ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដឹងបន្ថែម​ពីស្ត្រីម្នាក់នៅបាត់​ដំបង ​ត្រូវ​​ឆ្កែដាច់សង្វែង​ខាំ…សូម​កុំ​ប្រហែស

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ស្ត្រី​ម្នាក់​ដែល​ត្រូវ​ឆ្កែ​ដាច់សង្វែង ​ហៅ​ឆ្កែ​អាវ៉ាសែ​មួយ​ក្បាល​ខាំ​ កាលពី​ជាង​មួ​យស​ប្ដា​ហ៍​មុន ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​យ៉ាង​ប្រញាប់ប្រញាល់​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត កាលពី​វេលា​ម៉ោង​១១​​យប់​ថ្ងៃ​ទី​៤ ខែមីនា ដោយសារ​តែ​រោគ​ឆ្កែឆ្កួត​ធ្វើទុក្ខ​ប្រកាច់​បែក​ពពុះមាត់ និង​ហាមាត់​រកតែ​ខាំ​ដៃ​ខ្លួនឯង…

ខេត្តបាត់ដំបង ៖ ស្ត្រី​ម្នាក់​ដែល​ត្រូវ​ឆ្កែ​ដាច់សង្វែង ​ហៅ​ឆ្កែ​អាវ៉ាសែ​មួយ​ក្បាល​ខាំ​ កាលពី​ជាង​មួ​យស​ប្ដា​ហ៍​មុន ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​យ៉ាង​ប្រញាប់ប្រញាល់​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត កាលពី​វេលា​ម៉ោង​១១​​យប់​ថ្ងៃ​ទី​៤ ខែមីនា ដោយសារ​តែ​រោគ​ឆ្កែឆ្កួត​ធ្វើទុក្ខ​ប្រកាច់​បែក​ពពុះមាត់ និង​ហាមាត់​រកតែ​ខាំ​ដៃ​ខ្លួនឯង ​រហូត​ដល់​ក្រុម​គ្រួសារ​ប្រចាំការ​យាម​ជាប់​ខ្លួន​នាង ​ព្រមទាំង​ចងដៃ​ទាំង​២​ផ្អោប​គ្នា​ទៀត​ផង ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រូប​នេះ​ឈ្មោះ ពូន យឿ​ម អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​បួរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ។ រោគ​ឆ្កែឆ្កួត​បាន​ធ្វើ​ឱ្យ​គាត់​មានអាកា​រៈ​កាច​សាហាវ ពេល​ខ្លះ​ ប្រកាច់​បែក​ពពុះ​មាត់ ហើយ​ហាមាត់​រកតែ​ខាំ​ដៃ​ខ្លួនឯង ។ បើ​តាម​សមត្ថកិច្ច​ប្រាប់​ថា ស្ត្រី​រូប​នេះ​ត្រូវ​ឆ្កែ​ខាំ​កាលពី​ថ្ងៃ​ទី​១៩ ខែកុម្ភៈ​កន្លង​ទៅ តែ​ក្រោយ
ពី​ឆ្កែ​ខាំ​ភ្លាម​ៗ គាត់​ដូច​ជា​មិន​មាន​បញ្ហា​អ្វី​កើតឡើង​ទេ ។ លុះ​មក​ដល់​យប់​ថ្ងៃ​ទី​៤ ខែមីនា ស្រាប់តែ​​រោគ​ឆ្កែ​ខាំ​នេះ​រើ​ឡើង និង​ធ្វើទុក្ខ​គួរ​ឱ្យ​ភ្ញាក់ផ្អើល ដោយ​គាត់​មាន​ចរិត​កាច​សាហាវ និង​ប្រកាច់​បែកពពុះមាត់​តែ​ម្ដង។

បើ​តាម​ក្រុម​គ្រួសារ​ប្រាប់​ថា ស្ត្រី​រង​គ្រោះ​ត្រូវ​ឆ្កែ​អនាថា​ខាំ​ដៃ​កាលពី​ជាង​មួ​យស​ប្ដា​ហ៍​មុន តែ​តាំងពី​ពេល​នោះ​មក​គាត់​ហាក់ដូចជា​ពុំ​មាន​អ្វី​កើតឡើង​ទេ ហើយ​ក៏​មិន​បាន​ទៅ​រក​គ្រូពេទ្យ​ចាក់​ថ្នាំ​ការពារ​ឬ​ព្យាបាល​ដែរ ដែល​នេះ​ជាការ​ធ្វេសប្រហែស​មួយ ​បណ្តាល​ឱ្យ​លំបាក​នឹង​ស្តារ​បាន​ណាស់ ។ គ្រប់​គ្នា​ពិតជា​ហួសចិត្ត​ពន់ពេក​ណាស់ ព្រោះ​ស្ថានភាព​ឆ្កែ​ខាំ​នេះ បាន​កើតឡើង​ចំ​ពេល​ដែល​មនុស្ស​ម្នា​នាំ​គ្នា​សម្រុក​ចាក់​ថ្នាំ​ការពារ​នៅ​តាម​មន្ទីរពេទ្យ និង​វិទ្យាស្ថាន​ប៉ាស្ទ័រ បែរជា​មិន​រក​ការ​ព្យាបាល​ភ្លាម​ៗ​នឹង​គេ ។

