ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិល្បករ ក្មេង​ៗ «​ស្តាប់​វាចា​»​ នាយ​ឃ្លោក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អ្នកសិល្បៈ​មួយ​ចំនួន​ទាំង​ថ្មី ទាំង​ចាស់ នៅ​ពេល​បាត់បង់​ឱកាស​ការងារ ព្រោះ​ញាំញី​ដោយ​​ជំងឺ មាន​អ្នកខ្លះ​បាន​អំពាវនាវ​សុំ​ការ​ឧបត្ថម្ភ​ពី​មហាជន និង​សមាគម​សិល្បៈ ។ ចំណុច​នេះ​មាន​មតិ​មួយ​ចំនួន​បាន​ណែនាំ​គួរ​ត្រៀម​ទុក​សម្រាប់​ខ្លួនឯង​ជា​ការ​ប្រសើរ​បំផុត នៅ​ពេល​មាន​លទ្ធភាព​រក​ប្រាក់​បាន​នោះ…

រាជធានី​ភ្នំពេញ​៖ អ្នកសិល្បៈ​មួយ​ចំនួន​ទាំង​ថ្មី ទាំង​ចាស់ នៅ​ពេល​បាត់បង់​ឱកាស​ការងារ ព្រោះ​ញាំញី​ដោយ​​ជំងឺ មាន​អ្នកខ្លះ​បាន​អំពាវនាវ​សុំ​ការ​ឧបត្ថម្ភ​ពី​មហាជន និង​សមាគម​សិល្បៈ ។ ចំណុច​នេះ​មាន​មតិ​មួយ​ចំនួន​បាន​ណែនាំ​គួរ​ត្រៀម​ទុក​សម្រាប់​ខ្លួនឯង​ជា​ការ​ប្រសើរ​បំផុត នៅ​ពេល​មាន​លទ្ធភាព​រក​ប្រាក់​បាន​នោះ ។

មួយ​រយៈ​ចុង​ក្រោយ​នេះ​មាន​អ្នកសិល្បៈ​ច្រើន​នាក់​ធ្លាក់ខ្លួន​ឈឺ ហើយ​ប្រឈម​នឹង​ការ​លំបាក​ចំពោះ​ថ្លៃ​ព្យា​បាល ។ ការ​ផ្តល់​ជំនួយ ផ្សេង​ៗ​ជូន​សិល្បករ គឺ​មហាជន​ខ្លះ​គិត​ថា​ជា​ការ​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន ។ ប៉ុន្តែ​នៅ​មាន​មតិ​ខ្លះ​ចោទ​លើ​អ្នកសិល្បៈ​ថាឱ្យ​តែ​ឈឺ​ដឹង​តែ​ប្រកាស​រក​ជំនួយ ពេល​នៅ​មាន​កម្លាំង​រក​លុយ​បាន​អត់​ចេះ​ទុកដាក់​ត្រៀម​សម្រាប់​ខ្លួនឯង ។

អ​តី​តារា​កំប្លែង​នាយ​ឃ្លោក ឈ្មោះ​ពិត​ទុំ សា​រ៉ុ​ត ជីវិត​បាន​ឡើង​ខ្ពស់​ក្លាយជា​ឧកញ៉ា ។ អ្នក​ណា​ៗ​ក៏​ដឹង​ថា​លោក​មានមុខ​ជំនួញ​ពេញដៃ​និង​សម្បូរ​ទ្រព្យ ។ នាយ​ឃ្លោក ឡើង​ដល់​ចំណុច​នេះ តែ​មិនមែន​ងាយ​ទេ គឺ​នាយ​តស៊ូ​ជម្នះ​ឧបសគ្គ​ជា​ច្រើន មិនមែន​នៅ សុខ​ៗ​ប្រាក់​រត់​ចូល​ឬ​ទេវតា​ប្រទាន​ឲ្យ​ទេ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​នាយ​ឃ្លោក​លើក​ឡើង​ថា សម្រាប់​សិល្បៈ​សព្វថ្ងៃ​មាន​កើតឡើង​ច្រើន​រូបភាព ស្ទើរតែ​ថា​អ្វី​ក៏​មាន ។ ជា​ពិសេស​នោះ​គឺ​សិល្បករ​ជើង​ចាស់​ជា​ច្រើន​មាន​ជំងឺ​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ រហូត​ដល់​ក្រៅប្រទេស​។ មាន​ខ្លះ​ទៀត​ឈឺ​ធ្ងន់​រហូត​លាចាក​លោក ។

