កម្ពុជា​បេ្ត​ជ្ញា​នឹង​កែ​ច្បាប់ បើសិនជា​មាន​តម្រូវការ ស្រប​តាម​កិច្ចព្រមព្រៀង RCEP


រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា បើ​ទោះបី​កម្ពុជា​ត្រូវ​ធ្វើការ​កែប្រែ​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្តិ​របស់​ខ្លួន​យ៉ាងណា​ក៏​ដោយ កម្ពុជា​នឹង​ធ្វើ​ឲ្យ​បាន​នូវ​ការ​កែប្រែ​ណាមួយ ដើម្បី​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង ស្តី​ពី​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ ហៅ​កាត់​ថា (RCEP) ។

ថ្លែង​បើក​អន្តរ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​៧ ស្តី​ពី កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (THE 7th REGIONAL COMPREHENSIVE ECONOMIC PARTNERSHIP INTERSESSIONAL MINISTERIAL MEETING -7th RCEP ISSL MM) ប្រព្រឹត្ត​ទៅ ចាប់ពី​ថ្ងៃ​ទី​២-៤ ខែមីនា នៅ​សណ្ឋាគារ សុខា​ខេត្តសៀមរាប ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​និង​ចូលរួម​ដោយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម មក​ពី​ប្រទេស​សមាជិក ចំនួន ១៦ រួម​មាន​៖ ប្រទេស​សមាជិក​អាស៊ាន ១០ និង​ប្រទេស​ដៃគូ ៦ ទៀត រួម​មាន​៖ ចិន អូស្ត្រាលី ជប៉ុន កូរ៉េ​ខាងត្បូង ឥណ្ឌា និង​ណូ​វ៉ែ​ល​ហ្សេ​ឡង់​នោះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្តល់​អនុសាសន៍ ៣​ចំណុច និង​ប្រកាស​ថា ជោគជ័យ​នៃ​កិច្ចប្រជុំ RCEP នេះ​នឹង​អាច​ជម្រុញ​ឲ្យ​សេដ្ឋកិច្ច​អាស៊ាន​កាន់តែ​ល្អ​ប្រសើរ​ផង​ដែរ ។ សម្តេច​ក៏​បាន​អំពាវនាវ​ដល់​ប្រទេស​ជា​សមាជិក ដែល​ចូលរួម​ចរចា ត្រូវ​ចាត់​ទុក​ការ​ចរចា​នា​ពេល​នេះ គឺជា​ដំណើរការ​ឈ្នះ​ឈ្នះ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ដែល​យើង​ខិតខំ​សម្រេច​ឲ្យ​បាន​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ វា​មិនមែន​គ្រាន់តែ​ជា​បញ្ហា​សេដ្ឋកិច្ច​ធម្មតា​នោះ​ទេ ក៏​ប៉ុន្តែ​វា​នឹង​ធ្វើ​ឲ្យ​ជោគជ័យ​កើតឡើង សម្រាប់​ជា​ទស្សនាទាន ស្តី​អំពី ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក បើកចំហ​សេរី ផង​ដែរ​។ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា បាន​គូសបញ្ជាក់​ថា ប្រសិនបើ​កិច្ចព្រមព្រៀង RCEP នេះ​បាន​ចេញ​រួច វា​ក៏​ជា​ផ្នែក​មួយ​លើស​ជាង​ពាក់កណ្តាល​នៃ​ជោគជ័យ​នៃ​ទស្សនាទាន​ទាំងឡាយ ដែល​បាន​ដាក់​ចេញ​ក្នុង​រយៈពេល​កន្លង​ទៅ​។ ប្រសិនបើ​កិច្ចព្រមព្រៀង​នេះ ត្រូវ​បាន​សម្រេច ជំនឿ​ទុកចិត្ត​នៅ​ក្នុង​ក្រប​ខណ្ឌ​តំបន់​របស់​យើង មិនមែន​គ្រាន់តែ​ការ​រកស៊ី​ខាង​សេដ្ឋកិច្ច​ទេ បញ្ហា​នយោបាយ និង​បញ្ហា​ដទៃ​ទៀត ក៏​នឹង​ត្រូវ​សម្របសម្រួល​គ្នា​។
សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​សង្កត់ធ្ងន់​ថា «​បើ​ទោះបីជា​កម្ពុជា ត្រូវ​ធ្វើការ​កែប្រែ​ច្បាប់​របស់​ខ្លួន លិខិត​បទដ្ឋាន​គតិយុត្តិ​របស់​ខ្លួន ដើម្បី​ឲ្យ​ស្រប​ទៅ​នឹង​កិច្ចព្រមព្រៀង​ក្នុង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ RCEP នេះ ក៏​យើង​ត្រូវ​តែ​ធ្វើ ដូចដែល​កម្ពុជា ធ្លាប់​បាន​ធ្វើ​ក្នុង​ការ​កែប្រែ​ច្បាប់​របស់​ខ្លួន ដើម្បី​តម្រូវ​ទៅ​តាម​ការ​ទាមទារ​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ផង​ដែរ » ។

