ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ល្លឺ​ម៉​ង់​សន្យា​ផ្តល់​ព័ត៌មាន​ពិត​ពី​កម្ពុជា​រឿង​EBA​ទៅ​កាន់​ភាគី​ពាក់ព័ន្ធ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមាជិក​សភា​អា​ល្លឺ​ម៉​ង់​បាន​សន្យា​ផ្តល់​ព័ត៌មាន​ពិត​របស់​កម្ពុជា​រឿង EBA​ទៅ​កាន់​បណ្តា​ភាគី​ពាក់ព័ន្ធ​ឲ្យ​បានដឹង​ច្បាស់ ។ ការ​សន្យា​នេះ​ស្រប​ពេល​ដែល​សហគមន៍​អឺរ៉ុប (EU) កំពុង​ដំណើរការ​នីតិវិធី​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​អនុគ្រោះ​ពន្ធ​គ្រប់​ប្រភេទ​លើកលែងតែ​អាវុធ (EBA) ពី​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ សមាជិក​សភា​អា​ល្លឺ​ម៉​ង់​បាន​សន្យា​ផ្តល់​ព័ត៌មាន​ពិត​របស់​កម្ពុជា​រឿង EBA​ទៅ​កាន់​បណ្តា​ភាគី​ពាក់ព័ន្ធ​ឲ្យ​បានដឹង​ច្បាស់ ។ ការ​សន្យា​នេះ​ស្រប​ពេល​ដែល​សហគមន៍​អឺរ៉ុប (EU) កំពុង​ដំណើរការ​នីតិវិធី​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​អនុគ្រោះ​ពន្ធ​គ្រប់​ប្រភេទ​លើកលែងតែ​អាវុធ (EBA) ពី​កម្ពុជា ។

លោក Manfred Grund សមាជិក​សភា​អា​ល្លឺ​ម៉​ង់​បាន​លើក​ឡើង​នៅ​ក្នុង​ជំនួប​ជាមួយ​លោក​ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​សហប្រតិបត្តិការ​អន្តរជាតិ​ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា កាលពី​ថ្ងៃ​ទី​៤ មីនា ឆ្នាំ​២០១៩ នៅ​វិមាន​រដ្ឋសភា​ថា ដំណើរ​ទស្សនកិច្ច​នៅ​ពេល​នេះ គឺ​ដើម្បី​សិក្សា​ស្វែង​យល់ និង​ថ្លឹងថ្លែង​បញ្ហា EBA ដើម្បី​ឲ្យ​មានការ​ទទួល​បាន​ព័ត៌មាន​ស្មើគ្នា​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ។ ដំណើរ​ទស្សនកិច្ច​នេះ​ក៏​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​សភា​អា​ល្លឺ​ម៉​ង់ និង​សភា​កម្ពុជា​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត​ផង​ដែរ ។

លោក​បញ្ជាក់​ថា​«​ចំពោះ​បញ្ហា EBA យើង​សន្យា​ថា នឹង​ផ្តល់​ព័ត៌មាន​អំពី​ស្ថានការណ៍​នយោបាយ ពិសេស​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ពិត​នៅ​កម្ពុជា​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​» ។ នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ​លោក​ឈាង វុន បាន​ប្រាប់​អំពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ពិសេស​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ដល់​លោក Manfred Grund ។ លោក​បាន​លើក​ឡើ​ថា កម្ពុជា​បាន​អនុវត្ត​គោលនយោបាយ​ដឹកនាំ​ប្រទេស​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ។ កម្ពុជា​បាន​រៀបចំ​ការ​បោះ​ឆ្នោត​រៀង​រាល់​ប្រាំ​ឆ្នាំ​ម្តង​ដោយ​មាន​គណបក្ស​ជា​ច្រើន​ចូលរួម​ប្រកួតប្រជែង​ដោយ​សេរី និង​យុត្តិធម៌ ។

លោក​ប្រធាន​គណៈកម្មការ​បាន​លើក​ឡើង​បន្ត​ថា កម្ពុជា​បាន​ឆ្លងកាត់​ភ្លើងសង្គ្រាម​អស់​រយៈពេល​៤​ទសវត្សរ៍ ។ សង្គ្រាម​បាន​ធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ តែ​ក្រោយ​ពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​ឆ្នាំ​១៩៩១ កម្ពុជា​បាន​ប្រែ​មុខមាត់​ថ្មី​មានការ​អភិវឌ្ឍ​រីក​ចម្រើន​ជា​ពិសេស​នៅ​ក្រោម​គោលនយោបាយ​ឈ្នះ​ៗ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន កម្ពុជា​ទទួល​បាន​ទាំង​សន្តិភាព និង​ការ​អភិវឌ្ឍ ។ ឆ្លៀត​ក្នុង​ឱកាស​នេះ​ផង​ដែរ​លោក​ឈាង វុន បាន​ស្នើ​ដល់​សភា​អា​ល្លឺ​ម៉​ង់​បន្ត​ជួយ​កម្ពុជា​ទៅ​លើ​គ្រប់​វិស័យ និង​ការ​បណ្តុះបណ្តាល​យុវជន​ជំនាន់​ថ្មី ។

លោក​បន្ត​ថា សហ​គម​អឺរ៉ុប​មិន​គួរ​យក​បញ្ហា EBA ដែល​ជា​បញ្ហា​ពាណិជ្ជកម្ម​មក​ធ្វើ​ជា​រឿង​នយោបាយ​នៅ​កម្ពុជា​នោះ​ទេ ។ ជា​ការ​ឆ្លើយ​តប​លោក Manfred Grund បាន​ឯកភាព​សំណើ​របស់​លោក​ឈាង វុន និង​បាន​អះអាង​ថា នឹង​ខិតខំ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​សភា​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។

សូម​បញ្ជាក់​ថា ប្រទេស​ដែល​ទទួល​បានការ​អនុគ្រោះ​ពន្ធ​លើ​គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ​ពី​សហភាព​អឺរ៉ុប​មាន​៤៩​ប្រទេស​ក្នុង​នោះ​បណ្ដា​ប្រទេស​នៅ​អាហ្វ្រិក​មាន​ចំនួន​ច្រើន​ជាងគេ ។ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី​ទំនិញ​គ្រប់មុខ​លើកលែង​គ្រឿង​សព្វាវុធ​ត្រូវ​បាន​សហភាព​អឺរ៉ុប​បង្កើត​ឡើង កាលពី​ឆ្នាំ​២០០១ ហើយ​កម្ពុជា​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ កាលពី​ឆ្នាំ​២០១២ ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​កម្ពុជា​បាន​រួច​ផុត​ពី​កាតព្វកិច្ច​ពន្ធ​ជិត​៧​រយ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ ចំពោះ​ទំនិញ​នាំ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