នាយ​ឃ្លោក​ថ្លែង​ថា​«​យ៉ាង​ណាស់​ខ្ញុំ​សុំ​សរសើរ​ចំណុច​មួយ​គឺ​ការ​រួបរួម​គ្នា​របស់​មិត្ត​សិល្បករ ឥឡូវ​ចេះ​ជួយ​គ្នា រាល់​មានទុក្ខ​ធុរៈ​ចាំបាច់​ណាមួយ​ឃើញ​ថា​ស្រុះស្រួល​គ្នា ខ្លះ​ក៏​បង្ហោះ​អំពាវនាវ​ទៅ ទាំង​អស់នេះ​ជា​រឿង​ល្អ​គេ​ឃើញ​ក៏​គេ​គិត​ថា​យើង​សិល្បៈ​ជួយ​គ្នា​ទោះជា​អ្នក​ណា​ថា​សិល្បៈ​សុំ​តែ​ជំនួយ​នោះ​ជា​មតិ​របស់​គេ​សំខាន់​ស្នូល​ខាងក្នុង​ត្រូវ​រឹង​មាំ »​។

ទោះជា​យ៉ាងណា​ក្តី​នាយ​ឃ្លោក​មាន​មតិ​ផ្តាំផ្ញើ​ថា​«​សម្រាប់​ខ្ញុំ​គ្មាន​អ្វី​ច្រើន​ទេ​គ្រាន់តែ​មាន​មតិ​តិចតួច​ប្រាប់​ដល់​តារា ក្មេង​ៗ​ដែល​កំពុង​មាន​កម្លាំង មាន​ទីផ្សារ​រកបាន គួរ​សន្សំ​ប្រាក់​ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ មិន​ត្រូវ​ហ៉ឺ​ហា​សម្ភារ​និយម​ហួស​កម្រិត ទិញ​អ្វី​ដែល​មាន​ប្រយោជន៍ ដូច​ជា​ដីធ្លី​ណា​តម្លៃ ល្មម​ៗ ឬ​បង្កើត​មុខរបរ​ណា​ផ្សេង​ទៀត​បង្កើន​ចំណូល​ក្រៅពី​សិល្បៈ​។

មួយទៀត​ការ​ផឹក​ស៊ូ​ចូល​ហាង ចូល​ក្លឹ​ប​សម្ញែង​ទ្រព្យ​ឲ្យ​មិត្តភក្តិ​ដឹង គួរតែ​កាត់​បន្ថយ​ហើយ​ត្រូវ​ចេះ​ថែរក្សា​សុខភាព​ហាត់ប្រាណ​ជា​ប្រចាំ បើ​សុខភាព​ល្អ​យើង​ក៏​កាន់តែ​ធ្វើការ​បាន​យូរ​ទៀត ។ ខ្ញុំ​មិន​មាន​ចេតនា​មើល​ស្រាល​តារា​ស្រី​មួយ​ចំនួន​នោះ​ទេ ប្រសិនបើ​បាន​ស្វាមី​ល្អ​មានទ្រព្យ យស​សក្តិ ស្រាប់តែ​បែកធ្លាយ​ប្រ​ព​ន្ឋ​ដើម​ចុង​អ្វី​នោះ គួរតែ​សុំ​ត្រឹមតែ​ផ្ទះ​១​ល្វែង​រស់នៅ​សមរម្យ​កុំ​ចាំបាច់​ផ្ទះ​វីឡា​ធំ​អ្វី​ឲ្យ​តែ​បាន​ផ្ទះល្វែង​ដាក់​ឈ្មោះ​យើង​ក៏​ជា​បុណ្យ​សំណាង ។ ជា​ជាង​បែកបាក់​ស្វាមី អត់​ផ្ទះ​អត់​សម្បែង នៅផ្ទះ​ជួល នោះ​មិន​ប្រសើរ​ទេ អន់​ណាស់ ។ បាន​ផ្ទះ​១​ល្វែង​ឈ្មោះ​យើង ។

ប្រការ​ផ្សេង​ទៀត​បើ​ស្រឡាញ់​សិល្បៈ​ពិត​ត្រូវ​ចេះ​តស៊ូ ត្រូវ​មាន​សីលធម៌ វិន័យ គោរព​ចាស់ទុំ​គោរព​ពេល​វេលា​គោរព រៀមច្បង នោះ​ក៏​ជា​ការ​បើក​ទីផ្សារ​ឲ្យ​យើង​រក​ប្រាក់​ចំណូល​ចូល​ហោប៉ៅ​ទុក​សន្សំ​តទៅ​ទៀត​ដែរ ។ ប្រសិនបើ​លើសលស់​ការ​ផ្តាំផ្ញើ​នេះ​ខុស ឬ​ត្រូវ​សូម ប្អូន​ៗ​សិល្បករ​មេត្តា​អធ្យាស្រ័យ​ផង »​។ នាយ​ឃ្លោក មិន​មាន​គម្រោង​វិល​រក​អាជីព​សិល្បៈ​វិញ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