រាជធានីភ្នំពេញ ៖ អ្នកគួកជេរថយន្តនៅវត្តភ្នំម្នាក់ត្រូវនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ និងកំរិតស្រាលរាជធានីភ្នំពេញសហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃកាលពីល្ងាចថ្ងៃទី២៩ មីនា ចាប់ខ្លួន ខណៈកំពុងជិះរថយន្តជាមួយភរិយា។ ការឃាត់ខ្លួននេះសមត្ថកិច្ចអះអាងថា ទាក់ទិនករណីលាក់អាវុធក្រុមចោរប្លន់ប្រាក់ចំនួន៦ម៉ឺនដុល្លារនៅចំណុចមុខ CDC ដែលម្ចាស់ប្រាក់បានដឹកចេញពីក្រុមហ៊ុនសាវីម៉ិចទៅកាន់ធនាគារ។
ជនដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះឈ្មោះតាំង គ័ងឡុង អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជាអ្នកទិញលក់រថយន្តនៅវត្តភ្នំ។ ប៉ូលិសឱ្យដឹងថា តាំង គ័ងឡុង ទើបចេញពីពន្ធនាគារខ្វះ១សប្តាហ៍ទៀត១ឆ្នាំ ដោយជាប់ពាក់ព័ន្ធក្នុងអំពើប្លន់ដែលត្រូវតុលាការសំរេចផ្តន្ទាទោសឱ្យជាប់គុក៧ឆ្នាំ ។ ប៉ូលិសឱ្យដឹងទៀតថា ការចាប់ខ្លួនថ្មីនេះតាមចំលើយសមាជិកក្រុមប្លន់ប្រដាប់អាវុធម្នាក់ដែលសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋានខេត្តព្រៃវែងទើបចាប់ខ្លួន រឿងប្លន់អ្នកដឹកប្រាក់ចំនួន៦ម៉ឺនដុល្លារសហរដ្ឋអាមេរិកបំណងយកទៅដាក់ធនាគារ។
សមាជិកចោរប្លន់ដែលប៉ូលិសខេត្តព្រៃវែងចាប់ខ្លួនបានឆ្លើយសារភាពថា បន្ទាប់ពីបក្សពួកគេប្រមាណ៥ទៅ៦នាក់ប្លន់អ្នកយកលុយទៅដាក់នៅធនាគារនោះហើយ គេបានយកអាវុធខ្លីម៉ាកកា៥៩ ដែលធ្វើសកម្មភាពបាញ់បំបែកកញ្ចក់រថយន្តជនរងគ្រោះនៅមុខ CDC ទៅផ្ញើទុកនៅឈ្មោះតាំង គ័ងឡុង គឺយោងតាមចំលើយនោះហើយទើបត្រូវសមត្ថកិច្ចចាប់ខ្លួន។ ជនសង្ស័យតាំង គ័ងឡុង សារភាពប្រាប់សមត្ថកិច្ចថា គេមិនបានចូលរួមប្លន់ប្រាក់៦ម៉ឺនដុល្លារនោះទេ តែគេពិតជាបានទទួលទុកកាំភ្លើងខ្លី១ដើមនេះមែន។
តាំង គ័ងឡុង ត្រូវនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃប្រគល់ឱ្យទៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញស៊ើបអង្កេតបឋម និងរៀបចំឯកសារបញ្ជូនខ្លួន និងអាវុធទៅកាន់សាលាដំបូងរាជធានីភ្នំពេញដោយចោទប្រកាន់ពីបទផ្សំគំនិតលាក់អាវុធប្រើប្រាស់ក្នុងអំពើប្លន់ ។ សមត្ថកិច្ចអះអាងមិនទាន់ជាផ្លូវការថា តាំងគ័ងឡុង ក៏ជាក្រុមបាញ់បំបែកកញ្ចក់រថយន្តវីហ្គោប្លន់យកប្រាក់របស់ក្រុមហ៊ុនសាវីម៉ិចនៅមុខ CDC នោះដែរ ៕
ចែករំលែកព័តមាននេះ