ជាមួយ​គ្នា​នោះ​ផង​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្តល់​នូវ​អនុសាសន៍​សំខាន់​ៗ​ចំនួន ៣ សំដៅ​ព​ន្លឿ​ន​ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី RCEP ដ៏​ពេញលេញ​មួយ ទៅ​តាម​ការ​ចង់បាន​របស់​ប្រទេស​ទាំងអស់ ៖ ១- ភាគី​ទាំងអស់ ត្រូវ​ចាត់​ទុក​កិច្ចចរចា​នេះ គឺជា​ដំណើរការ​ឈ្នះ​-​ឈ្នះ ដែល​លទ្ធផល​ចុង​ក្រោយ​នៃ​កិច្ចព្រមព្រៀង​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍ ដល់​ភាគី​ទាំងអស់ ទោះជា​ក្នុង​កម្រិត​ខុស​គ្នា​ក៏​ដោយ ។ ២- បើ​ទោះជា​មាន​របៀបវារៈ​សេដ្ឋកិច្ច​ផ្សេង​ៗ​គ្នា ភាគី​ចរចា​ទាំងអស់ ត្រូវ​នាំ​គ្នា​ពិនិត្យ​មើល​ទិដ្ឋភាព​រួម នៃ​សក្កា​នុ​ពល និង​អត្ថប្រយោជន៍​ដ៏​ធំ​នៃ​កិច្ចព្រមព្រៀង RCEP ដើម្បី​ឲ្យ​ដំណើរការ​នៃ​កិច្ចចរចា​នេះ អាច​ជំនះ​ឧបសគ្គ​ដែល​នៅ​សេសសល់ ។ ៣- សូម​រដ្ឋមន្ត្រី​នៃ​ប្រទេស​ចូលរួម​ទាំងអស់ គោរព​ឆន្ទៈ​នយោបាយ និង​ផ្តល់​ការ​ណែនាំ​ដល់​សមាជិក​នៃ​គណៈកម្មការ​ចរចា​ពាណិជ្ជកម្ម​របស់​យើង នូវ​ភាព​ទន់ភ្លន់ និង​ការ​យោគយល់​គ្នា ស្រប​តាម​គោលការណ៍​ណែនាំ ដែល​បាន​ឯកភាព​គ្នា​កាលពី​ឆ្នាំ​២០១២ ជា​ពិសេស​ផ្តល់​នូវ​ប្រព្រឹត្តិកម្ម​ពិសេស (​ការ​អនុគ្រោះ​ពន្ធ​) និង​ការ​បើក​ច្រក​ទីផ្សារដល់​ប្រទេស​អភិវឌ្ឍន៍​តិចតួច ដែល​​ទំហំ​សេដ្ឋកិច្ច​តូច​នៅឡើយ ។

លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួង ពាណិជ្ជកម្ម ធ្លាប់​ប្រាប់​កោះសន្ដិភាព​ថា RCEP ជា​កិច្ចព្រមព្រៀង​មួយ​ដ៏​ធំ ព្រោះ​យើង​ដឹង​ថា​ប្រទេស​អាស៊ាន​ទាំង​១០ បូក​ជាមួយនឹង​ប្រទេស​ផ្សេង​ៗ​ទៀត អីចឹង​ទំហំ​ពាណិជ្ជកម្ម​គឺ​វា​ធំ ដូច្នេះ​មានការ​ចរចា​ច្រើន​ដង ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​វា​ជា​ការ​ចរចារ​គ្រប់​ជ្រុងជ្រោយ ព្រោះ​មិនមែន​ជា​ការ​ចរចា​តែ​មួយ​បញ្ហា​នោះ​ទេ ។ លោក​បាន​បញ្ជាក់​ថាបើ RCEP ត្រូវ​បាន​បញ្ចប់ នោះ​កម្ពុជា​នឹង​មិន​ភ័យ​ព្រួយ​ពី​ការ​គៀបសង្កត់​ទីផ្សារ​នេះ ឬ​ទីផ្សារ​នោះ​ទេ ។

ជាក់ស្តែង រដ្ឋាភិបាល​អូស្ត្រាលី បាន​បញ្ជាក់​ថា​ខ្លួន បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​តំបន់​ដែល​មាន​ថាមភាព​បំផុត​នៅ​ក្នុង​ពិភពលោក​។ បណ្តា​ប្រទេស RCEP មាន​ចំនួន​ជាង ៦០% នៃ​ពាណិជ្ជកម្ម​ទ្វេភាគី​របស់​អូស្ត្រាលី ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ស្ថានទូត​អូស្ត្រាលី​នៅ​កម្ពុជា​។
ការ​ប្រកាស​របស់​ស្ថានទូត​អូស្ត្រាលី​នៅ​កម្ពុជា​បាន​បញ្ជាក់​ថា «​កិច្ចប្រជុំ​ជុំ​ថ្មី​នេះ​នឹង​ផ្តល់​ឱកាស​មួយ​ដើម្បី​ជំរុញ​ការ​ចរចា​ឆ្ពោះទៅ​រក​កិច្ចព្រមព្រៀង​ដែល​មានគុណ​ភាព​ខ្ពស់​ដែល​រួម​បញ្ចូល​ប្រទេស​អូស្ត្រាលី​បន្ថែម​ទៀត​នៅ​ក្នុង​តំបន់​និង​បង្កើត​ឱកាស​ថ្មី​ៗ​និង​ឱកាស​ពាណិជ្ជកម្ម​សម្រាប់​តំបន់​របស់​យើង​» ។

សូម​បញ្ជាក់​ថា​កិច្ចព្រមព្រៀង RCEP ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​តំបន់ ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​ចរចា​ដោយ​មាន​ប្រទេស​ចំនួន ១៦ ចូលរួម ។ កិច្ចព្រមព្រៀង​នេះ​ជា​គំនិត​ផ្តួចផ្តើម​របស់​អាស៊ាន ដែល​ផ្អែក​លើ​កុងសង់ស៊ីស​សម្រាប់​ការ​ធ្វើ​សេចក្តី​សម្រេចចិត្ត ដែល​បាន​ប្រកាស​ឲ្យ​ចាប់ផ្តើម​ចរចា​ក្នុង​ឆ្នាំ​២០១២ នៅ​កម្ពុជា​។ RCEP មាន​ទំហំ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ជិត ៣០% នៃ GDP ពិភពលោក (​គិត​ត្រឹម​ឆ្នាំ ២០១៤) មាន​ប្រជាជន​ស្ទើរតែ​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​ពិភពលោក​សរុប​មាន ៣១,៦% នៃ​ផលិតកម្ម​ពិភពលោក និង ១/៥ នៃ​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​របស់​ពិភពលោក (​គិត​ត្រឹម​ឆ្នាំ ២០១៦)​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ចុះ​ថ្ងៃ​ទី ២​ខែ​កុ​ម្ភះ ឆ្នាំ ២០១៩ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