារ​កម្ពុជា​វិញ អាជីវករ​លក់​សាច់​ជ្រូក​នៅ​ទីផ្សារ​មួយ​ចំនួន​នៅ​ក្រុងភ្នំពេញ​បាន​ត្អូញត្អែរ​ថា ដោយសារ​តែ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ពួក​គាត់ ដោយសារ​តែ​អតិថិជន​បង្វែរ​ពី​ការ​ជាវ​សាច់​ជ្រូក ទៅ​ជាវ​ត្រី និង​សាច់​គោ​ជំនួស​វិញ ព្រោះតែ​ពួក​គាត់​ភ័យ​ខ្លាច​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ។
អាជីវករ​លក់​សាច់​ជ្រូក​នៅ​ផ្សារ​កាប់​គោ​បាន​ពោល​ថា «​ពី​មុន​គឺ​ខ្ញុំ​អាច​លក់​បាន ២០០ គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ តែ​ក្រោយ​ពី​ការ​រក​ឃើញ​ថា​ជ្រូក​វៀតណាម​កើត​មាន​ជំងឺ​ស​ជ្រូក​អាហ្វ្រិក មក មិន​ថា​សាច់​ជ្រូក​យើង​ជា​សាច់​ជ្រូក​ចិញ្ចឹម​ក្នុងស្រុក​ទេ គឺ​អតិថិជន​លែង​ទិញ​តែ​ម្តង ។ អ​ញ្ចឹ​ង​ប្រមាណ​ពី​រស​ប្តា​ហ៍​នេះ គឺ​ការ​លក់​ធ្លាក់​ចុះ​ខ្លាំង​មក​ត្រឹមតែ ៤០ ទៅ ៥០ គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ​» ។

អាជីវករ​ខាងលើ​បាន​បន្ត​ទៀត​ថា អ្នកស្រី​ទទួលស្គាល់​ថា​សាច់​ជ្រូក​លក់​នៅ​ទីផ្សារ​នានា​ក្នុង​ក្រុងភ្នំពេញ​ជា​ជ្រូក​នាំ​ចូល​ពី​វៀតណាម​ផង និង​សាច់​ជ្រូក​ចិញ្ចឹម​ក្នុងស្រុក​ផង តែ​អ្នក​ដើរ​ផ្សារ មិន​បាន​បែងចែក​ដូច្នេះ​ទេ គឺ​គេ​បង្វែរ​ពី​ការ​ទិញ​សាច់​ជ្រូក​យក​ទៅ​បរិភោគ ទៅ​ទិញ​ត្រី​និង​សាច់​គោ ជំនួស​វិញ ។ ចំណែក​ម្ចាស់​ទី​សត្តឃាត នៅ​ក្រុងភ្នំពេញ​ក៏​បញ្ជាក់​ថា​ពួក​គាត់​ត្រូវ​កាត់​បន្ថយ​ការ​កាប់​ជ្រូក​សម្រាប់​លក់​នៅ​ស្រុក​ខ្មែរ​ប្រមាណ​ជាង ៥០% ឯណោះ ។ យ៉ាងណាមិញ ក្នុង​ពេល​ជំងឺប៉េស្ត​អាហ្វ្រិក​ឬ​ជំងឺ​ផ្ដាសាយ​ជ្រូក​បាន​និង​កំពុង​រាលដាល​នៅ​ភាគ​ខាងជើង​ប្រទេស​វៀតណាម បណ្ដា​ប្រទេស​មួយ​ចំនួន​បាន​បិទ​មិន​អោយ​ឈ្មួញ​នាំ​ចូល​សាច់​ជ្រូក​ពី​ប្រទេស​វៀតណាម​ជា​ដាច់ខាត ហើយ​កម្ពុជា​ដែល​មាន​ព្រំប្រទល់​នឹង​ប្រទេស​វៀតណាម បាន​បង្វែ​អោយ​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​ថៃ មក​បំពេញតម្រូវការ​ទីផ្សារ​វិញ ហើយ​ក្រសួង​ក៏​បាន​ពង្រាយ​កម្លាំង​បន្ថែម​នៅ​តាម​ព្រំដែន​វៀតណាម ដើម្បី​ទប់ស្កាត់​ការ​នាំ​ចូល ។

