ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកយុវជនម្នាក់ទៀតបានស្លាប់តាមផ្លូវពេលដឹកបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យទីក្រុងភ្នំពេញ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមួយគ្រឿងបុកជាមួយម៉ូតូមួយគ្រឿងក្នុងទិសដៅបញ្ច្រាសគ្នា បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចរង្វង់មូលទូក នៅតាមបណ្តោយផ្លូវលេខ១ ស្ថិតក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ម៉ូតូមួយគ្រឿងជិះគ្នា២នាក់ម៉ាកហុងដា ធុនសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១B-០៣៦០ បើកបរដោយឈ្មោះ ប្រាក់ ណារា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិទី ៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង បានស្លាប់នៅនឹងកន្លែងកើតហេតុ ។ រីឯអ្នករួមដំណើរម្នាក់ទៀតឈ្មោះលន់ សុភា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិទី៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង រងរបួសធ្ងន់ ក្រោយមកក៏បានស្លាប់ពេលបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងភ្នំពេញ។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំងពីរនាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកបរក្នុងទិសដៅបញ្ច្រាសគ្នាបានបុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង បណ្តាលឱ្យអ្នកបើកបរម៉ូតូបានស្លាប់នៅនឹងកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចប្រគល់សពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។
ចំណែកអ្នករួមដំណើរម្នាក់បានរងរបួសធ្ងន់ ត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តដែរ ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេក ក៏ដឹកបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងភ្នំពេញ តែជាអកុសលជនរងគ្រោះក៏បានស្លាប់តាមផ្លូវ ហើយត្រូវបានដឹកត្រឡប់យកមកលំនៅដ្ឋានប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ។
ប្រភពដដែលបានបន្តថា បន្ទាប់ពីកើតហេតុ រថយន្តបង្កបានបើកគេចបាត់ស្រមោល ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានយកម៉ូតូរងគ្រោះមករក្សាទុក និងស្រាវជ្រាវរករថយន្តបង្កដើម្បីយកមកដោះស្រាយតាមនីតិវិធី៕
ចែករំលែកព័តមាននេះ