ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​មួក​ខៀវ​នារី​២៩០​នាក់ កំពុង​បំពេញបេសកកម្ម​…!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នៃ​មជ្ឈមណ្ឌល​ជាតិរក្សា​សន្តិភាពបាន​ថ្លែង​ថា ឆ្នាំ​នេះ​គឺជា​ឆ្នាំ​ទី​១៣ហើយ​ដែល​កម្ពុជា​បញ្ជូន​កងកម្លាំង​មួក​ខៀវ​នារី​កម្ពុជា​ចំនួន​២៩០​នាក់ ទៅ​ចូលរួម​បំពេញ​បេស​កកម្ម​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​) នៅ​ក្នុងប្រទេស​ចំនួន​៨ ។ ចំណែក​នៅ​ឆ្នាំ​បន្តបន្ទាប់ កម្ពុជា​នឹង​បញ្ជូន​កងកម្លាំង​នារី​ឲ្យ​បាន​ច្រើន​ថែមទៀត​ទៅ​តាម​តម្រូវការ​របស់​អង្គការ​សហ​ប្រជាជាតិ ។…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នៃ​មជ្ឈមណ្ឌល​ជាតិរក្សា​សន្តិភាពបាន​ថ្លែង​ថា ឆ្នាំ​នេះ​គឺជា​ឆ្នាំ​ទី​១៣ហើយ​ដែល​កម្ពុជា​បញ្ជូន​កងកម្លាំង​មួក​ខៀវ​នារី​កម្ពុជា​ចំនួន​២៩០​នាក់ ទៅ​ចូលរួម​បំពេញ​បេស​កកម្ម​អង្គការសហប្រជាជាតិ​
(​អ​.​ស​.​ប​) នៅ​ក្នុងប្រទេស​ចំនួន​៨ ។ ចំណែក​នៅ​ឆ្នាំ​បន្តបន្ទាប់ កម្ពុជា​នឹង​បញ្ជូន​កងកម្លាំង​នារី​ឲ្យ​បាន​ច្រើន​ថែមទៀត​ទៅ​តាម​តម្រូវការ​របស់​អង្គការ​សហ​ប្រជាជាតិ ។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង ក្នុង​ពិធី​ប្រារព្ធ​ខួប​ទី​១០៨ នៃ​ទិវា​អន្តរជាតិ​នារី​៨​មីនា នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​ទី​២ កាលពី​ថ្ងៃ​ទី​៤ ខែមីនា

លោកនាយ​ឧត្តមសេនីយ៍ សែ​ម សុវណ្ណ​នី អនុប្រធាន​ទី​២​នៃ​អាជ្ញាធរ​មីន​និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​
ជាតិ​រក្សា​សន្តិភាព​ថ្លែង​ថា «​នា​ឆ្នាំ​ទី​១៣​នេះ មាន​កម្លាំង​នារី​មួក​ខៀវ​កម្ពុជា​ចំនួន២៩០​នាក់ បាន​និង​កំពុង​បំពេញបេសកកម្ម​អង្គការសហប្រជាជាតិ​នៅ​ប្រទេស​ចំនួន​៨ លើ​ជំនាញ វិស្វកម្ម បោសសម្អាត​មីន កម្ទេច​គ្រាប់​មិន​ទាន់ផ្ទុះ ពេទ្យ អាវុធហត្ថ សង្កេតការណ៍ និង​នាយទាហាន​សេនាធិការ​» ។

លោកនាយ​ឧត្តមសេនីយ៍​បាន​លើក​ឡើង ក្នុង​ពី​ធី​អបអរសាទរ​ខួប​លើក​ទី​១០៨ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ​«​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ និង​ការ​គាំពារ​សង្គមដើម្បី​អភិវឌ្ឍន៍ធនធាន មនុស្ស​» ដែល​បាន​ប្រារ​ព្ធ​ធ្វើ​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​ថា កងកម្លាំង​នារី​ទាំងនេះ​គឺ​មានចំណេះ​ដឹង​ខាង​ភាសាបារាំង និង​ភាសា​អង់គ្លេស និង​ទទួល​ការងារ​បេសកកម្ម​ដូច​កម្លាំង​បុរស​ដែរ ។ កម្ពុជា​នឹង​បង្កើន​កម្លាំង​នារី​ឲ្យ​បាន​ច្រើន​ថែម​ទៀត​តាម​តម្រូវការ​របស់​អង្គការ​អង្គការសហប្រជាជាតិ ដែល​ស្នើ​សុំ​ឱ្យ​កម្ពុជា​បន្ត​ចូលរួម​បង្កើន​ផ្នែក​កម្លាំងនារី​ជា​នាយទាហាន​សេនាធិការ និង​សង្កេតការណ៍បន្ថែម​ទៀត​។