លុះ​នៅ​យប់​ថ្ងៃ​ទី​៤ ខែមីនា ស្រាប់តែ​រោគឆ្កែឆ្កួត​នេះ​ធ្វើទុក្ខ​គាត់​តែ​ម្ដង ។ ក្រុម​គ្រួសារ​និយាយ​ថា នៅ​ពេល​រោគ​ឆ្កែឆ្កួត​ធ្វើទុក្ខ ស្រាប់តែ​គាត់​ប្រកាច់​បែកពពុះមាត់​ដូច​ឆ្កែឆ្កួត មាន​អាការ​កាច​សាហាវ ។ មិនតែប៉ុណ្ណោះ គាត់​ហាមាត់​រក​ខាំ​ដៃ​ខាំ​ជើង​ខ្លួនឯង​ទៀត​ផង រហូត​បងប្អូន​នាំ​គ្នា​ចាប់ដៃ​ចង​ភ្ជាប់​នឹង​គ្រែ​ដើម្បី​កុំ​ឲ្យ​ខាំ​ដៃ​ខ្លួនឯង ។ ដោយ​ឃើញ​សភាព​បែប​នេះ ទើប​ក្រុម​គ្រួសារប្រញាប់ប្រញាល់​បញ្ជូន​ស្ត្រី​រូប​នេះ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ទាំង​កណ្ដាល​យប់ ដើម្បី​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​និង​ព្យាបាល ។

ចំណែក​លោក​មេឃុំ​អះអាង​ថា​បាន​ជួយ​ដឹក​នាង​ទៅ​មន្ទីរពេទ្យ​ធំ​ខេត្ត​ប​ដើម្បី​ឱ្យ​ជួយ​ព្យាបាល​ពិតមែន ។ ចំណែក​ខាង​គ្រូពេទ្យ មិន​ទាន់​បាន​បញ្ជាក់​ពី​អាកា​រៈ​ជំងឺ​នេះ​ឱ្យ​ដឹង​នៅឡើយ​ទេ ហាក់ដូច​លាក់លៀម​ជាមួយ​អ្នកកាសែត​សង្ស័យ​ខ្លាច​មានការ​ភ្ញាក់ផ្អើល ។

សូម​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​ករណី​ឆ្កែឆ្កួត​ខាំ​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង រហូតធ្វើ​ឲ្យ​ពលរដ្ឋ​ខេត្តបាត់ដំបង ផ្អើល​ភ្លូកទឹកភ្លូកដីកាលពី​ជាង​មួ​យស​ប្ដា​ហ៍​កន្លង​ទៅ នាំ​គ្នា​ធ្វើ​ដំណើរទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដើម្បី​ចាក់​ថ្នាំ​ការពារ​និង​ចាក់​ថ្នាំ​ព្យាបាល​ជំងឺ​ឆ្កែឆ្កួត ។ គ្រូពេទ្យ​ជំនាញ​បាន​អះអាង​ថា បច្ចុប្បន្ន​នេះ​នៅ​តែ​មាន​ប្រជាពលរដ្ឋ​រាប់រយ​នាក់​នាំ​គ្នា​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត មាន​ទាំង​ធ្លាប់​ត្រូវ​ឆ្កែ​ខាំ ឬ​ឆ្មា​ខាំ​ផង ដើម្បី​ទៅ​ចាក់​ថ្នាំ​ការពារ និង​ចាក់​ថ្នាំ​ព្យាបាល ។

ប៉ុន្តែ​គ្រូពេទ្យ​បញ្ជាក់​ថាក្រុម​គ្រូពេទ្យ​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ការពារ ឬ​ព្យាបាល​ជូន​ពលរដ្ឋ​ដោយសារ​ឆ្កែ​ខាំ​នេះ ។ គ្រូពេទ្យ​ថា ក្នុង​មួយ​ថ្ងៃ​ក្រុម​គ្រូពេទ្យ​អាច​ចាក់​ថ្នាំ​ជូន​ពលរដ្ឋ​បាន​ត្រឹមតែ​ចំនួន​២០០​នាក់​ប៉ុណ្ណោះ ព្រោះ​ពលរដ្ឋ​ដែល​មក​ចាក់​ថ្នាំ​នេះ​មាន​ចំនួន​ច្រើន​លើសលប់​ពេក ។

ជាមួយនឹង​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​ឆ្កែឆ្កួត​នេះ​ដែរ កាលពី​ស​ប្ដា​ហ៍​មុន សម្ដេច​ក្រឡាហោម ស ខេ​ងហាក់​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ផង​ដែរ​ជុំវិញ​ករណីឆ្កែ​ខាំ​នេះ​។ សម្ដេច​ក្រឡាហោម បាន​ថ្លែង​ថា យើងពិបាក​នឹង​ទប់ស្កាត់​ណាស់​រឿង​ជំងឺ​ឆ្កែឆ្កួត​នេះ តែ​វិធី​ដែល​ល្អ​បំផុត​គឺ​«​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​…​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ឆ្កែ​ខាំ​…»​។

សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏​បាន​អំពាវនាវ​ផង​ដែរ​ដល់​ប្រជា​ពលរដ្ឋ​ដែល​មិន​ទាន់​មាន​ជំងឺ​នេះ ឲ្យ​រូស​រាន់​ទៅ​ចាក់​វ៉ាក់សាំង​ការពារ រីឯ​អ្នក​ដែល​ធ្លាប់​ត្រូវ​ឆ្កែ​ឬ​ឆ្មា​ខាំ ក៏​ត្រូវ​ប្រញាប់​ទៅ​ចាក់​ថ្នាំ​ព្យាបាល​ដែរ ៕

អត្ថបទសរសេរ ដោយ