លោកអ្នកអាចពន្យល់បានទេថា តើបុណ្យនិងបាបស្ថិតនៅត្រង់ណា?
រឿងបាបនិងបុណ្យនេះជាបញ្ហាដ៏ចម្រូងចម្រាសមួយនិងជាបញ្ហាអាថ៌កំបាំងបំផុត ព្រោះជាសភាវៈម្យ៉ាងដែលយើងមិនអាចពាល់ត្រូវ ឬចាប់យកមកបង្ហាញអ្នកដទៃឲ្យមើលឃើញជាក់នឹងភ្នែកបាន ។
ប៉ុន្តែមនុស្សទូទៅតែងយល់ថា បុណ្យនិងបាបពិតជាមាន គ្រាន់តែថាខ្សែបុណ្យនិងខ្សែបាបនោះ មិនបានស្ថិតនៅនឹងមួយកន្លែងទេ គឺតែងប្រព្រឹត្តទៅជារឿយៗ ផ្លាស់ប្តូរតាមសម័យកាលដែលសត្វបានប្រព្រឹត្តនោះឯង តែយើងមិនអាចចង្អុលបង្ហាញថា បាបនិងបុណ្យស្ថិតនៅត្រង់នេះ ត្រង់នោះឲ្យឃើញច្បាស់នឹងភ្នែកបានឡើយ ។
រឿងបុណ្យនិងបាបនេះលោកឧបមាដូចជាដើមឈើ កាលបើផ្កានឹងក្ដឹបរបស់វាមិនទាន់ចេញមកក្រៅ ទេយើងក៏មិនអាចទៅចង្អុលប្រាប់អ្នកដទៃឲ្យឃើញថា ផ្លែរបស់វាស្ថិតនៅត្រង់មែកនេះ ឬស្ថិតនៅត្រង់មែកនោះបានឡើយ ។ លុះត្រាតែរុក្ខជាតិទាំងនោះបញ្ចេញផ្កានិងក្ដឹបចេញមកក្រៅ ទើបយើងអាចមើលឃើញច្បាស់ថា នោះហ្ន៎មែកឈើបញ្ចេញផ្កា ផ្លែមកហើយតើ ។
សេចក្ដីនេះស្របទៅនឹងពុទ្ធភាសិតជាសម្រាយមួយកន្លែងថាមនុស្សបាបដរាបណាបើបាបមិនទាន់ឲ្យផលទេ ដរាបនោះមនុស្សបាបឃើញអំពើអាក្រក់ថាល្អ លុះតែកាលណាបាបឲ្យផល កាលនោះមនុស្សបាប ទើបឃើញអំពើអាក្រក់ថាអាក្រក់ពិតមែន ។
ដរាបណា អំពើល្អមិនទាន់ឲ្យផល ដរាបនោះមនុស្សល្អរមែងឃើញអំពើល្អថាអាក្រក់ លុះតែកាលណាអំពើល្អឲ្យផលកាលនោះមនុស្សល្អទើបឃើញអំពើល្អ ថាល្អពិតមែន ។
ចែករំលែកព័តមាននេះ