បើ​តាម​លោក តាន់ ផា​ន់​ណា​រ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ បាន​មាន​ប្រសាសន៍​តាម​ទូរ​សព្ទ​អោយ​ដឹង​ថា ចាប់តាំងពី​ប្រទេស​វៀតណាម ផ្ទុះ​ជំងឺប៉េស្ត​អាហ្វ្រិក​លើ​សត្វ​ជ្រូក ពី​ប៉ុន្មាន​ខែ​មុន ក្រសួង​ពាក់ព័ន្ធ​នានា បាន​ចេញ​សេចក្តី​ប្រកាស​អោយ​ទប់ស្កាត់​ពី​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​វៀតណាម មក​ផ្គត់ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា ហើយ​អោយ​ឈ្មួញ​បង្វែ​ការ​នាំ​ចូល​ពី​ប្រទេស​ថៃ​មក​ផ្គត់ផ្គង់​វិញ ។ លោក​បន្ត​ថា ពេល​នេះ​លោក​បាន​បញ្ជូន​មន្ត្រី នៅ​នាយកដ្ឋាន​ទាំង​ពីរ គឺ​នាយកដ្ឋាន សុខភាព​សត្វ និង ផលិតកម្ម​សត្វ ទៅ​កាន់​ព្រំដែន ដើម្បី​ត្រួតពិនិត្យ​មើល​ពី​ការ​នាំ​ចូល​ពី​ប្រទេស​វៀតណាម និង​ត្រូវ​ធានា​ថា ជ្រូក​ដែល​នាំ​ចូល​ពី​វៀតណាម​ជា​ជ្រូក​ដែល​ល្អ មិន​មាន​ផ្ទុក​ជំងឺ តែ​យ៉ាងណា​នាយកដ្ឋាន​នឹង​ជំរុញ​អោយ​ឈ្មួញ ងាក​ទៅ​នាំ​ចូល​ពី​ប្រទេស​ថៃ​វិញ ដើម្បី​ធានា​បាន​ថា​ជ្រូក​ខ្មែរ នឹង​មិន​ឆ្លង​ជំងឺ​នេះ​។

លោក តាន់ ផា​ន់​ណា​រ៉ា មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​៖« យើង​បានអោយ​ឈ្មួញ​នាំ​ពី​ថៃ​យូរ​មក​ហើយ ព្រោះ​នៅ​ប្រទេស​ថៃ​មិន​ទាន់​មាន​ជំងឺប៉េស្ត​អាហ្វ្រិក រឺ​ផ្ដាសាយ​ជ្រូក​នោះ​ទេ ដោយ​ព្យាយាម​ទប់ស្កាត់​ទាំងស្រុង​ពី​ប្រទេស​វៀតណាម ក្នុង​ពេល​ប្រទេស​នេះ កំពុង​ជួប​បញ្ហា​ជំងឺ​សាហាវ​មួយ​នេះ » ។ លោក​បន្ត​ថា លោក​លើកទឹកចិត្ត​អោយ​ពលរដ្ឋ​រាយការណ៍​មក​កាន់​នាយកដ្ឋាន​តាម​រយៈ​បណ្ដាញ​សង្គម ឬ​វិធី​ណា​ដែល​ងាយស្រួល បើសិនជា​មាន​ករណី លួច​នាំ​ចូល​ជ្រូក​ពី​វៀតណាម​តាម​ច្រក​ណាមួយ​មក​កាន់​ទឹកដី​កម្ពុជា ហើយ​បើសិនជា​មន្ត្រី​ជំនាញ​រក​ឃើញ​ថា​ជ្រូក​នោះ មាន​ផ្ទុក​ជំងឺ​នឹង​ត្រូវ​ដុត​បំផ្លាញ​ចោល ។ ចំពោះ​ឈ្មួញ​នាំ​ចូល​វិញ អាច​នឹង​ទោស​ទៅ​ច្បាប់ ក្នុង​នោះ​នឹង​រង​ពិន័យ​ជា​ទឹកប្រាក់​ពី ១០​លាន​ទៅ​១៥​លាន​រៀល​ព្រមទាំង​ជាប់​ក្នុង​បទល្មើស​ផង​ដែរ ។

