ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ពាណិជ្ជករ​អា​មេ​រិ​ក​ស្វាគមន៍​ច្បាប់អាជ្ញាសឹក​ឌី​ជី​ថ​ល​ថៃដើម្បីការពារខ្លួន

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២ មីនា កន្លង​មក​ថា សម្ព័ន្ធមិត្ត​អាជីវកម្ម​កម្មវិធី Software…

ប្រទេស​ថៃ ៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២ មីនា កន្លង​មក​ថា សម្ព័ន្ធមិត្ត​អាជីវកម្ម​កម្មវិធី Software (BSA) ដែល​ជា​ក្រុម​ពាណិជ្ជករ​អា​មេ​រិ​កមួយ​ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Microsoft កំពុង​តែ​គាំទ្រ​ការ​អនុម័ត​ច្បាប់​ស្តី​ពី​សន្តិសុខ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត និង​ការ​ការពារ​ទិន្នន័យ​ផ្ទាល់ខ្លួន ។

ក្រុម​ខាងលើ​បាន​និយាយ​ថា​ច្បាប់​នេះ​ត្រូវ​បាន​រិះគន់​ថា​ជា​ច្បាប់អាជ្ញាសឹក​ព្រោះ​វា​ផ្តល់​អំណាច​ដល់​មន្ត្រី​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ឆ្លើយ​តប​នឹង​ការ​គម្រាមកំហែង​លើ​អ៊ី​ន​ធើ​ណែ​ត​ដែល​បាន​ប៉ះពាល់ ឬ​អាច​នឹង​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​ជាតិ ។ Asia Internet Coalition បាន​និយាយ​ថា​ពួក​គេ​មានការ​ខកបំណង​នឹង​ច្បាប់​នេះ​យ៉ាង​ខ្លាំង ។

យ៉ាងណា​ក្តី BSA បាន​និយាយ​ថា​ច្បាប់​ខាងលើ​នឹង​បង្កើន​ការ​ចូលរួម​ក្នុង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល និង​ជំរុញ​ដល់​ការ​អភិវឌ្ឍន៍ និង​ការ​ប្រើ​សេវាកម្ម​និង​បច្ចេកវិទ្យា​ថ្មី​ៗ​ដែល​ចូលរួម​ក្នុង​ការ​សម្រេច​គោលដៅ Thailand 4.0​។

លោក Jared Ragland ដែល​ជា​ប្រធាន​ផ្នែក​គោលនយោបាយ​នៅ BSA បាន​និយាយ​ថា «​ការ​អនុម័ត​ច្បាប់​សន្តិសុខ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​ជាតិ និង​ច្បាប់​ការពារ​ទិន្នន័យ​ផ្ទាល់ខ្លួន​តំណាង​ជំហាន​ដ៏​សំខាន់​ក្នុង​ការ​ធានា​ដល់​អតិថិជន​និង​អាជីវកម្ម​នូវ​ជំនឿ​ទុកចិត្ត និង​អាច​ទាញ​អត្ថប្រយោជន៍​កាន់តែ​ច្រើន​ឡើង​ពី​ការ​បង្កើត​ថ្មី​ដែល​ជំរុញ​ដោយ​ទិន្នន័យ​ដូច​ជា​បច្ចេកវិទ្យា Artificial Intelligence និង Internet of Things ជាដើម​»​។

BSA បាន​បន្ថែម​ថា ការ​គម្រាមកំហែង​ផ្នែក​សន្តិសុខ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត និង​ហានិភ័យ​ទិន្នន័យ​ផ្ទាល់ខ្លួន​មាន​ភាព​ជាស​កល ដូច្នេះ​ការ​ឆ្លើយ​តប​ក៏​ត្រូវ​មាន​លក្ខណៈ​ដូច្នេះ​ដែរ ។

លោក Ragland បាន​បន្ត​ថា «​ក្រុម​ពាណិជ្ជករ​កោតសរសើរ​ដល់​រដ្ឋាភិបាល​ដែល​ទទួល​បានការ​ចូលរួម​ពី​វិស័យ​ឯកជន​និង​ភាគី​ចូលរួម​ដែល​ចាប់អារម្មណ៍​ដទៃ​ទៀត​ខណៈ​ដែល​ព្រៀង​ច្បាប់​នេះ និង​ជំរុញ​ឲ្យ​មាន​ទំនាក់ទំនង​បើក​ទូលាយ​បន្ត​ទៀត​ជាមួយនឹង​វិស័យ​ឯកជន និង​ក្រុមហ៊ុន​ជុំវិញ​ពិភពលោក​ផង​ដែរ​»​។

BSA បាន​និយាយ​ថា​ពួក​គេ​រំពឹង​លើ​ការ​សហការ​យ៉ាង​ជិតដិត​ជាមួយនឹង​រដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​បញ្ហា​សំខាន់​ៗ​ទាក់ទិន​នឹង​ការ​អនុម័ត​ច្បាប់​នេះ និង​ជួយ​ធ្វើ​ឲ្យ​គោលនយោបាយ​សន្តិសុខ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​និង​ការ​ការពារ​ទិន្នន័យ​ផ្ទាល់ខ្លួន​ស្រប​ទៅ​នឹង​គោលនយោបាយ​អន្តរជាតិ​ដទៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