ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​​រថយន្ត​​ និង​ម្ចាស់​ទៅសាលា​​ដំបូង​​ខេត្ត​ ឯ​សាច់​ខូ​ចគុណភាព​ដុត​កម្ទេច​ចោល

15 ឆ្នាំ មុន

ក្រុងប៉ោយប៉ែត​ ៖ ​សាច់មាន់​​ និងប្រហិត​​ខូចគុណភាព​​ប្រមាណ​ជាង​​១០០​គីឡូក្រាម ​​ត្រូវ​​​​មន្ត្រី​​ជំនាញ​​កាំកុង​ត្រូល​​សហការ​ជាមួយ​មន្ត្រី​​​គយ និង​រដ្ឋាករ​​ ព្រមទាំង​​​ប៉ូលិស​​អន្តោប្រវេសន៍​​​ឈរ​ជើង​​ខ្លោង​ទ្វារ​​ប្រាសាទ​​កំពូល​បី​នៃ​ច្រក​ទ្វារ​អន្តរ​ជាតិ​​ប៉ោយ​​ប៉ែត​នាំ​យកទៅ​ដុត​កម្ទេច​ចោល​​កាល​ពី​​វេលា​ម៉ោង​​​២​រសៀលថ្ងៃទី​​​២៤ មីនា ​បន្ទាប់ពី​​សាច់ខូច​គុណភាព​ទាំង​នេះ​ត្រូវ​បាន​​ក្រុម​ម​ន្ត្រី​​​សហ​ការ​​​ចាប់ពី​​រ​ថយន្ត​​​មួយ​គ្រឿង​​​​កាលពី​វេលា​ម៉ោង​​​៥​និង​​៣០​នាទី​​ល្ងាច​ថ្ងៃទី​២៣ មីនា នៅ​ចំណុច​​ផ្សារ​​កណ្តាល​​ក្នុងភូមិ​​​គីឡូម៉ែត្រ​​​លេខ​៤ សង្កាត់​ប៉ោយ​ប៉ែត​​ ។​

សាច់​ខូចគុណ​ភាព​ទាំង​នេះ ​រួមមាន​​សាច់​មាន់​​ចម្រុះ​​​៧៦​​គីឡូក្រាម ​និងប្រហិត​​ចម្រុះ​​​៥០​គីឡូក្រាម​ ។ ​ពាក់ព័ន្ធ​​​​សាច់ខូច​គុណភាព​​ដែល​ចាប់​យកទៅដុត​​កម្ទេច​ចោល​​នេះ​ បើ​តាម​​ការ​ឱ្យ​​ដឹង​​ពីលោក​​អ៊ុត​​ សុភាព ប្រធាន​សាខា​កាំកុង​ត្រូល​​​​ខេត្ត​បន្ទាយ​មាន​ជ័យ​បានប្រាប់​​កោះសន្តិ​ភាព​​ថា ​សាច់ទាំង​នេះ​ត្រូវ​​បានរកឃើញ​​ក្រោយ​ពេល​​ឆែកឆេរ​​រថយន្តមួយគ្រឿង​ម៉ាក​​អ៊ីស៊ុយ​ហ្ស៊ុយ ចង្កូតស្តាំ​ មួយបាំង​កន្លះ ដែល​ក្រុមរបស់​​​លោក​សហ​ការ​គ្នា​ជាមួយ​មន្ត្រី​​គយ និង​រដ្ឋាករ​​ស្ទាក់​ចាប់​បាន ។​

លោក​​អ៊ុត ​សុភាព បន្ត​ថា ​ក្រោយ​​ពេល​ការ​ចាប់​រថយន្ត​មួយគ្រឿង​​ខាងលើ គឺ​បាន​នាំ​​យក​ទៅ​​ស្នាក់ការ​​​គយ និង​រដ្ឋាករ​​ច្រកទ្វារ​អន្តរជាតិ​​ប៉ោយ​ប៉ែត​​ ហើយ​​​មិនមែន​​​មានតែ​​​សាច់មាន់​ខូច​គុណ​ភាព​​ប៉ុណ្ណោះ​ទេ នៅលើ​រថយន្តនោះ​​ក៏មាន​ទាំង​ទឹក​ក្រូច​​ជា​ច្រើនយួរ​​ដែលពុំ​ទាន់​បង់ពន្ធ​​​ផង​ដែរ​ ប៉ុន្តែ​​លោក​ប្រាប់​ថា ទឹកក្រូច​​ទាំង​នោះត្រូវ​រក្សា​​ទុក​នៅស្នាក់​ការ​គយ ដើម្បីធ្វើ​​ការ​ពិនិត្យ​​តាម​​ជំនាញ​ ។ ​លោក​អ៊ុត សុភាព ​បញ្ជាក់​ថា ​សាច់​ខូច​គុណ​ភាព​​ទាំង​នោះ​ត្រូវ​បាន​​កម្លាំង​​​សហការ​ជាមួយ​ជំនាញ​​​ពាក់ព័ន្ធ​​យក​ទៅ​ដុត​កម្ទេច​​ចោល ​ឯ​រថ​យន្ត និងម្ចាស់​ទំនិញ​​​​ត្រូវបាន​ធ្វើសំណុំរឿង​​ និង​បញ្ជូន​ខ្លួនទៅ​​សាលា​ដំបូង​ខេត្ត​​​ដើម្បីចាត់​វិធាន​ការ​​តាមផ្លូវច្បាប់ ៕​