យោងតាមអាជ្ញាធរប៉ូលិសក្រុង POINTE-NOIRE របស់សាធារណរដ្ឋកុងហ្គោដែលបន្តធ្វើការរុករកក្រោមគំនរបាក់បែកថា តុល្យការនៃអ្នកស្លាប់បានឡើងដល់១៩នាក់ហើយ ក្នុងការធ្លាក់យន្តហោះកាហ្គោមួយគ្រឿងកាលពីរសៀលថ្ងៃទី២១ មីនា ក្នុងទីក្រុង POINTE-NOIRE នោះ ។
ក្នុងចំណោមអ្នកស្លាប់ទាំងនេះ មានអ្នកបើកយន្តហោះ២នាក់ យន្តការី២នាក់និងអ្នកដំណើរលួចលាក់៥នាក់ដែលអត្តសញ្ញាណ និងសញ្ជាតិពួកគេនៅពុំទាន់លាតត្រដាងនៅឡើយ ។ អគ្គនាយកនៃទីភ្នាក់ងារជាតិខាងអាកាសចរណ៍ស៊ីវិល ANAC របស់សាធារណរដ្ឋកុងហ្គោលោក MICHEL AMBENDE គូសបញ្ជាក់ថា យន្តហោះនោះហោះចេញពីទីក្រុង ប្រាហ្សាវិលដោយដឹកទំនិញ ។ វាបានធ្លាក់ក្នុងសង្កាត់ KOTOKO DANIEL មិនឆ្ងាយប៉ុន្មានពីព្រលានយន្តហោះជាកន្លែងដែលវាត្រៀមចុះបន្ទាប់ពីទទួលការអនុញ្ញាតពីប៉មត្រួតពិនិត្យ ។
យោងតាមប្រភពព័ត៌មានរបស់ប៉ូលិសថា តុល្យការនោះដែលនៅបណ្តោះអាសន្ននៅឡើយ អាចធ្ងន់ធ្ងរទៀតពេលអ្នកពន្លត់ភ្លើងកំពុងតែខិតខំកាយរុករកក្រោមគំនរបាក់បែក ។ យន្តហោះ នោះធ្លាក់លើសង្កាត់មានប្រជាជនរស់នៅច្រើនមួយហើយជនរងគ្រោះនៅលើដីពិតជាមានច្រើន ព្រមទាំងមានការខូចខាតសំភារយ៉ាងច្រើនទៀតផង ។ យន្តហោះដែលធ្លាក់នេះធុន ANTONOV របស់ក្រុមហ៊ុន TRANS AIR CONGO (TAC) ៕
ចែករំលែកព័តមាននេះ