រាជធានីភ្នំពេញ ៖ ម៉ូតូហុងដាឌ្រីមចំនួន២គ្រឿង និងរ៉ឺម៉កម៉ូតូកង់បីឥណ្ឌាមួយគ្រឿងទៀតត្រូវបានរថយន្តបែនមួយគ្រឿងបើកបុកពីក្រោយយ៉ាងពេញទំហឹង ខណៈម៉ូតូ និងរ៉ឺម៉កម៉ូតូកង់បីឥណ្ឌាទាំង៣គ្រឿងនោះកំពុងឈប់ស្តុប បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ម្នាក់ និងស្រាល២៣នាក់ កាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៩ ត្រង់ចំណុចស្តុបច្រកចូលវត្តនាគវ័ន្ត តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។
រថយន្តបែនមួយគ្រឿងខាងលើម៉ាក CHENGLONG ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣D-១៦៣២ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
ចំណែកម៉ូតូនិងរ៉ឺមកម៉ូតូកង់បីឥណ្ឌាដែលរងគ្រោះទាំង៣គ្រឿងខាងលើរួមមាន ១-ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង ១K-៧១៦៥ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានរងរបួសស្រាល ២-ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១AD-៧៨៧៥ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានរងរបួសស្រាល និង៣-រ៉ឺម៉កម៉ូតូ
កង់បីឥណ្ឌាម៉ាកបាចា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១GR-៩៩៤៣ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានរងរបួសធ្ងន់ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តបែនមួយគ្រឿង ទើបតែបើកមកពីចោមចៅ ក្នុងគោលបំណងទៅដឹកឧបករណ៍ខួងថ្មនៅអូឡាំពិក ដើម្បីដឹកបន្តយកទៅដាក់នៅការដ្ឋាននៅឯព្រែកលៀប ដោយធ្វើដំណើរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ។
ប្រភពដដែលបានបន្តថា លុះពេលរថយន្តបែនបើកមកដល់ចំណុចស្តុបកើតហេតុខាងលើដែលមានភ្លើងសញ្ញាចរាចរណ៍មានពណ៌ក្រហម ស្រាប់តែរថយន្តបែនជាន់ហ្វ្រាំងមិនស៊ី ក៏ជ្រុលទៅបុកពីក្រោយម៉ូតូម៉ាកហុងដាឌ្រីមចំនួន២គ្រឿងដែលកំពុងឈប់ស្តុប បណ្ដាលឲ្យម៉ូតូទាំង២គ្រឿងរងការខូចខាតផ្នែកខាងក្រោយនិងខាងមុខយ៉ាងដំណំ រីឯអ្នកបើកបរម៉ូតូទាំង២នាក់បានរងរបួសស្រាល ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់មករថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏បន្តទៅមុខបុកពីក្រោយរ៉ឺម៉កម៉ូតូកង់បីឥណ្ឌាមួយគ្រឿងទៀតដែលកំពុងតែឈប់ស្តុបដូចគ្នា បណ្ដាលឲ្យរ៉ឺម៉កម៉ូតូកង់បីឥណ្ឌាក្រឡាប់ផ្ងារជើងទៅបុកបង្គោលភ្លើងសញ្ញាចរាចរណ៍មួយដើមបាក់រាបដល់ដីរងការខូចខាតយ៉ាងដំណំ ចំណែកឯអ្នកបើកបររ៉ឺម៉កម៉ូតូកង់បីឥណ្ឌាបានរងរបួសធ្ងន់ធ្ងរ។
ក្នុងហេតុការណ៍ខាងលើនេះដែរបណ្តាលឱ្យរថយន្តបង្ករងការខូចខាតក្រពឹតកាងផ្នែកខាងមុខ ហើយភ្លាមៗនោះអ្នកបើកបររថយន្តបង្កបានព្យាយាមបើកទ្វាររថយន្តរត់គេចខ្លួនចេញពីកន្លែងកើតហេតុដែរ តែត្រូវបានប្រជាពលរដ្ឋដែលឃើញហេតុការណ៍បាននាំគ្នាជួយដេញចាប់បាន រួចប្រគល់ទៅឲ្យសមត្ថកិច្ចមូលដ្ឋាននាំយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣។
ក្រោយពេលកើតហេតុ អ្នកបើករ៉ឺម៉កម៉ូតូកង់បីឥណ្ឌាត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជនមកដឹកយកទៅសង្គ្រោះភ្លាមៗផងដរ ចំណែកនៅឯកន្លែងកើតហេតុក៏មានសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងយកម៉ូតូទាំង២គ្រឿង និងរ៉ឺម៉កម៉ូតូកង់បីឥណ្ឌា រួមទាំងរថយន្តបង្ក និងអ្នកបើកបររថយន្តបង្កនាំទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅផ្លូវច្បាប់ជាបន្តទៀតនៅពេលក្រោយ៕
ចែករំលែកព័តមាននេះ