លោក​បន្ថែម​ថា ទាំងនេះ គឺជា​ការ​យកចិត្ត​ទុកចិត្ត​ចំពោះ​សុខភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដោយ​ធានា​ថា ប្រជាពលរដ្ឋ​នឹង​ទទួល​បាន​ចំណីអាហារ​ដែល​មិន​ផ្ទុក​ជំងឺ កំពុង​រាលដាល​នៅ​ក្រៅប្រទេស ព្រមទាំង​ការពារ​ដល់​ជ្រូក​ក្នុងស្រុក​មិន​អោយ​កើត​ជំងឺ​នេះ​ផង​ដែរ ។ លោក​ស្រ៊ុ​ន ពៅ​ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា បើ​ដូច​អ្វី​ដែល​ក្រសួង​បាន​មាន​និយាយ​នោះ ក្នុង​នាម​ជា​អ្នក​ចិញ្ចឹមសត្វ ជា​ពិសេស​សត្វ​ជ្រូក ពិតជា​ត្រេកអរ ហើយនឹង​ចូលរួម​ជាមួយ​អាជ្ញា​ក្នុង​ការ​ទប់ស្កាត់ ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​វៀតណាម ។ លោក​ថា​៖« យើង​នឹង​ប្រាប់​អោយ​ពលរដ្ឋ​ដែល​ជា​សមាជិក​របស់​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​យើង អោយ​ថត​នូវ​សកម្មភាព​ខុសច្បាប់​របស់​ឈ្មួញ ដឹក​ជ្រូក​ពី​វៀតណាម​ចូល​ទឹកដី​កម្ពុជា ហើយ​រាយការណ៍​ទៅ​កាន់​នាយកដ្ឋាន ដើម្បី​អោយ​នាយកដ្ឋាន​ចាត់ការ​ចំពោះ​ឈ្មួញ ដែល​នាំ​ចូល​ជ្រូក​មិន​បាន​ពិនិត្យ​ត្រឹមត្រូវ » ។

លោក​បន្ត​ថា លោក​មិន​សង្ឃឹមថា​ទប់ស្កាត់​ពី​វៀតណាម​បាន​១០០​ភាគរយ​នោះ​ទេ តែ​យ៉ាង​ហោច​ណាស់ ក៏​សង្ឃឹមថា​អាច​ទប់ស្កាត់​បាន​មួយ​ចំណែក និង​មិន​អោយ​មាន​ភាព​អាណា​ធិ​ប​តេ​យ្យ​ដូច​មុន​ទៀត ។ យ៉ាងណា​ក៏​ដោយ​ជំងឺ​នេះ វា​សាហាវ​ណាស់ ទោះបីជា​វា​ក្លាយជា​សាច់ក្រក​ហើយ​ក៏​ដោយ ក៏​វា​នៅ​តែ​អាច​ចម្លង​ទៅ​កាន់​ជ្រូក​ដទៃ​ទៀត​បាន​ផង​ដែរ ។ បញ្ហា​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​កើត​នៅ​វៀត មិន​ត្រឹម​បង្ក​ការ​ភ័យ​ខ្លាច​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​នោះ​ទេ សូ​ម្បី​ប្រទេស​ជា​ច្រើន​ក៏​ហាម​ការ​នាំ​ចូល​សាច់​ជ្រូក​ទៅ​កាន់​ប្រទេស​គេ​ផង​ដែរ ។

ជាក់ស្តែង​ប្រទេស​តៃវ៉ាន់ បាន​ប្រកាស​ជា​សាធារណៈ​ថា​ប្រជាពលរដ្ឋ​វៀតណាម​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​តៃវ៉ាន់ ដោយ​នាំ​មក​ជាមួយ​នូវ​សាច់​ជ្រូក​ពី​ប្រទេស​វៀតណាម​នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ប្រហែល ៦,៥០០ ដុល្លារ​អា​មេ​រិ​ក ។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ក្រសួងការបរទេស​វៀតណាម ។ ធ្ងន់​ជាង​នេះ​ទៅ​ទៀត គឺ​ការ​ពិន័យ​នឹង​ឡើង​ដល់​កម្រិត ៣៣,០០០ ដុល្លារ​អា​មេ​រិ​ក ប្រសិនបើ​អ្នក​បំពាន​ត្រូវ​បាន​រក​ឃើញ​កំហុស​ជា​លើក​ទី ២ ហើយ​អ្នក​បំពាន​នឹង​បម្រាម​នាំ​សាច់​ជ្រូក​ពី​វៀតណាម​ចូល​ប្រទេស​តៃវ៉ាន់ នឹង​ត្រូវ​បដិសេធ​មិន​ឲ្យ​ចូល​ប្រទេស​នេះ​បើ​មិន​ព្រម​បង់ប្រាក់​ពិន័យ ។ កាលពី​ថ្ងៃ​ទី ២៧ ខែ​កុ​ម្ភះ គឺ​មាន​ករណី​ស្ត្រី​ជនជាតិ​វៀតណាម​មួយ​រូប​ត្រូវ​បាន​ពិន័យ​ឲ្យ​បង់​ជា​ប្រាក់​ចំនួន ៦,៥០០ ដុល្លារ​អា​មេ​រិ​ក ពេល​នាង​នាំ​យក​សាច់​ជ្រូក​ចូល​កាន់​ព្រ​លាន​យន្តហោះ Taichung នៅ​កណ្តាល​ទីក្រុង​តៃវ៉ាន់ ។

