វ័ណ្ដ.កអ្នកណាពេលនេះ? លោក ត្រាំ ឱ្យ​ចិន​លុប​បំបាត់​ពន្ធ​លើ​កសិផល​អា​មេ​រិ​ក​ភ្លាម


រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ ភ្នាក់ងារ​សារព័ត៌មាន Rueters បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២ មីនា កន្លង​មក​ថា លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​និយាយ​ថា លោក​បាន​ស្នើ​ដល់​ប្រទេស​ចិន​ឲ្យ​លុប​បំបាត់​ពន្ធ​លើ​កសិផល​អា​មេ​រិ​ក​ភ្លាម​ព្រោះ​កិច្ចចរចា​ពាណិជ្ជកម្ម​កំពុង​តែ​ដំណើរការ​ទៅ​មុខ​យ៉ាង​រលូន ។ លោក​ក៏​បាន​ពន្យា​ពេល​បង្កើន​ពន្ធ​លើ​ផលិតផល​ចិន​មក​ស្មើ​២៥%​ផង​ដែរ ។

លោក ត្រាំ បាន​និយាយ​លើ Twitter របស់​លោក​ថា «​ខ្ញុំ​បាន​ស្នើ​ដល់​ប្រទេស​ចិន​ឲ្យ​ដក​ពន្ធ​ទាំងអស់​លើ​កសិផល​របស់​ពួក​យើង​(​ដែល​រួម​មាន​សាច់​គោ ជ្រូក ។​ល​។​) ព្រោះ​ពួក​យើង​កំពុង​តែ​ដើរទៅ​មុខ​យ៉ាង​រលូន​ជាមួយនឹង​កិច្ចចរចា​ពាណិជ្ជកម្ម​» ។

រដ្ឋមន្ត្រី​កសិកម្ម​អា​មេ​រិ​ក​គឺ​លោក Sonny Perdue បាន​និយាយ​កាលពី​ស​ប្តា​ហ៍​មុន​ថា អ្នក​ចរចា​ពាណិជ្ជកម្ម​អា​មេ​រិ​កបាន​ស្នើ​ដល់​ប្រទេស​ចិន​ឲ្យ​កាត់​បន្ថយពន្ធ​លើ​អេតាណុល​អា​មេ​រិ​ក​ទៀត​ផង ប៉ុន្តែ​វា​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ​ថា​ប្រទេស​ចិន​នឹង​សម្រប​តាម ។

លោក Guo Weimin ដែល​ជា​អ្នកនាំពាក្យ​របស់​ក្រុមប្រឹក្សា​សភា​ចិន​បាន​និយាយ​ថា «​ការ​ដែល​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​សម្រេច​កិច្ចព្រមព្រៀង​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ភាគី​ទាំង​សងខាង ឬ​កិច្ចព្រមព្រៀង​ឈ្នះ​ឈ្នះ​ក្នុង​ពេល​ឆាប់​ៗ​នេះ​មិនល្អ​សម្រាប់​ប្រទេស​ទាំង​ពីរ​ទេ ប៉ុន្តែ​វា​គឺជា​ព័ត៌មាន​ល្អ​សម្រាប់​សេដ្ឋកិច្ច​ពិភពលោក​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កសិករ​គឺជា​អ្នកគាំទ្រ​ដ៏​សំខាន់​របស់​គណបក្ស​សាធារណរដ្ឋ​របស់​លោក​ប្រធានាធិបតី ត្រាំ ហើយ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អា​មេ​រិ​ក និង​ប្រទេស​ចិន​បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​លើ​កសិករ​ទាំងនេះ ។ ប្រទេស​ចិន​បាន​ដាក់​ពន្ធ​លើ​សណ្តែកសៀង គ្រាប់​ធញ្ញជាតិ ផ្លែ​ស្តៅ សាច់​ជ្រូក និង​កសិផល​ផ្សេង​ៗ​ទៀត​កាលពី​ឆ្នាំ​មុន ធ្វើ​ឲ្យ​ការ​នាំ​ចេញ​កសិផល​អា​មេ​រិ​ក​ទៅ​កាន់​ប្រទេស​ចិន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ។

សហរដ្ឋអាមេរិក​មាន​គម្រោង​បង្កើន​ពន្ធ​ពី​១០%​មក​ស្មើ​២៥%​លើ​ផលិតផល​នាំ​ចូល​ពី​ប្រទេស​ចិន ប៉ុន្តែ​បន្ទាប់​ពី​កិច្ចចរចា​ជាមួយនឹង​ប្រធានាធិបតី ស៊ី ជី​ន​ពីង (Xi Jinping) រដ្ឋាភិបាល​លោក​ប្រធានាធិបតី ត្រាំ ក៏​បាន​អនុញ្ញាត​ឲ្យ​មានការ​ពន្យា​ពេល​នៃ​ការ​បង្កើន​ពន្ធ​ទាំងនោះ ៕

ប្រភព ៖ Rueters

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