ក្នុង​ពិធី​ខួប​លើក​ទី​១០៨​ទិវា​អន្តរជាតិ​នារី ៨ មីនា ដែល​មាន​កងកម្លាំង​នារី​មួក​ខៀវ និង​បុ​គ្គលិ​ក​នារី​នៃ​អាជ្ញាធរ​មីន​ចំនួន​២២៥​នាក់​ចូលរួម​នោះ លោក​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព មាន​ប្រសាសន៍​ថា យុទ្ធ​នារី​មជ្ឈមណ្ឌល​ជាតិនិង​មន្ត្រី​បុគ្គលិក​អាជ្ញាធរ​មីន បាន​ចូលរួម​យ៉ាង​សកម្ម​មិន​ខ្លាច​នឿយហត់ ទោះ​ជួប​ប្រទះ​នូវ​ហា​និភ័យ​ខ្ពស់​យ៉ាងណា​ក៏​ដោយ ។ ពិសេស​នៅ​រដូវប្រាំង អាកាសធាតុ​ក្តៅ​ហួតហែង​រហូត​ដល់​ជាង៤០​អង្សា ក៏​ប៉ុន្តែ​យុទ្ធ​នារី​ក្នុង​ប្រតិបត្តិការ​នានានៅ​តែ​មានចិត្ត​មោះមុត មិន​រា​ថយ​ឡើយ ។ កម្ពុជាមាន​កងកម្លាំង​នារី​ដែល​មាន​ស្នាដៃ​លើ​ការ​បោសសម្អាត​មីន​ដោយ​ប្រើ​ស្ន​ដែក និង​ស្ន​ឫស្សី​ឆ្កឹះ​រក​មីន ដើម្បី​រំដោះ​ដីស្រែ​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន​កម្ពុជា​-​វៀតណាម ផង​ដែរ ។

លោកនាយ​ឧត្តមសេនីយ៍ សែ​ម សុវណ្ណ​នី​បាន​លើក​ឡើង​ថា សូម​កងកម្លាំង​ទាំងអស់​ញញឹម​ដើម្បី​រួបរួម​សាម​គ្គី​គ្នា ការពារ​ឲ្យ​បាន​នូវ​សុខ​សន្តិ ភាព​នៅ​កម្ពុជា​តទៅ​ទៀត និង​រួបរួមសាមគ្គី​ជា​ធ្លុង​មួយ​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​ប្រសូតចេញពី​ឆន្ទៈ​រាស្ត្រ ដែល​ដឹកនាំ​ដោយ​សម្តេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។លោកស្រី​ឧត្តមសេនីយ៍ឯក ហេ សៀ​ក​ឡេ​ង​អគ្គ
នាយករង​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​មាន ប្រសាសន៍​ថា «​បច្ចុប្បន្ន ការ​ចូលរួម​បេសកកម្មរក្សា​សន្តិ​ភាព​របស់​យុទ្ធ​នារី នៅ​មិន​ទាន់​បាន​ទូលំទូលាយ​នៅឡើយ​ទេ ដោយសារ​អង្គការ​សហ​ប្រជាជាតិ​ទាមទារ​ឲ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់​លើ ជំនាញ​រក្សា​សន្តិភាព​» ។ហេតុនេះ លោកស្រី​ស្នើសុំ​ការ​លើកទឹកចិត្ត​ជ្រើស​រើស និង​ចាត់​បញ្ជូន​យុទ្ធនារី​ដែល​មាន​សមត្ថភាព​ទៅ​ចូលរួម​បេសកកម្មរក្សា​សន្តិភាព​ឲ្យ​កើនឡើង​បន្ថែម​ទៀត ។

តាម​ការ​វាយតម្លៃ​របស់​អង្គការ​សហ​ប្រជាជាតិ នា​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ កម្ពុជា​ជាប់​លំដាប់ថ្នាក់​លេខ​២៩​លើ​១២៤​ប្រទេស ដែល​បរិច្ចាគ​កម្លាំង​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព និង​ជាប់​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​សហគមន៍​អាស៊ាន ចំពោះ​ការ​បញ្ជូន​កងកម្លាំង ។ ដោយឡែក​កម្លាំង​នារី កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​១៧ លើ​១២៤ និង​ជាប់​ចំណាត់ថ្នាក់​លេខ​២ ក្នុង​សហគមន៍​អាស៊ាន​។ គួរ​បញ្ជាក់​ថា តាំងពី​ឆ្នាំ​២០០៦​រហូត​មក​ដល់ឆ្នាំ​២០១៩​នេះ កម្ពុជា​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​របស់​ខ្លួន​ចំនួន​៥.៩៦៩​នាក់ ក្នុង​នោះ​មាន​នារី
ចំនួន​​២៩០​នាក់ ចូលរួម​បេសកកម្ម​អង្គការ​សហប្រជាជាតិ​នៅ​ប្រទេស​ចំនួន​៨​មាន ស៊ូ​ដង់ ស៊ូ​ដង់​ខាងត្បូង ស៊ី​រី ឆា​ដ សុ​ី​ព្រ លី​បង់ ម៉ា​លី និង​អាហ្វ្រិក កណ្តាល ។

បច្ចុប្បន្ន កងកម្លាំង​កំពុង​បំពេញ​បេស​កកម្ម​មាន​ចំនួន​៧៩៩​នាក់ ក្នុង​នោះ​នារី​ចំនួន​៦២​នាក់ នៅ​ប្រទេស​ស៊ូ​ដង់ ស៊ូ​ដង់​ខាងត្បូង ម៉ា​លី អា​ហ្រិ​ក​កណ្តាល និង​លី​បង់ ដែល​មាន​កម្លាំង​នារី​២​នាក់​ជា​នាយទាហាន សេនា​ធិការ និង​៣​នាក់​ជា​នាយទាហាន​សង្កេតការណ៍ ៕ ​