ជាមួយ​គ្នា​នោះ​ផង​ដែរ ក្រុមហ៊ុន​អាកាស ចរណ៍​វៀតណាម​បាន​ព្រមាន​អ្នកដំណើរ​ពី​ការ​ដឹក​ជញ្ជូន​សាច់​ជ្រូក​ទៅ​កាន់​ប្រទេស​ជប៉ុន​និង​អូស្ត្រាលី​។ អ្នកដំណើរ​ដែល​ដឹក​ម្ហូបអាហារ​ឆៅ​ឬ​សាច់​កែ​ច្នៃ ពី​ប្រទេស​វៀតណាម ទៅ​ប្រទេស​ជប៉ុន ត្រូវ​តែ​មាន​វិ​ញ្ញាប​ណ្ណ​ប័ត្រ​បញ្ជាក់​ពី​សុវត្ថិភាព បើ​មិន​ដូច្នេះ​ទេ​ពួក​គេ​ត្រូវ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ចំនួន ៣ ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់ ១ លាន​យ៉េន ឬ​ប្រមាណ​ជាង ៨,៩០០ ដុល្លារ​អា​មេ​រិ​ក ។
នៅ​ប្រទេស​អូស្ត្រាលី​វិញ អ្នកដំណើរ​ត្រូវ​តែ​ប្រកាស​ពី​ចំណីអាហារ​ទាំងអស់​ដែល​ផលិត​ពី​គ្រឿងផ្សំ​រុក្ខជាតិ ឬ​គ្រឿងផ្សំ​ពី​សាច់សត្វ បើ​មិន​ដូច្នេះ​ទេ​ពួក​គេ​ប្រឈម​នឹង​ការ​ផាកពិន័យ​ចំនួន ៤២០ ០០០ ដុល្លារ​អូស្ដ្រាលី (២៩៨ ០៣២ ដុល្លារ​អា​មេ​រិ​ក​) ។ ចំណែក ឌូ​បៃ​អា​រ៉ាប់​រួម និង​សហរដ្ឋអាមេរិក​ក៏​ហាមឃាត់​ផលិតផល​ពី​សាច់​ជ្រូក​ពី​វៀតណាម​ផង​ដែរ​។ បន្ទាប់​ពី​ប្រទេស​ចិន​និង​ម៉ុង​ហ្គោ​លី វៀតណាម​បាន​ក្លាយទៅជា​ប្រទេស​អាស៊ី​ទី​បី ដែល​ទទួល​រង​នូវ​ជំងឺ​គ្រុន​ជ្រូក​អាហ្វ្រិក​ដែល​មិន​អាច​ព្យាបាល​បាន​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ទីក្រុង​ហាណូយ​និង​ហៃ​ភុង​និង​ខេត្ត​ចំនួន 4 គឺ​ខេត្ត Thai Binh, Hung Yen, Ha Nam, Thanh Hoa និង Hai ដួង​។ ជំងឺ​គ្រុនផ្តាសាយ​ជា​ជំងឺ​រលាក​ដែល​ចម្លង​ដល់​សត្វ​ជ្រូក​ទាំងអស់​តាម​រយៈ​សារធាតុចិញ្ចឹម​រាង​កាយ​ដូច​ជា​ឈាម​និង​ស្ល​ស​។ វា​បណ្តាល​ឱ្យ​គ្រុនក្តៅ​ដែល​មាន​អត្រា​ស្លាប់ 100% ។ មនុស្ស​មិន​ត្រូវ​បាន​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​នេះ​ទេ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