ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ម្ចាស់​ផ្ទះសំណាក់​​​រស្មី​ផ្កា​ឈូក​​​២​ទៅ​តុលាការ​​ និង​​អ្នកប្រើប្រាស់​​គ្រឿង​ញៀន​​​១១​នាក់

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​លោក​សុខ សម្បត្តិ ​អភិ​បាល​​ខណ្ឌ​ដូនពេញ បានបញ្ជាក់​ថា ម្ចាស់​ផ្ទះ​សំណាក់​​រស្មីផ្កា​ឈូក​​២ ​​ដែល​​មានទីតាំង​​លេខ​​៧៦ ​ផ្លូវ​លេខ​​១៧២ ភូមិ​​១១ ​​សង្កាត់ផ្សា​រថ្មីទី​​​៣ ខណ្ឌ​​ដូនពេញ ​ឈ្មោះព្រំ ​សុធា ភេទ​ប្រុស អាយុ​​៣៦​ឆ្នាំ ​ជនជាតិខ្មែរ រួមទាំង​​អ្នក​ប្រើប្រាស់​​គ្រឿង​ញៀន​​​ចំនួន​១១នាក់ ​​ត្រូវ​​​បញ្ជូនទៅ​តុលា​ការ​​ ដើម្បី​​ផ្តន្ទាទោស​​ ហើយ​ផ្ទះ​សំណាក់​​​​នឹង​បិទ​​​អាជីវ​កម្ម​បណ្តោះអាសន្ន ព្រោះមិន​​គោរព​​តាម​ការ​ណែ​នាំ​របស់សាលា​រាជធានីភ្នំពេញ ​ក៏​ដូច​ជា​ផែនការ​​អនុ​វត្តភូមិ​-​សង្កាត់​​មានសុវត្ថិភាព ដែល​​សាលា​ខណ្ឌ​​​ដូនពេញ​​បានធ្វើការ​​ផ្សព្វផ្សាយ​​​ដល់​ផ្ទះ​សំណាក់​កន្លងមក​ ។​

គួរ​​រំលឹក​ថា កាលពីថ្ងៃទី​​​១៨ មីនា ២០១១ ​វេលាម៉ោង​​​១០​យប់​​ គណៈ​បញ្ជា​ការ​​ឯក​ភាព​​ខណ្ឌ​ដូនពេញ ​ដឹកនាំ​ដោយ​លោកសុខ សម្បត្តិ ​​អភិបាល​​ខណ្ឌ​ដូន​ពេញ បានឆ្មក់​ចូល​ផ្ទះសំណាក់​រស្មី​ផ្កាឈូក​​​២ ​ដែល​មានទីតាំង​​លេខ​​​៧៦ ​ផ្លូវ​លេខ​​​១៧២ ​ភូមិ​​១១ សង្កាត់ផ្សា​រ​ថ្មីទី​៣ ​ហើយ​ឃាត់ខ្លួន​​​​ជន​​ជន​សង្ស័យ​ប្រើ​ប្រាស់គ្រឿងញៀន​​ក្នុងបន្ទប់​លេខ​​​៣១១ ជាន់​ទី​៣ ចំនួន​៤នាក់ ​ស្រី​ម្នាក់ ​បន្ទប់​លេខ​​១០៣ ជាន់​ទី​១ ​ចំនួន​​៣នាក់ ប្រុស​​​ទាំង​​៣​ និង​​នៅ​​ក្រៅ​​បរិវេណ​​​ផ្ទះសំណាក់​​ចំនួន​​៤​នាក់ ​​មាន​ស្រី​ម្នាក់ ។ ​សមត្ថកិច្ច​​​មូលដ្ឋាន​និយាយ​ថា ​ជនសង្ស័យ​​​ប្រើប្រាស់គ្រឿងញៀន​ដែល​ឃាត់​​​ខ្លួន​១១​នាក់ ក្នុងនោះ​​​មាន​ជន​ជាតិ​​វៀតណាមផងដែរ​ ហើយ​ម្ចាស់​ផ្ទះសំណាក់​​​រស្មី​ផ្កាឈូក​​​២ ឈ្មោះ​​​ព្រំ​សុធា ​ភេទ​ប្រុស ​អាយុ​​​​៣៦​ឆ្នាំ ​ត្រូវបានឃាត់​ខ្លួន​​ព្រោះជា​​អ្នក​​ផ្តល់​​​ទីតាំង​​​ឱ្យ​គេ​​ប្រើប្រាស់គ្រឿង​ញៀន ។​

​ជនសង្ស័យ​​​ខាងលើ​ត្រូវ​​បា​ន​ឃាត់ខ្លួន​​​​បណ្តោះអាសន្ន​​​នៅអធិការដ្ឋាន​​​នគរ​បាលខណ្ឌ​​​ដូនពេញ ​ដើម្បីកសាង​​សំណុំរឿង​​បញ្ជូនទៅ​​សាលា​ដំបូង​​រាជធានីភ្នំពេញ ​ក្រោម​​​​ការ​ចោទ​ពី​​បទ​ផ្តល់​ទីតាំង​​​ និង​ប្រើប្រាស់​គ្រឿងញៀន ។​ លោកអភិបាល​ខណ្ឌ​ដូនពេញ​បាន​រំលឹក​ផង​ដែរ​ថា ​កាលពីព្រឹកថ្ងៃទី​​១១ មីនា ​​២០១១ ​ដោយ​មានការ​​​សហកា​ល្អ​​ពីម្ចាស់​ផ្ទះសំណាក់​​​អិល អេស ​ដែលមានទីតាំង​​លេខ​​១C ​ផ្លូវលេខ​​​៥៣ ភូមិ​​​៥ ​សង្កាត់ផ្សារ​ថ្មីទី​​៣ បានរាយការណ៍​​​​ឱ្យ​នគរ​បាល​ប៉ុស្តិ៍រ​ដ្ឋ​បាល​​ផ្សារ​ថ្មទី​​​៣ ខណៈ​​ជន​បរទេស​នាំ​ក្មេងស្រីចូលបន្ទប់ ហើយ​​​ភ្លាមៗ​នោះ​គណៈ​កម្ម​ការ​ចម្រុះ​​ធ្វើការឃាត់ខ្លួន​​​ជនជាតិអាមេរិក​ម្នាក់ និងស្ត្រី​​​ខ្មែរ​​២នាក់ ព្រមទាំង​ដកហូត​​រូប​ថត​អាស​អាភាស​​​ គ្រឿងញៀន​​ផងដែរ ​។ បច្ចុប្បន្ន​​​ជន​ទាំង​​​៣នាក់​នោះត្រូវ​​បានតុលាការ​​​ចេញដីកា​​ឃុំ​ខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​​​ព្រៃស​រង់ចាំ​​បើក​​សវនាការ ៕​